ព័ត៌មានជាតិ
មកដឹងពីរបៀបកាត់ពិន្ទុលើប័ណ្ណបើកបរដែលល្មើសច្បាប់ចរាចរណ៍គ្រោងសាកល្បងនៅខែកញ្ញានេះ
ក្រសួងសាធារណការ និងដឹកជញ្ជូនសហការជាមួយអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃបានរៀបចំនីតិវិធីអនុវត្តការកាត់ពិន្ទុលើប័ណ្ណបើកបរតាមរយៈកម្មវិធីនៅលើទូរស័ព្ទដៃស្មាតហ្វូនដើម្បីពង្រឹងការអនុវត្តច្បាប់ចររាចរណ៍ផ្លូវគោក។

កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះត្រូវបានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនឹងដាក់ឱ្យដំណើរការ និងអនុវត្តសាកល្បងចាប់ពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២២ និងអនុវត្តពេញលេញចាប់ពីថ្ងៃទី០១ខែមករា ឆ្នាំ២០២៣។
បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ធ្លាប់បានមានប្រសាសន៍ថា នីតិវិធីនៃការកាត់ពិន្ទុប័ណ្ណបើកបរនឹងត្រូវធ្វើឡើងតាមរយៈកម្មវិធីនៅលើទូរស័ព្ទដៃស្មាតហ្វូន ដែលអនុញ្ញាតឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការដកពិន្ទុបណ្ណបើកបរដោយស្វ័យប្រវត្តិ និងជូនដំណឹងទៅកាន់ស្ថាប័នចេញបណ្ណបើកបរ និងម្ចាស់បណ្ណដែលប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោក។

លោកទេសរដ្ឋមន្ត្រីបានបន្តថា កម្មវិធីនេះអាចចាប់យករូបភាពយានយន្តដែលបើកបរល្មើសនឹងច្បាប់ដោយការស្កេនលើប័ណ្ណបើកបរដើម្បីកាត់បន្ថយពិន្ទុចំពោះអ្នកបើកបរយានយន្តខុសច្បាប់ទៅតាមស្ថាននៃបទល្មើសដូចជា៖ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញាជាដើម។
យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានកំណត់ឱ្យគ្រប់ប័ណ្ណបើកបរត្រូវមានពិន្ទុសរុប១២ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវកាត់បន្ថយទៅតាមស្ថាននៃការប្រព្រឹត្តបទល្មើសចរាចរណ៍ចាប់ពី១ពិន្ទុដល់៦ពិន្ទុ ហើយក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបរត្រូវទុកជាមោឃៈ បើអ្នកបើកបរចង់បានបណ្ណបើកបរថ្មី ត្រូវរៀននិងប្រឡងយកប័ណ្ណបើកបរឡើងវិញក្នុងរយៈពេលយ៉ាងតិច៦ខែ គិតចាប់ ពីថ្ងៃដែលប័ណ្ណបើកបរត្រូវទុកជាមោឃៈ។

យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកចុះនៅថ្ងៃទី០៩សីហាបានឱ្យដឹងថាការដកពិន្ទុប័ណ្ណបើកបរ និងការពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកត្រូវបានអនុវត្តដោយឧបករណ៍បច្ចេកទេស ដើម្បីកត់ត្រាព័ត៌មានរក្សាទុកក្នុងប្រព័ន្ធ។ ដូចនេះសូមអ្នកបើកបរយានយន្តគ្រប់រូបយកតាមខ្លួននូវប័ណ្ណបើកបរយានយន្ត(ច្បាប់ដើម) ដើម្បីផ្តល់ជូនសមត្ថកិច្ចត្រួតពិនិត្យ និងអនុវត្តការដកពិន្ទុក្នុងករណីមានការប្រព្រឹត្តល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ចំពោះការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក (អាចបង់ប្រាក់នៅតាមបញ្ហារទ្រូម៉ាន់នីឬភ្នាក់ងារទ្រូម៉ាន់នី ឬ តាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រុមហ៊ុនទ្រូម៉ាន់នី (TrueMoney MobileApp) បន្ថែមលើការបង់ប្រាក់ដោយផ្ទាល់នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


