ព័ត៌មានជាតិ
ទេសចរផ្ទៃក្នុង បានជួយដល់វិស័យទេសចរណ៍កម្ពុជា
លោក ជុក ជំនោ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់កម្ពុជាថ្មី ថា ជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងបានធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ក្នុងតំបន់ ក៏ដូចជាប្រទេសកម្ពុជាផងដែរ គឺបានធ្វើឱ្យថយចុះយ៉ាងខ្លាំង ជាពិសេសការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ តាមរយៈការបិទជើងហោះហើរ និងវិធានការបិទនៅតាមបណ្ដាប្រទេសជាច្រើន។
ទោះជាយ៉ាងណា លោកបានអះអាងថា នៅប្រទេសកម្ពុជា ទោះបីជាមានការធ្លាក់ចុះភ្ញៀវទេសចរអន្តរជាតិ តែចលនាទេសចរក្នុងស្រុក បានចូលរួមចំណែកខ្លះដែរ នៅក្នុងការទ្រទ្រង់ទំហំ នៃវិស័យទេសចរណ៍ក្រោយពីមានការធ្លាក់ចុះ នៃភ្ញៀវបរទេសនេះ។
លោកអះអាងថា អ្នកទេសចរក្នុងស្រុកមិនមានការកើនឡើងទេ នៅក្នុងដំណាក់កាល នៃការរីករាលដាលនៃជំងឺកូវីដ-១៩ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ កន្លងមក ប៉ុន្តែបានចូលរួមចំណែកខ្លះ ដោយសារមិនមានការធ្លាក់ចុះខ្លាំង ហើយបើតាមការព្យាករណ៍បឋម ភ្ញៀវទេសចរក្នុងស្រុក មានការធ្លាក់ចុះពីប្រមាណទៅ១៥ ទៅ២០ភាគរយប៉ុណ្ណោះ (ភ្ញៀវទេសចរក្នុងស្រុក បូកជាមួយជនបរទេស និងអង្គទូតជាដើម ដែលរស់នៅក្នុងប្រទេសកម្ពុជា)។ ដូច្នេះតាមតួលេខ ថ្វីត្បិតតែមានការថយចុះ ប៉ុន្តែវាស្ថិតនៅក្នុងរង្វង់មួយ ដែលអាចជួយប្រតិបត្តិករផ្នែកឯកជន ឲ្យមានដង្ហើមសេដ្ឋកិច្ចខ្លះ ខណៈពេលដែលមានការថមថយផ្នែកទេសចរណ៍អន្តរជាតិនេះ។

បើតាមលោក ជុក ជំនោ ភ្ញៀវទេសចរក្នុងស្រុកភាគច្រើន ពួកគាត់បានអញ្ជើញទៅលេងខេត្តគោលដៅមួយចំនួនដូចជាខេត្តកែប ខេត្តកំពត និងខេត្តភាគឦសាន ដូចជា មណ្ឌលគិរី រតនគិរី គឺពួកគាត់បានធ្វើដំណើរទៅលេងតំបន់ទាំងនោះច្រើនគួរសម ច្រើនជាងតំបន់ផ្សេងទៀត។

លោកថា ខណៈមានការរីករាលដាល នៃជំងឺកូវីដ-១៩ នេះ ក៏មានការកើនឡើងនូវភ្ញៀវទេសចរក្នុងស្រុក ទៅកាន់តំបន់ទេសចរណ៍ផ្សងព្រេង ដោយពួកគាត់រៀបចំបែបសកម្មភាពទេសចរផ្សងព្រេង សកម្មភាពទេសចរបោះតង់ សកម្មភាពទេសចរណ៍ឡើងភ្នំ គឺមានការផុសផុលច្រើន។
ទាក់ទងទៅដល់ការកក់សណ្ឋាគារ និងផ្ទះសំណាក់ជាដើម លោក ជុក ជំនោ បានអះអាងថា ថ្វីត្បិតតែមានការធ្លាក់ចុះនៃភ្ញៀវទេសចរទៅកាន់គោលដៅមួយចំនួនក៏ពិតមែន ប៉ុន្តែឲ្យតែមានថ្ងៃឈប់សម្រាកថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យពិធី ឬថ្ងៃឈប់សម្រាកធំៗ ដូចជាបុណ្យភ្ជុំ ឬអុំទូក ជាដើម ភ្ញៀវទេសចរក្នុងស្រុកបានដើរទៅលេងគ្រប់គោលដៅទេសចរណ៍ទាំងអស់ ហើយធ្វើឲ្យផ្ទះសំណាក់ និងសណ្ឋាគារភាគច្រើន ត្រូវបានកក់ពេញពេញតែម្ដង ។

ទាក់ទងបញ្ហានេះដែរ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងថា ដោយសារតែមានការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍នេះ បានធ្វើឲ្យវិស័យទេសចរណ៍មានការយ៉ាប់យឺនទៅៗ លំបាកទៅៗ ដែលពីដំបូងយើងគ្រាន់តែមានករណីនាំចូលប៉ុណ្ណោះ ប៉ុន្តែចុងក្រោយនេះ រីករាលដាលចូលសហគមន៍ ធ្វើឲ្យអ្នកទេសចរណ៍ទាំងជាតិ និងអន្តរជាតិ មានការប្រយ័ត្នប្រយែង។
ទាក់ទងនឹងសេវាកម្មក្នុងស្រុក លោកស្រី ឆាយ ស៊ីវលីន បានអះអាងថា មកដល់ពេលនេះ កាន់តែលំបាកទៅៗ ដោយសារមានការលុបចោលនូវបុណ្យឆ្លងឆ្នាំ និងពិធីបុណ្យផ្សេងៗទៀត។ ដូច្នេះយើងពិបាកស្តារណាស់ក្នុងរយៈពេលខ្លីនេះ ហើយប្រសិនបើការរីករាលដាលនេះនៅតែបន្ត នឹងធ្វើឲ្យយើងអូសបន្លាយវិបត្តិនេះកាន់តែយូរតទៅទៀត។

លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ដែរថា សម្រាប់ទីភ្នាក់ងារទេសចរណ៍ផ្សេងៗរហូតដល់ពេលនេះ បិទក៏ដូចជាមិនបិទដែរ ថ្វីបើចំនួន នៃការប្រកាសបិទផ្លូវការមានចំនួនតិចតួច ប៉ុន្តែអ្នកមិនបានទៅប្រកាសបិទ ចេះតែរង់ចាំតទៅទៀត ដោយរង់ចាំពន្លឺណាមួយ ដែលអាចស្ដារឡើងវិញ។
លោកស្រីបញ្ជាក់ថា នៅចំពោះមុខនេះ មិនមានអ្វីដំណើរការទេ ពីព្រោះភ្នាក់ងារទេសចរណ៍ គឺបម្រើឲ្យភ្ញៀវទេសចរក្រៅស្រុក ហើយជាទម្លាប់របស់ពលរដ្ឋខ្មែរយើង មិនសូវប្រើប្រាស់កញ្ចប់ទេសចរណ៍ ដែលរៀបចំដោយទីភ្នាក់ងារទេសចរនោះទេ គឺពួកគាត់ប្រើប្រាស់យានជំនិះខ្លួនឯង ទៅមកខ្លួនឯង។ ពីព្រោះកម្ពុជាបច្ចុប្បន្នក៏មានការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាវិស័យដឹកជញ្ជូនផ្សេងៗ មានការរីកចម្រើន ដូច្នេះពួកគាត់មិនសូវប្រើភ្នាក់ងារទេសចរណ៏នោះទេ ហេតុដូច្នេះហើយទើបធ្វើឱ្យទីភ្នាក់ងារទេសចរណ៍មានការលំបាកក្នុងការប្រកួតប្រជែងនៅក្នុងស្រុក ដូច្នេះមានតែរង់ចាំតទៅទៀតប៉ុណ្ណោះ។

បើតាមលោកស្រី ឆាយ ស៊ីវលីន ទេសចរក្នុងស្រុករបស់យើងមកដល់ពេលនេះ ភាគច្រើនគាត់ធ្វើដំណើរទៅកាន់តំបន់ ដែលវាលៗ ដូចជាតំបន់ឆ្នេរសមុទ្រជាដើម និងនៅភាគឦសាន នៅតាមជួរភ្នំជាដើម នៅតែជាកន្លែងដែលពួកគាត់ចូលចិត្តធ្វើដំណើរកម្សាន្ត ប៉ុន្តែសម្រាប់ខេត្តសៀមរាប ដូចជាតំបន់អង្គរជាដើម ពួកគាត់មិនទៅលេងនោះទេ ដោយសារតែពួកគាត់បានចាត់ទុកថា ជាកន្លែងដែលមានមនុស្សច្រើន៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


