ព័ត៌មានជាតិ
ការប្រឡងឌីប្លូម និងបាក់ឌុបឆ្នាំនេះត្រូវឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ និងតម្លាភាពដដែល
ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាបានអះអាងថា ការប្រឡងឌីប្លូម និងបាក់ឌុបនៅឆ្នាំនេះត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។ ក្រសួងអប់រំបានកំណត់កាលបរិច្ឆេទសម័យប្រឡងឌីប្លូមថ្នាក់ជាតិ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងសម័យប្រឡងបាក់ឌុបថ្នាក់ជាតិ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១។

ថ្លែងប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី១៨មិថុនានេះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានលើកឡើងពីទិដ្ឋភាពចំនួនពីរ ទី១ ការប្រឡងឌីប្លូម និងបាក់ឌុបថ្នាក់ជាតិសម្រាប់សាលារដ្ឋ និងសាលាឯកជនដែលមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯង និង ទី២ ការប្រឡងឌីប្លូម និងបាក់ឌុបសម្រាប់សាលាឯកជន។
លោក រស់ សុវាចា បានពន្យល់ថា ១ ក្រសួងអប់រំ យុវជន និងកីឡា កំណត់ការប្រឡងថ្នាក់ជាតិសម្រាប់សាលារដ្ឋ និងសាលាឯកជនដែលមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯងដែលសម័យប្រឡងឌីប្លូមថ្នាក់ជាតិ គឺ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ដោយ ក្រសួងអប់រំ យុវជននិងកីឡា ប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងជូនដល់គ្រឹះស្ថានមធ្យមសិក្សានីមួយៗរៀបចំការប្រលង។
ចំណែក មន្ទីរអប់រំ យុវជន និងកីឡា មានភារកិច្ចបញ្ជូនបុគ្គលិកអប់រំនៅការិយាល័យជំនាញដើម្បីត្រួតពិនិត្យតាមមណ្ឌលប្រឡងមួយចំនួនក្នុងករណីចាំបាច់។
ចំពោះសម័យប្រឡងបាក់ឌុបថ្នាក់ជាតិ គឺ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១វិញ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ត្រូវធ្វើសំណើរមណ្ឌលប្រឡងបាក់ឌុបជូនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យ និងសម្រេចតាមឋានានុក្រម។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជននិងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍នៅរសៀលថ្ងៃទី១៨ មិថុនាថា ក្រសួងកំណត់ការបរិច្ឆេទការប្រឡងនឹងគឺដំណើរការប្រឡងដូចសព្វមួយដង ដោយមានការបែងចែកមណ្ឌលប្រឡង លេខបន្ទប់តាមអក្ខក្រមតាមត្រកូលអក្សររបស់បេក្ខជននីមួយៗ។ ប៉ុន្តែប្រសិនបើជិតដល់ពេលប្រឡងស្ថានភាពជំងឺកូវីដ-១៩ មិនមានការធូរស្រាលទេ ក្រសួងនឹងចេញព័ត៌មានថ្មី ហើយវិធានការនៃការប្រឡងក្រសួងនឹងធ្វើការណែនាំបន្ថែមទៀត។
លោក រស់សុវាចា បានបន្ថែមថាទី២ ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យសាលាឯកជនរៀបចំការប្រឡងឌីប្លូម និងបាក់ឌុបនៅតាមសាលាឯកជនរៀងៗខ្លួនដែលសម័យប្រឡងឌីប្លូមសាលាឯកជន គឺ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ដោយសាលាឯកជនត្រូវរៀបចំមណ្ឌលប្រឡង បន្ទប់ប្រឡង រួចបញ្ជូនមកក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមន្ទីរអប់រំ យុវជននិងកីឡា រាជធានីខេត្តដើម្បីពិនិត្យនិងសម្រេច។

រីឯសម័យប្រឡងបាក់ឌុបសាលាឯកជន គឺ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ដោយសាលាឯកជនត្រូវរៀបចំមណ្ឌលប្រឡងដាច់ដោយឡែកពីគ្នារវាងថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម រួចបញ្ជូនមកក្រសួងអប់រំ យុវជន និងកីឡាតាមរយៈមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តដើម្បីពិនិត្យនិងសម្រេច។
លោកបាន បញ្ជាក់ថាក្នុងករណីសាលាឯកជនមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯង ត្រូវចូលរួមប្រឡងជាមួយសិស្សនៃសាលារដ្ឋតាមការកំណត់។
យ៉ាងណាក៏ដោយ គ្រឹះស្ថានសិក្សាឯកជនបានបញ្ជាក់រួចហើយថា ពួកគេមិនមានលទ្ធភាពក្នុងការរៀបចំប្រឡងបាក់ឌុបដោយខ្លួនឯងទេតែប្រឡងឌីប្លូមអាចធ្វើបាន។
លោក ហេង វ៉ាន់ដា ប្រធាន សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៨ ខែមិថុនានេះថាគ្រឹះស្ថានសិក្សាឯកជនមិនមានលទ្ធភាពរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបដោយខ្លួនឯងទេដោយសុខចិត្តចូលរួមប្រឡងជាមួយសាលារដ្ឋដែរ។
លោក ហេង វ៉ាន់ដាបានមានប្រសាសន៍ទៀតថា៖ “បើទោះបីជាក្រសួងអប់រំបានអនុញ្ញាតឱ្យគ្រឹះស្ថានឯកជនរៀបចំប្រឡងបាក់ឌុបដោយខ្លួនឯងនៅថ្ងៃទី២៥ខែតុលាឆ្នាំ២០២១ក៏ដោយក៏គ្រឹះស្ថានសិក្សាឯកជនមិនមានលទ្ធភាពរៀបចំធ្វើដែរព្រោះត្រូវចំណាយថវិកាអស់ច្រើនណាស់”។

លោក បានបន្តថាឆ្នាំមុនក្រសួងអប់រំក៏បានឱ្យសាលាឯកជនប្រឡងដោយខ្លួនឯងដែរតែមិនមានសាលាណាមួយធ្វើទេដោយពួកគេសុខចិត្តចូលរួមប្រឡងជាមួយសាលារដ្ឋដែរ។
យ៉ាងណាក៏ដោយ លោក បានបន្តទៀតថាគ្រឹះស្ថានសិក្សាឯកជននីមួយៗបានយល់ព្រមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាមឋមភូមិ ឬឌីប្លូមដោយខ្លួនឯងរៀងៗខ្លួនដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


