ព័ត៌មានជាតិ
ពលរដ្ឋតំបន់ព្រំប្រទល់ខេត្តប៉ៃលិន បាត់ដំបង សប្បាយចិត្ត ដែលបានរស់នៅក្នុងការគ្រប់គ្រងរបស់រដ្ឋបាលខេត្តប៉ៃលិន
ប្រជាពលរដ្ឋរស់នៅតំបន់ភ្នំដំបង និងអូរស្លេវ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន មានក្តីសប្បាយរីករាយចិត្ត ដោយខ្លួនបានរស់នៅក្នុងការគ្រប់គ្រងរបស់រដ្ឋបាលខេត្តប៉ៃលិន។ នេះបើតាមការឲ្យដឹងពីប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២២។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋឲ្យដឹងថា ពួកគាត់ បានមករស់នៅតំបន់ភ្នំដំបង និងតំបន់អូរស្លេវ ជាច្រើនឆ្នាំមកហើយ។ ពលរដ្ឋខ្លះរស់នៅ ១០ ឆ្នាំ ឯខ្លះ ២០ ឆ្នាំ ដោយប្រកបរបរធ្វើស្រែចម្ការ ប៉ុន្តែពួកគាត់នៅតែមានក្តីកង្វល់ ដោយសារការរស់នៅមិនដឹងតំបន់គ្រប់គ្រងរដ្ឋបាលខេត្តណាមួយ រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានបន្តថា នៅពេលធ្វើឯកសារផ្លូវច្បាប់ម្តងៗ ពួកគាត់ យកទៅដាក់កន្លែងណា ក៏គេមិនទទួលនោះដែរ ព្រោះការរស់នៅមិនច្បាស់លាស់។ ប៉ុន្តែឥឡូវនេះ ពួកគាត់សប្បាយរីករាយ នៅពេលទទួលដំណឹងថា តំបន់ដែលខ្លួនរស់នៅ ស្ថិតក្នុងការគ្រប់គ្រងរបស់រដ្ឋបាលខេត្តប៉ៃលិន។

ជាមួយក្តីសប្បាយរីករាយចិត្តនេះដែរ ពួកគាត់ ក៏បានថ្លែងអំណរគុណដល់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំខេត្តទាំងពីរ ប៉ៃលិន បាត់ដំបង ដែលបានជួយកែសម្រួលព្រំប្រទល់ខេត្ត ពិសេសឲ្យនូវទីតាំងដែលពួកគាត់កំពុងរស់នៅ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២២ នេះ គណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងប្រតិភូរដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធតាមបណ្ដាមន្ទីរសំខាន់ៗក្នុងខេត្ត និងអាជ្ញាធរស្រុក និងមូលដ្ឋានពាក់ព័ន្ធ ចុះពិនិត្យទីតាំងក្នុងភូមិសាស្ត្ររវាងខេត្តទាំងពីរ មានស្រុកកំរៀង នៃខេត្តបាត់ដំបង ជាប់ជាមួយស្រុកសាលាក្រៅ នៃខេត្តប៉ៃលិន និងស្រុកសំឡូត ជាប់ជាមួយក្រុងប៉ៃលិន នៃខេត្តប៉ៃលិន។

តាមរយៈ នៃការចុះត្រួតពិនិត្យនោះ អភិបាលខេត្តទាំង ២ បានសម្រេចឯកភាពគ្នា ដោយយកព្រំប្រទល់ នៃស្ទឹង នៅស្រុកកំរៀង នៃខេត្តបាត់ដំបង ជាប់ជាមួយស្រុកសាលាក្រៅ នៃខេត្តប៉ៃលិន និងស្រុកសំឡូត ជាប់ជាមួយក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ក្នុងនោះបានជំរុញឲ្យគ្រប់ស្ថាប័នមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកនីមួយៗ ព្រមទាំងក្រុមការងារភូមិបាលស្រុក ធ្វើការពិនិត្យផ្ទៀងផ្ទាត់កែសម្រួល ដើម្បីស្រង់ទិន្នន័យ និងផ្ទៃដីព្រំប្រទល់មូលដ្ឋានទាំងនោះផងដែរ។

គួររំលឹកថា ការចុះពិនិត្យកែសម្រួលរវាងព្រំប្រទល់គ្រប់គ្រងរដ្ឋបាល នៃខេត្តបាត់ដំបង និងខេត្តប៉ៃលិន នាពេលនេះ បានធ្វើឡើងតាមបទបញ្ជា និងការណែនាំពី សម្ដេចតេជោ ហ៊ុន សែន ដោយឲ្យអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ត្រូវធ្វើការដោះស្រាយរឿងបញ្ហាព្រំប្រទល់តំបន់រដ្ឋបាលរវាងខេត្តទាំងពីរនេះឲ្យបានច្បាស់លាស់ ក្នុងរយៈពេល ២ សប្ដាហ៍ ត្រូវតែធ្វើឲ្យរួចរាល់។ ក្នុងនោះ សម្ដេច បានបញ្ជាឲ្យអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ត្រូវពន្លឿននីតិវិធីបែងចែកភូមិសាស្ត្រព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ ឲ្យបានច្បាស់លាស់ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ មានសិទ្ធិស្របច្បាប់លើទីតាំងដែលកំពុងរស់នៅបច្ចុប្បន្ន។ បន្ថែមពីនោះ ក៏ដូចជាដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការចុះឈ្មោះបោះឆ្នោត ជាពិសេសផ្តល់ភាពស្របច្បាប់ក្នុងការកាន់កាប់ដីធ្លីដល់ពលរដ្ឋកំពុងតែរស់នៅតំបន់នោះ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ








-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


