Connect with us

ព័ត៌មានជាតិ

​ទិវាមួយម៉ោង​សម្រាប់ភពផែនដី​​ កាន់តែមាន​សន្ទុះ​គាំទ្រ​ច្រើនឡើង​

បានផុស

នៅ

ទិវាមួយម៉ោងសម្រាប់ភពផែនដីគឺជាយុទ្ធនាការបរិស្ថានដ៏ធំមួយនៅលើពិភពលោកដែលបានចាប់បដិសន្ធិឡើងដោយការរួមកំលាំងពីប្រជាជនជុំវិញសកលលោក។

ក្នុងឆ្នាំនេះ ការចូលរួមមានសន្ទុះ​កាន់តែខ្លាំង​ឡើងពីសំណាក់ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា សហគមន៍ ក្រុមយុវជន គ្រឹះស្ថាន​សាធារណៈ និងឯកជន អង្គការអន្តរជាតិ ស្ថាប័នព័ត៌មាន និងប្រជាពលរដ្ឋកម្ពុជានៅទូទៅប្រទេស ដើម្បីសំដែងសកម្មភាពនិងឆន្ទៈក្នុងការរួមចំណែកកសាងអនាគតមួយប្រកបដោយសុខុមាលភាព និងសុខភាពល្អប្រសើរសម្រាប់គ្រប់ៗគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «ទិវាមួយម៉ោងសម្រាប់ភពផែនដីគឺជាឱកាសល្អមួយសម្រាប់យើងទាំងអស់គ្នាបង្ហាញពីការយកចិត្តទុកដាក់ចំពោះធម្មជាតិ និងបរិស្ថានក៏ដូចជាប្រាប់ដល់អ្នកដទៃទៀត​ឱ្យបានយល់ពីសារៈសំខាន់នៃ​ធនធាន​ធម្មជាតិចំពោះជីវិតនៅលើភពផែនដី ព្រមទាំងចូលរួមស្វែងរកដំណោះស្រាយចំពោះបញ្ហា​ប្រឈមជាច្រើនដែលកំពុងកើតឡើងនាពេលបច្ចុប្បន្នជាពិសេសការប្រែប្រួលអាកាធាតុ ការខូចខាត​ប្រព័ន្ធ​អេកូឡូស៊ីដែលជាកត្តាគំរាមកំហែងសកលដល់មនុស្ស និងធម្មជាតិ។ ទិវានេះផ្តល់ឱកាសសម្រាប់យើងចូលរួមអបអរ ក៏ប៉ុន្តែវាក៏ជាពេលដែលយើងត្រូវបង្ហាញ​ឆន្ទៈដ៏មោះ​មុត​ចំពោះការការពារបរិស្ថាន និងធនធានធម្មជាតិជាតិផងដែរ ហើយការការពារបរិស្ថាន និងអភិរក្ស​ធន​ធានធម្មជាតិនេះមិនមែនធ្វើត្រឹមរយៈពេល ១ ម៉ោងនៃការប្រារព្ធទិវានេះទេ គឺយើងត្រូវ​ធ្វើជា​ប្រចាំ»។ 

សិល្បៈករ និងសល្បៈការនីដែលពោរពេញដោយប្រជាប្រិយភាពដូចជា កញ្ញា មាស សុខសោភា កញ្ញា Adda កញ្ញា នាង សុវឌ្ឍនា ដែលត្រូវបានគេស្គាល់ថាឌីជេ ណាណា និងលោក សាយ សុទ្ធ​បាន និងកំពុងចូលរួមក្នុងចលនានៃទិវានេះដើម្បីលើក​កម្ពស់ការយល់ដឹងឱ្យកាន់តែ​ទូលំទូលាយ​អំពីសារៈ​សំខាន់នៃធម្មជាតិសម្រាប់សុខភាព និងសុខុមាលភាពរបស់មនុស្ស បរិស្ថាន ក៏ដូចជា​ចូលរួម​ឃោសនាបន្ថែមទៀតក្នុងចំណោមមហាជនទូទៅ ក៏ជាអ្នកគាំទ្រខ្លួនពីភាពចាំបាច់​ក្នុងការរៀប​ចំនូវអនាគតដ៏ល្អប្រសើរមួយសម្រាប់មនុស្ស និងធម្មជាតិ។

កញ្ញា មាស សុខសោភា ជាតារាចម្រៀងដ៏ល្បីនៅកម្ពុជាបាននិយាយថា៖​«ធម្មជាតិអំពាវនាវឱ្យមាន​យើងបង្ហាញឆន្ទៈនិងធ្វើសកម្មភាពរួមគ្នា។ ប្រសិនបើយើងមិនរួមចំណែកជាវិធាននាពេលនេះទេ មនុស្សជាតិ សត្វព្រៃ និងភពផែនដីដែលយើងស្រលាញ់ នឹងទទួលរងទុក្ខកាន់តែខ្លាំងឡើងជាង​ស្ថានភាពដែលបានកើតឡើងរួចមកហើយនោះថែមទៀត។» កញ្ញាបានបន្ថែមទៀតថា៖ «ឥឡូវនេះហើយគឺជាពេលដែលយើងត្រូវធ្វើសកម្មភាពឆ្ពោះទៅកសាងសង្គម និងភពផែន​ដីមួយ​ប្រកប​ដោយនិរន្តរភាពសម្រាប់គ្រប់គ្នា។»

ឆ្នាំនេះ គឺជាឆ្នាំទី១៣ហើយដែលកម្ពុជាបានចូលរួមប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី ហើយគេ​សង្កេតឃើញកិច្ចខិតខំប្រឹងប្រែង និងសកម្មភាពក្នុងការការពារបរិស្ថានមាន​ការកើនឡើង​ពីសំ​ណាក់​សហគមន៍ និងរដ្ឋាភិបាល។ ទោះជាយ៉ាងណាក៏ដោយ គេចាំបាច់ត្រូវរៀបចំនូវវិធានការរួមគ្នា​បន្ថែម​ទៀត​ពីគ្រប់ភាគីទាំងអស់ដើម្បីកសាងអនាគតមួយដែលមានសុវត្ថិភាព​ ប្រកបដោយភាពធន់ និង​និរន្តរភាព។

តាមរយៈកម្មវិធីទាំងមូលនៃទិវាមួយម៉ោងសម្រាប់ភពផែនដីដែលយុទ្ធនាការឃោសនាតាមប្រព័ន្ធឌីជីថលកំពុងដំណើរការនាពេលនេះ ក៏ដូចជាពិធីធំដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២ ក្នុងក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីខាងមុខនេះ យើងសូមអំពាវនាវឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់ចូលរួមចែករំលែកគំនិត និងជជែកអំពីសារៈសំខាន់នៃធម្មជាតិ និងមករួមសាមគ្គីគ្នា​ជាធ្លុង​មួយដើម្បីបង្ហាញឆន្ទៈ និងភាពខ្វល់ខ្វាយចំពោះសុខុមាលភាពរបស់ធម្មជាតិ ភពផែនដី ក៏ដូចជារបស់​យើងទាំងអស់។

លោក សេង ទៀក នាយកអង្គការWWF បានមានប្រសាសន៍ថា៖ «ធនធានធម្មជាតិព្រមទាំងប្រព័ន្ធ​អេកូឡូស៊ីផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ទ្រទ្រង់ដល់ការរស់នៅរបស់មនុស្ស សត្វ និងជីវៈចម្រុះគ្រប់​ប្រភេទ ខណៈវាក៏ជាធាតុដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាពផងដែរ។ ការថែរក្សាការពារធនធានធម្មជាតិ និងភពផែនដីដែលជាផ្ទះរួមរបស់យើង គឺជាកាតព្វកិច្ចរបស់​យើងទាំងអស់គ្នា។ រួមគ្នាយើងអាចកសាងអនាគតមួយដែលមនុស្ស និងធម្មជាតិអាចរស់​នៅបាន​ដោយសុខដុមរមនាជាមួយគ្នា។»

ការបិទភ្លើងមួយម៉ោងនាម៉ោង៨៖៣០នាទីយប់ នៅថ្ងៃសៅរ៍ចុងក្រោយនៃខែមីនា បានក្លាយ​ជាសកម្មភាព​និមិត្តរូប​សកលមួយចាប់តាំងពីព្រឹត្តិការណ៍​ប្រចាំឆ្នាំមួយ​នេះបានចាប់​កំណើត​ឡើងក្នុង​ឆ្នាំ២០០៧ នៅទីក្រុងស៊ីដនីនៃប្រទេសអូស្រ្តាលីមកម្ល៉េះ ដែលពេលនោះទិវា​នេះត្រូវបានធ្វើឡើង​ដើម្បីផ្សព្វផ្សាយ​អំពីផលប៉ះពាល់នៃការប្រើប្រាស់​ភ្លើងអគ្គិសនីទៅលើបរិស្ថាន។

តាមរយៈការបិទ​ភ្លើងមួយម៉ោងនេះ ប្រជាជននៅលើពិភពលោកបង្ហាញឆន្ទៈ និ​ងចូលរួមចំណែក​លើកកម្ពស់ការ​យល់ដឹងជាសកល ជម្រុញការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន​ក្នុងការប្រើប្រាស់ថាម​ពលអគ្គីសនី ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីការឡើងកំដៅផែនដី។

ទិវាមួយម៉ោងសម្រាប់ភពផែនដីបានក្លាយជាចលនាដើម្បីបរិស្ថានធំជាងគេមួយនៅលើសកលលោក ដែលវាបានបំផុសការចូលរួមពីបុគ្គលម្នាក់ៗ សហគមន៍ គ្រឹះស្ថានរដ្ឋ និងឯកជន និងស្ថាប័ននានា​នៅក្នុងប្រទេសជាង១៩០ប្រទេសឲ្យចូលរួមធ្វើសកម្មភាពដើម្បីបរិស្ថានសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន។

នៅពេលចាប់ផ្តើមដំបូង ទិវាមួយម៉ោងសម្រាប់ភពផែនដីផ្តោត​លើវិបិត្តនៃ​បម្រែបម្រួលអាកាស​ធាតុ។ ប៉ុន្តែនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទិវាសកលលោកមួយនេះបានផ្តោតលើបញ្ហា​នៃការ​បាត់បង់​ធនធានធម្មជាតិជាសំខាន់ ក្នុងគោលបំណងដើម្បីបង្កើតជាចលនាសកលមួយ​ដែលមាន​ភាពតជាប់គ្នាឥតដាច់សម្រាប់ឈានទៅសម្រេចឲ្យបាននូវនិរន្តរភាពនៃធម្មជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

​សមាគមទម្លាក់ការព្យាករណ៍​ ទិន្ន​ផលផលិតកម្មអំបិលក្រោម ១០ ម៉ឺនតោន ដោយសារអា​កាសធាតុ​

ជីវិតកម្សាន្ដ១៩ នាទី មុន

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

ព័ត៌មានជាតិ២៥ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម២៦ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

ព័ត៌មានជាតិ៣០ នាទី មុន

ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់

Sokha Hotels

ព័ត៌មានពេញនិយម