ព័ត៌មានជាតិ
សកម្មភាពសង់ខ្ទមយកដីរដ្ឋខុសច្បាប់តាមផ្លូវជាតិលេខ ៧៨ កំពុងរីករាលដាលកាន់តែច្រើន
ស្ទឹងត្រែង៖ ខណៈពេលដែលអាជ្ញាធរកំពុងជាប់ដៃខ្លាំងក្នុងការប្រយុទ្ធប្រឆាំង និងការរាតត្បាតនៃជំងឺកូវីដ-១៩ ជនល្មើសដែលធ្លាប់ធ្វើសកម្មភាពបំពាន និងរំលោភយកដីធ្លីរបស់រដ្ឋ ឬ ដីរបស់ក្រុមហ៊ុនសម្បទាន បានបន្តសកម្មភាពរបស់ខ្លួននៅពេលយប់ កាប់រានព្រៃ សង់ខ្ទមឈើ និងបោះបង្គោលយកដីធ្វើជាកម្មសិទ្ធិរបស់ខ្លួន យ៉ាងសកម្ម។ ជាក់ស្តែងខ្ទមឈើជាច្រើនត្រូវបានសង់ទាំងយប់យកដីរដ្ឋខុសច្បាប់តាមសងខាងផ្លូវជាតិលេខ ៧៨ ចាស់ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ មកដល់ពេលនេះមិនទាន់សមត្ថកិច្ចពាក់ព័ន្ធណាមួយបានចុះបង្រ្កាបនៅឡើយទេ។

ក្នុងពេលថ្មីៗនេះគេសង្កេតឃើញសំណង់ខ្ទមឈើលើដីរបស់រដ្ឋ និងដីរបស់ក្រុមហ៊ុនសម្បទាន ដោយខុសច្បាប់បានរីកដុះដូចផ្សិត ដោយមិនទាន់មានការបង្រ្កាបនៅឡើយ។ សកម្មភាពថ្មី និង តូចៗនេះប្រសិនជាទុកយូរវានឹងរីកធំ ហើយនឹងបង្កឱ្យមានភាពស្មុគស្មាញទៅជាជម្លោះដីធ្លីរវាងប្រជាជន និងរដ្ឋ ឬក្រុមហ៊ុន ដែលរឿងបែបនេះបានកើតមាននៅក្នុងសង្គមកម្ពុជាដោះស្រាយមិនចេះចប់មិនចេះហើយ។
អាជ្ញាធរឃុំនៅទីនោះបានអះអាងថា នៅអមសងខាងផ្លូវជាតិលេខ ៧៨ ចាស់ ពីចំណុចភូមិច្រប់ ទៅភូមិស្រែតាចាន់ ស្ថិតក្នុងឃុំក្បាលរមាសមាន ស្រុកសេសាន មានប្រជាជននាំគ្នាទៅសង់ខ្ទមឈើបន្តគ្នាយ៉ាងអនាធិបតេយ្យដើម្បីយកដីធ្វើជាកម្មសិទ្ធិ។ សកម្មភាពទន្ទ្រានព្រៃសង់ខ្ទមឈើនោះធ្វើឡើងភាគច្រើននៅពេលយប់។

មេឃុំក្បាលរមាស លោក វឿន សម្បត្តិ បានប្រាប់ឱ្យដឹងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ថា ក្រុមអ្នកសង់ខ្ទមឈើភាគច្រើនគឺជាប្រជាជនរដ្ឋក្នុងតំបន់នោះ អ្នកខ្លះមានដីរួចទៅហើយនៅតែចង់បានទៀត។ លោកមេឃុំបានបន្តថា ករណីនេះអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធបានលើកឡើងក្នុងអង្គប្រជុំជាច្រើនដងរួចមកហើយ តែមន្រ្តីជំនាញហាក់ដូចជាមិនមានសកម្មភាពអ្វីនោះទេ។ បើតាមលោកមេឃុំអ្នកទទួលខុសត្រូវលើដីទាំងនេះគឺជាមន្ត្រីរដ្ឋបាលព្រៃឈើ និងក្រុមហ៊ុន សុភ័ក្រ្ត នីកា។
លោក វឿន សម្បត្តិ បានប្រាប់ឱ្យដឹងទៀតថា ក្រុមហ៊ុន សុភ័ក្រ នីកា បន្ទាប់ពីទទួលបានដីសម្បទានសេដ្ឋកិច្ចហើយ ហាក់ដូចជាមិនមានការអភិវឌ្ឍអ្វីនៅចំណុចនេះទេ ហើយក៏មិនបានកាយប្រឡាយព្រំដើម្បីជាសញ្ញាសម្គាល់របស់ក្រុមហ៊ុនដែរ ទើបប្រជាជនចេះតែនាំគ្នាទៅព័ទ្ធយកដី ធ្វើឱ្យអាជ្ញាធរស្មុគស្មាញមានការពិបាកក្នុងការដោះស្រាយ។

ចំណែកលោក អន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងបានបញ្ជាក់ថា ករណីសង់ខ្ទមឈើយកដីដើម្បីធ្វើជាកម្មសិទ្ធិ នៅភូមិសាស្ត្រផ្លូវជាតិលេខ ៧៨ចាស់ ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន សមត្ថកិច្ច និងមន្រ្តីរដ្ឋបាលព្រៃឈើកំពុងស្រាវជ្រាវរកអ្នកនៅពីក្រោយខ្នងបំផុសឱ្យពលរដ្ឋចាប់ដីខុសច្បាប់ ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ ណារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


