ព័ត៌មានជាតិ
ផ្លូវទៅកំពតជិះទៅមកលែងស្ទះ ស្រោចកៅស៊ូ AC រលោងស្អាត មកដល់ពេលនេះសម្រេចបាន ៩៨%
កំណាត់ផ្លូវជាតិលេខ ៣ ពីចោមចៅដល់ក្រុងកំពតសម្រេចការសាងសង់បាន ៩៨ ភាគរយ។ នេះបើតាមលោកហ៊ាង សុទ្ធាយុត្តិ បានថ្លែងប្រាប់កម្ពុជាថ្មីកាលពីរសៀលម្សិលមិញនេះ។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យនិងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា កំណាត់ផ្លូវជាតិ ៣ ប្រវែង ១៣៥ គីឡូម៉ែត្រ ត្រូវបានស្ថាបនាឡើងដោយគិតគូរខ្ពស់លើគុណភាព សោភ័ណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ដងផ្លូវ។

ផ្លូវនេះត្រូវបានសាងសង់ ដោយមានសួនពុះកណ្ដាលទ្រូងផ្លូវពីចោមចៅទៅដល់បែកគូស បែងចែកចរាចរណ៍ទាំងពីរទិស សម្រួលការធ្វើដំណើរ កាត់បន្ថយការគ្រោះថ្នាក់។ នៅលើផ្លូវនេះមានបំពាក់ជញ្ជីងថ្លឹងរថយន្តទាំងក្រោមដី (High Speed) និងតាមស្ថានីយ (Low Speed) ដើម្បីការពារការដឹកលើសទម្ងន់ រួមទាំងកាមេរ៉ាចាប់ល្បឿនសម្រាប់ត្រួតពិនិត្យការបើកបរលើសល្បឿនកំណត់។
លោកហ៊ាង សុទ្ធាយុត្តិ បន្តថា ការស្ថាបនាផ្លូវនេះយកចិត្តទុកដាក់លើបច្ចេកទេសគុណភាព ព្រោះជាផ្លូវដ៏សំខាន់សម្រាប់បម្រើវិស័យទេសចរណ៍ទៅខេត្តកំពត ខណៈលើកំណាត់ផ្លូវនេះក៏មានរោងចក្រសហគ្រាស និងអាជីវកម្មជាច្រើន ត្រូវបានពង្រីកធំទូលាយ ជួយបង្កើនប្រសិទ្ធភាពដឹកជញ្ជូនបានឆាប់រហ័ស ជាពិសេសភ្ជាប់ទៅកាន់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ។
ការស្ថាបនាផ្លូវជាតិលេខ ៣ ប្រវែងជាង ១៣០ គីឡូម៉ែត្រ ក៏មានរៀបចំចំណតយានយន្តនៅតាមទីប្រជុំជន និងផ្លូវបត់ប្តូរទិស ដែលអាចកាត់បន្ថយការកកស្ទះ។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ៣ មានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ ចាប់ពីភ្នំពេញ(ចោមចៅ) ដល់ក្រុងកំពត ដោយឆ្លងកាត់រាជធានីភ្នំពេញប្រវែង ១២គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១១គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៣០គីឡូម៉ែត្រ ខេត្តតាកែវ ប្រវែង ៣០គីឡូម៉ែត្រ និងខេត្តកំពត ប្រវែង ៥១គីឡូម៉ែត្រ។ ការស្ថាបនាផ្លូវនេះមានពីរកំណាត់ ដោយក្នុងនោះ ប្រវែង៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅ ដល់បែកគុស ត្រូវសាងសង់ជា ៤ គន្លង និងចាប់ពីបែកគូសដល់ទីរួមខេត្តកំពត ប្រវែង ៦៥ គីឡូម៉ែត្រ ត្រូវសាងសង់ជា ២គន្លង ដោយក្រាលបេតុងកៅស៊ូ (AC)។ ការស្ថាបនាផ្លូវនេះប្រើកញ្ចប់ថវិកាប្រមាណជាង ២១៩ លានដុល្លារអាមេរិក ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០១៨ និងបានបញ្ចប់មុនគម្រោងប្រមាណ ១ ឆ្នាំ អាចរួចរាល់ទាំងស្រុងនាឆ្នាំ២០២១ នេះ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


