ព័ត៌មានជាតិ
រដ្ឋមន្រ្តីថ្មីក្រសួងសាធារណការ ប្តេជ្ញាយកចំណេះ ជំនាញ និងបទពិសោធន៍បម្រើជាតិឲ្យអស់ពីសមត្ថភាព
ក្រោយទទួលតំណែងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បានប្រកាសនឹងប្រើចំណេះជំនាញ និងបទពិសោធន៍បន្តដឹកនាំអភិវឌ្ឍវិស័យសាធារណការឲ្យរីកចម្រើនបន្ថែមទៀត។

តាមរយៈសារបង្ហោះនៅព្រឹកនេះ លោក ប៉េង ពោធិ៍នា បានលើកឡើងថា ក្រោយបានរៀនសូត្រនិងចូលរួមអនុវត្តការងារជាមួយថ្នាក់ដឹកនាំជារៀមច្បងអស់រយៈពេលជាង ៧ ឆ្នាំ ក្នុងវិស័យសាធារណការនិងដឹកជញ្ជូន លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងកម្លាំងកាយចិត្តក្នុងការបន្តអភិវឌ្ឍវិស័យសាធារណរការឱ្យកាន់តែមានវឌ្ឍនភាពរីកចម្រើន ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានផ្ដោតលើគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍចំនួន ៥ ចំណុច រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងកាន់តំណែងជារដ្ឋមន្ត្រីបន្តវេន លោកសង្ឃឹមនិងជឿជាក់ថា ថ្នាក់ដឹកនាំនិងបុគ្គលិកមន្ត្រីរាជការក្រសួងនឹងខិតខំយកអស់កម្លាំងកាយចិត្ត និងសមត្ថភាពចូលរួមអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយឆន្ទៈមោះមុត ភាពបុរេសកម្ម និងអន្តរសកម្ម ដើម្បីសហការគ្នាសម្រចឱ្យបាននូវសមិទ្ធផលការងារថ្មីៗប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ជូនរាជរដ្ឋាភិបាលនិងជាប្រយោជន៍ដល់សាធារណជន។
លោក ប៉េង ពោធិ៍នា ស្ថិតក្នុងចំណោមរដ្ឋមន្រ្តីបន្តវេនដែលរដ្ឋាភិបាលនីតិកាលទី ៧ ជ្រើសតាំងទៅដឹកនាំនៅក្រសួងសាធារណការនិងដឹកជញ្ជូនជំនួសលោក ស៊ុន ចាន់ថុល។ លោករដ្ឋមន្រ្តីត្រូវបានគេដឹងថា ជាកូនប្រុសសម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន អតីតរដ្ឋមន្រ្តីក្រសួងរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

មុនឡើងជារដ្ឋមន្រ្តីនៅក្រសួងសាធារណការនិងដឹកជញ្ជូនជំនួសលោក ស៊ុន ចាន់ថុល លោក ប៉េង ពោធិ៍នា កាន់តំណែងជារដ្ឋលេខាធិការនៅក្រសួងសាធារណការនិងដឹកជញ្ជូនអស់រយៈពេល ៧ ឆ្នាំ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


