ព័ត៌មានជាតិ
ណាហ្គាវើលដ៍បេះដូងសប្បុរស ទទួលបានកិត្តិយសសម្រាប់កម្មវិធីការងារសង្គម ដែលជួយគាំទ្រដល់ការសិក្សារបស់កុមារ
ការអប់រំ មានសារសំខាន់ណាស់សម្រាប់ការអភិវឌ្ឍកុមារ។ ការអប់រំមួយដ៏ល្អ ជួយអប់រំ ផ្តល់ព័ត៌មាន និងធ្វើឲ្យកុមារចេះគិតពិចារណាដោយមានហេតុផល។ ដូចទស្សនវិទូបុរាណម្នាក់ បានពោលថា “ប្រសិនបើផែនការរបស់អ្នក សម្រាប់រយៈពេលមួយឆ្នាំ អ្នកត្រូវស្ទូងស្រូវ។ ប្រសិនបើអ្នកផែនការរបស់អ្នក សម្រាប់ដប់ឆ្នាំ អ្នកត្រូវដាំដើមឈើ។ ប្រសិនបើផែនការរបស់អ្នក សម្រាប់ ១០០ ឆ្នាំ អ្នកត្រូវផ្តល់ការអប់រំដល់កុមារ”។

ដោយសារការអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានបន្តគំនិតផ្តួចផ្តើមរបស់ខ្លួនជាងពីរឆ្នាំកន្លងទៅនេះ ដើម្បីជួ យលើកកម្ពស់ការសិក្សារបស់កុមារដោយផ្តល់សម្ភារសិក្សា និងមេរៀនអប់រំជាច្រើននៅតាមសាលារៀនជាច្រើននៅក្នុងប្រទេសកម្ពុជា។
បន្ទាប់មក ក្រសួងអប់រំ យុវជន និងកីឡា បានទទួលស្គាល់ការឧបត្ថម្ភគាំទ្រ និងឥទ្ធិពលវិជ្ជមានរបស់ណាហ្គាវើលដ៍បេះដូងសប្បុរសមកលើវិស័យអប់រំក្នុងប្រទេសកម្ពុជានៅក្នុងពិធីពិសេសមួយដែលបានធ្វើឡើងនៅក្រសួងក្រោមអធិបតីភាពលោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដែលបានប្រគល់លិខិតថ្លែងអំណរគុណ និងមេដាយតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាដល់នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen និងមន្ត្រីតំណាងក្រុមហ៊ុន។
លិខិតថ្លែងអំណរគុណ និងមេដាយ ត្រូវបានប្រគល់បន្ទាប់ពីណាហ្គាវើលដ៍បេះដូងសប្បុរសបានបំពេញកាតព្វកិច្ចដោយជោគជ័យពាក់ព័ន្ធនឹងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០១៩សម្រាប់កម្មវិធីចែកសម្ភារសិក្សា និងការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអគ្គិភ័យ។ មានសិស្សានុសិស្សប្រមាណ ២៥.៣៨៥ នាក់ទៅទូទាំង ១១ ខេត្ត បានទទួលប្រយោជន៍ពីសកម្មភាពដែលបានធ្វើឡើងក្នុងឆ្នាំ២០១៩។
លោកស្រី ឃុន រចនា បានមានប្រសាសន៍ថា «តំណាងឲ្យឯកឧត្តមរដ្ឋមន្ត្រីបណ្ឌិតសភាចារ្យ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការឧបត្ថម្ភគាំទ្រ និងការសហការយូរអង្វែងរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនេះ និងសូមអបអរសាទរដល់ស្នាដៃដែលណាហ្គាវើលដ៍បេះដូងសប្បុរសបានធ្វើ ៣ ឆ្នាំកន្លងទៅនេះជាមួយក្រសួងអប់រំ យុវជន និងកីឡា។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ណាហ្គាវើលដ៍បេះដូងសប្បុរសផងដែរចំពោះការឧបត្ថម្ភម៉ាស់ ជែលលាងដៃ និងអាល់កុលដល់ក្រសួងកាលពីខែមេសា ឆ្នាំ ២០២០ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩»។

សូមបញ្ជាក់ផងដែរថា ក្រសួងអប់រំ យុវជន និងកីឡា និងណាហ្គាវើលដ៍បេះដូងសប្បុរស បានបន្តអនុស្សរណៈនៃការយោគយល់គ្នាដែលអនុញ្ញាតឲ្យកម្មវិធីចែកសម្ភារសិក្សាបន្តរហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២។ បុគ្គលិកស្ម័គ្រចិត្តរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស នឹងធ្វើដំណើរទៅកាន់សាលាបឋមសិក្សា ៦០ នៅក្នុងខេត្ត ១២ ដើម្បីចែកសម្ភារសិក្សាចាំបាច់ដល់សិស្សានុសិស្សពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ដោយមានបន្ថែមខេត្តពោធិ៍សាត់ទៅក្នុងបញ្ជីផងដែរ។ កម្មវិធីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអគ្គិភ័យ ក៏ត្រូវបានពង្រីកទៅកាន់សាលារៀននៅក្នុងខេត្ត ៥ ផងដែរដោយមានបន្ថែមខេត្តកំពង់ចាម។
នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានឲ្យដឹងថា «ណាហ្គាវើលដ៍ មានកិត្តិយសយ៉ាងខ្លាំងដែលបានបន្តការសហការជាមួយក្រសួងទៅលើគំនិតផ្តួចផ្តើមដើម្បីជួយលើកកម្ពស់វិស័យអប់រំ។ ដូចអ្នកប្រាជ្ញជនជាតិបារាំង Anatole France បានពោលថា “ការលើកទឹកចិត្ត មានសារសំខាន់ណាស់សម្រាប់ការអប់រំ។ ជាមួយនឹងការផ្តល់សម្ភារសិក្សាដល់សិស្សទូទៅ និងកាតាបដល់សិស្សពូកែ មានន័យថា យើងបានលើកទឹកចិត្តពួកគេឲ្យកាន់តែប្រឹងប្រែងរៀនសូត្រ និងទទួលបានលទ្ធផលសិក្សាកាន់តែប្រសើរដែលនឹងផ្តល់ឲ្យពួកគេមានឱកាសទទួលបានអនាគតកាន់តែភ្លឺស្វាង»។
លោក Pern Chen បានធ្វើការកត់សម្គាល់ផងដែរថា កម្មវិធីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអគ្គិភ័យ បានផ្តល់ចំណេះដឹងសំខាន់ៗស្តីពីវិធីកាត់បន្ថយហានិភ័យអគ្គិភ័យ វិធីបង្ការ និងវិធីដោះស្រាយនៅពេលមានបញ្ហាអគ្គិភ័យនៅក្នុងផ្ទះ និងអគារ។ បំពង់ពន្លត់អគ្គិភ័យចំនួន ៦៣ ត្រូវបានឧបត្ថម្ភដល់សាលារៀន និងសហគមន៍ព្រមទាំងមានការផ្តល់ការបង្ហាញអំពីវិធីប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ និងវិធីពន្លត់អគ្គិភ័យផងដែរ។ លោក Pern Chen បានបន្ថែមថា កម្មវិធីចុះទៅតាមសាលារៀនរបស់យើង គឺជាផ្នែកស្នូលនៃកម្មវិធីលើកកម្ពស់វិស័យអប់រំ ដែលជាសសរស្ដម្ភមួយក្នុងចំណោមសសរស្តម្ភសំខាន់ទាំង ៤ របស់យើងខណៈសសរស្ដម្ភ ៣ ទៀត ផ្តោតទៅលើ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ ចាប់តាំងពីឆ្នាំ២០១៤ មក សកម្មភាពរបស់យើង បានជួយលើកកម្ពស់ជីវិតរស់នៅរបស់ប្រជាជនកម្ពុជាជាង ៤៥៦.០០០ នាក់ជាពិសេសកុមារ។

ណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ ២០១៤ ដោយបុគ្គលិកដែលមានការគាំទ្រពីក្រុមហ៊ុនដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្តសម្រាប់សង្គមកម្ពុជាដោយផ្តោតទៅលើសសរស្ដម្ភ ៤ គឺការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ មកដល់បច្ចុប្បន្ន មានកុមារ និងប្រជាជននៅក្នុងសហគមន៍ជាង ៤៥៦.០០០ នាក់បានទទួលប្រយោជន៍ពីកម្មវិធីទាំងនេះ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ