ព័ត៌មានជាតិ
បណ្ឌិត យ៉ង សាំងកុមារ សម្រេចចិត្តជ្រើសរើសយកតំណែង ជារដ្ឋលេខាធិការក្រសួងកសិកម្ម
លោកបណ្ឌិត យ៉ង សាំងកុមារ បានសម្រេចចិត្តជ្រើសរើសយកតំណែង ជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចូលរួមប្រឡូកផ្ទាល់ក្នុងការអនុវត្តគោលនយោបាយ អាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី ៧ ដែលដឹកនាំដោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

លោកបណ្ឌិត យ៉ង សាំងកុមារ បានចូលរួមជាមួយរាជរដ្ឋាភិបាល នៅខែធ្នូ ២០២២ ក្នុងបេសកកម្មចូលរួមអភិវឌ្ឍន៍កសិកម្មកម្ពុជា ដោយចាប់ផ្ដើមពីវិស័យស្រូវអង្ករ និងមានផែនការចូលរួមគាំទ្រកសិករឲ្យបាន ១លានគ្រួសារ នៅទូទាំងប្រទេស ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម និងប្រាក់ចំណូល។

លោកត្រូវបានតែងតាំង ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី ៦ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
ក្រោយការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ដែលលទ្ធផលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះភ្លុកទឹកភ្លុកដីរួចមក សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសឲ្យអ្នកដែលមានមុខតំណែង ២ ត្រូវជ្រើសរើសយក ១ សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី ៧នេះ។
លោកបណ្ឌិត យ៉ង សាំងកុមារ បានឲ្យដឹងថា សម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ លោកត្រូវជ្រើសរើស រវាងតំណែងរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឬរដ្ឋលេខាធិការ។ លោកបញ្ជាក់ថា «ពេលនេះខ្ញុំបានសម្រេចចិត្ត ជ្រើសរើសយកតំណែងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចូលរួមប្រឡូកផ្ទាល់ ក្នុងការអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល គឺអាទិភាពទី ៥ និងទី ៦ ដែលជាកម្មវិធីគោលនយោបាយកសិកម្ម»។
កម្មវិធីគោលនយោបាយកសិកម្មអាទិភាព ដែលដាក់ចេញដោយរាជរដ្ឋាភិបាល អាណត្តិទី ៧ ដឹកនាំដោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មាន ២ចំណុចសំខាន់ៗ៖ ទី១. ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកំរិតសមរម្យ។
ទី២. ការដាក់ពង្រាយ មន្រ្តីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំសង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឲ្យមានសមាគមកសិករ នៅតាមជនបទ។ រាជរដ្ឋាភិបាល មានផែនការដាក់ពង្រាយមន្រ្តីជំនាញកសិកម្មចំនួន ១,៦០០នាក់ នៅទូទាំងប្រទេស ដើម្បីធ្វើការជាមួយកសិករជាង ១លានគ្រួសារ។
លោកបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ទៀតថា លោកនឹងខិតខំចូលរួមជាមួយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំក្រសួងទាំងអស់ ក្នុងការដឹកនាំអនុវត្តន៍កម្មវិធីគោលនយោបាយទាំង ២ខាងលើនេះឲ្យបានជោគជ័យ ដើម្បីវិស័យកសិកម្ម ជីវភាពកសិករ និងសន្តិសុខស្បៀង សម្រាប់សង្គមជាតិទាំងមូល៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


