ព័ត៌មានជាតិ
ស្តាប់លោក ជិន ម៉ាលីន ឆ្លើយតបឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក រឿងកាត់ក្តីលោក រ៉ុង ឈុន!
សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសសាលក្រមលើសំណុំរឿងលោក រ៉ុង ឈុន ដោយសម្រេចឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ហើយមនុស្ស២នាក់ គឺលោក តុល និមល និងកញ្ញា ស កណិកា ត្រូវជាប់ពន្ធនាគារ១ឆ្នាំកន្លះដែរ ប៉ុន្តែឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានអះអាងថា ការកាត់ក្តីបានធ្វើឲ្យប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិ និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ទាក់ទងការលើកឡើងនេះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងប្រាប់កម្ពុជាថ្មីថា ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនេះ ដូចអត់ផ្អែកទៅលើច្បាប់ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជាទាល់តែសោះ។ លោកបញ្ជាក់ថា “ដំណើរការ និងការកាត់ទោស និងការចោទប្រកាន់នេះ មិនមែនដោយសារតែការអនុវត្តសិទ្ធិសេរីភាពតាមផ្លូវច្បាប់នោះទេ គឺដោយសារតែការប្រព្រឹត្តបទល្មើស ហើយសមត្ថកិច្ចមានភស្តុតាង មានមូលដ្ឋាន សក្ខីកម្មគ្រប់គ្រាន់ ក្នុងការចោទប្រកាន់ និងដំណើរការតាមនីតិវិធីតុលាការ និងការឈានទៅដល់សម្រេចផ្តន្ទាទោស ដូច្នេះបើភាគីណាមួយចង់ជួយ ហើយយល់ថា នោះមិនមែនជាបទល្មើស គឺត្រូវបង្ហាញភស្តុតាងដោះបន្ទុក ប៉ុន្តែការបង្ហាញភស្តុតាងដោះបន្ទុកនេះ វាអត់មាន ទាល់តែសោះ ក្រៅតែពីការចោទប្រកាន់ ដូច្នេះធ្វើម៉េចនឹងអាចដោះបន្ទុកបាន”។

បើតាមលោក ជិន ម៉ាលីន “ភាគីណាក៏ដោយ ដែលចង់ជួយដល់ជនជាប់ចោទ ត្រូវចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការ ហើយបង្ហាញភស្តុតាង សក្ខីកម្មរឹងមាំ ដល់តុលាការ កុំចេះតែធ្វើការចោទប្រកាន់ ហើយអត់មានភស្តុតាងសក្ខីកម្មក្នុងការដោះបន្ទុក ហើយធ្វើការប្ដឹងផ្ដល់ទៅសាលាឧទ្ធរណ៍បន្តទៀត ដើម្បីធ្វើការពារខ្លួនតាមផ្លូវច្បាប់”។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៨ សីហា ២០២១ សាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក លិ សុខា ចៅក្រមជំនុំជម្រះ និងលោក សេង ហៀង ជាតំណាងអយ្យការបានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទចំនួន៣នាក់ ទី១. ជនជាប់ចោទឈ្មោះ រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ដាក់ពន្ធនាគារកំណត់២ឆ្នាំ ពិន័យជាប្រាក់២លានរៀលបង់ចូលថវិការដ្ឋ ទី២. ជនជាប់ចោទឈ្មោះ តុល និមល និងទី៣. ជនជាប់ចោទឈ្មោះ ស កណិការ ភេទស្រី ដាក់ពន្ធនាគារកំណត់ម្នាក់ៗចំនួន២០ខែ និងពិន័យជាប្រាក់បង់ចូលថវិការដ្ឋម្នាក់ចំនួន២លានរៀល ជាប់ចោទពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៤ មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តិនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២០ និង២១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ហើយសាលក្រមនេះ បានសម្រេចឲ្យជនជាប់ចោទទាំង៣នាក់រួមគ្នាសងជំងឺចិត្ត ដល់គណកម្មការព្រំដែនចំនួន៤០០លានរៀល។
ក្រោយពីការសម្រេចក្តីនេះ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានមកអះអាងថា ការកាត់ក្តីបានធ្វើឲ្យប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិ និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ស្ថានទូត លោក W. Patrick Murphy បានបញ្ជាក់យ៉ាងដូច្នេះថា “ការផ្តន្ទាទោសដោយតុលាការ លើលោក រ៉ុង ឈុន ដែលជាមេដឹកនាំសហជីពដ៏គួរឱ្យគោរព នៅថ្ងៃនេះ ធ្វើឲ្យមានការចោទសួរយ៉ាងខ្លាំង ទៅលើសេរីភាពក្នុងការបញ្ចេញមតិ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា និងសារៈសំខាន់នៃដំណើរការលទ្ធិប្រជាធិបតេយ្យ។ ប្រព័ន្ធតុលាការ មិនគួរត្រូវបានគេរំលោភបំពាន ដើម្បីបំបិទសម្លេងសកម្មជនសន្តិភាពទេ”។

គួររំលឹកថា លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យផងនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីចុងខែកក្កដា ឆ្នាំ២០២០ និងត្រូវបានតុលាការចោទប្រកាន់ពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ”។ ពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក រ៉ុង ឈុន នេះ យ៉ាងតិចណាស់ មានសកម្មជនជាង១០ នាក់ផ្សេងទៀត ក៏ត្រូវបានចាប់ និងឃុំខ្លួនផងដែរ។ ការចាប់ខ្លួនត្រូវបានធ្វើឡើង ក្រោយពីលោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍មួយក្នុងនាមជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា តាំងពីថ្ងៃទី២១ ខែកក្កដា ដែលបានចោទប្រកាន់ថា “ការបោះ បង្គោលព្រំដែនលេខ១១៤ ដល់១១៩ មានភាពមិនប្រក្រតីច្រើន ដែលធ្វើឲ្យពលរដ្ឋបាត់បង់ដី” ទៅភាគីវៀតណាមជាច្រើនរយហិកតានៅឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាដីដូនតាកសិករខ្មែរ។
សេចក្តីថ្លែងការណ៍របស់លោក ត្រូវបានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនបានប្រកាសច្រានចោល និងបានចោទថា សេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន ជាព័ត៌មានមិនពិត និងបំផ្លើស ដែលមានចេតនាទុច្ចរិត និងស្នើសមត្ថកិច្ចចាត់ វិធានការតាមផ្លូវច្បាប់លើជនទាំងឡាយណា ដែលមានចេតនាចង់បំពានយកដីរដ្ឋទាំងនោះ ដោយបង្កើតព័ត៌មានក្លែងក្លាយ៕
ដោយ ៖ កោះកែវ




-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


