ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ជំរុញឲ្យស្ត្រីបន្តចូលរួមទាំងអស់គ្នា ក្នុងការផ្លាស់ប្តូរទស្សនៈអវិជ្ជមាន ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បានជំរុញឲ្យស្ត្រីបន្តការចូលរួមទាំងអស់គ្នា ក្នុងការផ្លាស់ប្តូរទស្សនៈអវិជ្ជមាន ដែលប្រកាន់យកទស្សនៈ និងឥរិយាបថជាវិជ្ជមាន តាមរយៈការទទួលស្គាល់ពីតួនាទីរបស់ស្រ្តី ដែលជាចលករដ៏សំខាន់ រួមចំណែកក្នុងការពន្លឿនកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូលប្រកបដោយចីរភាព។

លោកជំទាវ ម៉ែន សំអន ជំរុញបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងកិច្ចការនារី នៅសណ្ឋាគារភ្នំពេញ កាលពីរសៀលថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២។
លោកជំទាវ មានប្រសាសន៍ថា សន្និបាតនេះពិតជាមានសារៈសំខាន់ ដែលជាការជួបជុំរវាងអ្នករៀបចំយុទ្ធសាស្រ្ត អ្នកអនុវត្ត និងអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យឡើងវិញនូវលទ្ធផលសម្រេចបាន រួមទាំងចំណុច ខ្វះខាត បញ្ហាប្រឈម ចំណុចខ្លាំង និងកាលានុវត្តភាពនានា នៅក្នុងការអនុវត្តការងាររបស់ក្រសួង និងមន្ទីរកិច្ចការនារី ក៏ដូចជាការអនុវត្តផែនការយុទ្ធសាស្រ្ត នារីរតនៈទី ៥ ក្នុងរយៈពេលមួយឆ្នាំកន្លងមក នាឆ្នាំ ២០២២ និងលើកទិសដៅសម្រាប់ឆ្នាំ ២០២៣ ជាពិសេសរួមចំណែកធ្វើឲ្យកាន់ប្រសើរឡើងនូវសិទ្ធិ ស្ថានភាព ឋានៈ និងតួនាទីរបស់ស្រ្តីនៅក្នុងគ្រួសារ និងសង្គមជាតិ។

លោកជំទាវ ម៉ែន សំអន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងកិច្ចការនារី ក្រោមការដឹកនាំរបស់លោកស្រីរដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចំណែកក្នុងការដឹកនាំ ការសម្របសម្រួល និងការអនុវត្ត រៀបចំព្រឹត្តិការណ៍ដោយសម្រេច បានសមិទ្ធផលពាក់ព័ន្ធនឹងស្រ្តីសម្រាប់ថ្នាក់តំបន់ នៅពេលដែលកម្ពុជាធ្វើជាប្រធានប្ដូរវេនអាស៊ាន។ ក្នុងនោះរួមមាន៖ ការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី ២ កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន រួមទាំងព្រឹត្តិការណ៍ពាក់ព័ន្ធនានា ការរៀបចំសេចក្តីថ្លែងការណ៍ ស្តីពី ការបំផុសសហគ្រិនភាពស្ត្រីក្នុងអាស៊ាន និងផែនការសកម្មភាពថ្នាក់តំបន់ស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ ដែលទទួលបានការអនុម័ត ដោយប្រមុខដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ កាលពីខែវិច្ឆិកា ឆ្នាំ ២០២២កន្លងមកនេះ។

លោកជំទាវ ម៉ែន សំអន បានបន្តទៀតថា ដើម្បីឈានទៅសម្រេចបាននូវកិច្ចការប្រកបដោយប្រសិទ្ធភាព តម្រូវឲ្យមានការចូលរួមទាំងអស់គ្នា ក្នុងការផ្លាស់ប្តូរទស្សនៈអវិជ្ជមាន ការប្រកាន់យកទស្សនៈនិងឥរិយាបថជាវិជ្ជមាន តាមរយៈការទទួលស្គាល់ពីតួនាទីរបស់ស្រ្តី ដែលជាចលករដ៏សំខាន់រួមចំណែកក្នុងការពន្លឿនកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូលប្រកបដោយចីរភាព។

ជាមួយគ្នានេះ លោកជំទាវ បានអំពាវនាវដល់ក្រសួង-ស្ថាប័ន ដៃគូពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាជនគ្រប់រូបចូលរួមគាំទ្រ និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងសមភាពយេនឌ័រ ដើម្បីបង្កឱកាសឲ្យស្រ្តី និងក្មេងស្រីបានចូលរួមយ៉ាងពេញលេញ ព្រមទាំងទទួលភាគផលពីកិច្ចអភិវឌ្ឍនៅគ្រប់ជំនាន់តទៅមុខទៀត។

ជាពិសេស សូមក្រសួងកិច្ចការនារី បន្តការពង្រឹង និងពង្រីកកិច្ចសហការដ៏ល្អប្រពៃជាបន្តទៀតជាមួយដៃគូអភិវឌ្ឍនានា ក្នុងការអនុវត្តសកម្មភាពរបស់ក្រសួង តាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ អភិវឌ្ឍរបស់រាជរដ្ឋាភិបាល ដោយស្មារតី យកចិត្តទុកដាក់ខ្ពស់ ដើម្បីបង្កើតសមិទ្ធផលថ្មីៗថែមទៀត ជា ពិសេស ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីសេចក្តីថ្លៃថ្នូរ សុខុមាលភាព និងភាពចម្រើនរុងរឿងរបស់ស្រ្តី ក្មេងស្រី និងគ្រួសារខ្មែរផងដែរ៕
អត្ថបទ៖ វិមាន



-
ព័ត៌មានជាតិ២១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ