ព័ត៌មានជាតិ
តាមរយៈដំណើរទស្សនកិច្ចការងារនៅជប៉ុន តើសម្ដេចធិបតី បាននាំយកលទ្ធផលអ្វីខ្លះជូនជាតិ និងប្រជាជនកម្ពុជា?
បន្ទាប់ពីបំពេញទស្សនកិច្ចការងារនៅជប៉ុន រយៈពេល៥ថ្ងៃ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ នៅល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ។ ដំណើរបំពេញការងាររបស់សម្ដេចធិបតី នៅជប៉ុននាពេលនេះ បាននាំមកនូវលទ្ធផលជាផ្លែផ្កាយ៉ាងត្រចះត្រចង់ជាច្រើនសម្រាប់ទំនាក់ទំនងកម្ពុជា-ជប៉ុន ជាពិសេសលើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

តបតាមការអញ្ជើញរបស់លោក គីស៊ីដា ហ្វីមីអូ នាយករដ្ឋមន្ត្រីជប៉ុន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។ ក្នុងនោះ ពាក់ព័ន្ធនឹងកិច្ចការនយោបាយ និងការបរទេស សម្តេចធិបតី បានថ្លែងកោតសរសើរចំពោះការគាំទ្ររបស់ជប៉ុនក្នុងការអនុវត្ដអាទិភាពទាំង៤ នៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក រួមមាន៖ កិច្ចសហប្រតិបត្តិការលម្ហសមុទ្រ ការតភ្ជាប់គោលដៅអភិវឌ្ឍន៍ដោយចីរភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យផ្សេងៗទៀត។

សម្តេចធិបតី ក៏បានសម្តែងក្ដីកង្វល់ពីការបន្តបាញ់សាកល្បងមីស៊ីលអន្តរទ្វីប ដោយកូរ៉េខាងជើង ហើយសម្ដេចធិបតី បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមក្នុងកិច្ចសន្ទនាដែលមានលក្ខណៈស្ថាបនា និងដោយសន្តិវិធី ដើម្បីជំរុញការរំសាយអាវុធនុយក្លេអ៊ែរដោយពេញលេញ សំដៅធានាសន្តិភាព និងស្ថិរភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។ ទន្ទឹមនេះ សម្តេចធិបតី បានអំពាវនាវឱ្យមានការដោះស្រាយឱ្យបានឆាប់រហ័សលើបញ្ហាចាប់ពង្រត់ជនជាតិជប៉ុន ដើម្បីអនុញ្ញាតឱ្យពួកគេអាចវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។

សម្រាប់ទំនាក់ទំនងការទូតដ៏ស្អិតរមួតរវាងកម្ពុជា និងជប៉ុន ដែលត្រូវបានដំឡើងកម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាឆ្នាំនេះ នាយករដ្ឋមន្ត្រីនៃប្រទេសពីរ កម្ពុជា-ជប៉ុន បានឯកភាពបន្តប្ដេជ្ញាលើទិសដៅកិច្ចសហប្រតិបត្តិការមួយចំនួនថែមទៀត សំដៅពង្រឹងពង្រីកនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លា ជាពិសេសនៅក្នុងវិស័យការពារជាតិ និងសន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការបើកឡើងវិញនូវជើងហោះហើរត្រង់រវាងកម្ពុជា និងជប៉ុន ជាដើម។

តាមរយៈដំណើរបំពេញការងារនៅជប៉ុនពេលនេះ ភាគីទាំងពី កម្ពុជា និងជប៉ុន ក៏សម្រេចចុះហត្ថលេខាលើពិធីការផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការចំនួន៧ រួមមាន៖ ១-គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យជាតិឆ្ពោះទៅរកការលើកកម្ពស់រដ្ឋាភិបាលអេឡិចត្រូនិក ២-គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន ៣-គម្រោងស្នើសុំនាវាសម្រាប់វាស់ស្ទង់ជលធារសាស្ត្រសម្រាប់ផលិតផែនទីនាវាចរណ៍អេឡិចត្រូនិក ៤-កំណត់ហេតុរួមរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍ជប៉ុន ស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងប្រទេសកម្ពុជា ៥-អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការនៃការទូទាត់ឆ្លងដែន តាម រយៈ QR Code ៦-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Minebea Mitsumi និងក្រុមហ៊ុន Schneitec ស្តីពីកិច្ចសហប្រតិបត្តិការលើគម្រោងថាមពលព្រះអាទិត្យ និង៧-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយនឹងក្រុមហ៊ុន Erex Co.Ltd និងក្រុមហ៊ុន SPHP ស្ដីពីកិច្ចសហប្រតិបត្តិការលើ គម្រោងថាមពលជីវមាស។

ចំពោះវិស័យការពារជាតិ ត្រូវបានសម្តេចធិបតី និងអគ្គសេនាធិការចម្រុះនៃកងកម្លាំងស្វ័យការពារជប៉ុន បានបេ្តជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិបន្ថែមទៀត ជាអាទិ៍ កិច្ចសហប្រតិបត្តិការលើការបោស សម្អាតមីន ការធ្វើលំហាត់រួមគ្នាក្នុងជួយសង្រ្គោះពេលមានគ្រោះមហន្តរាយ ការបណ្តុះបណ្តាលធនធានមនុស្ស និងកម្មវិធីទស្សនកិច្ចសិក្សារបស់សិក្ខាកាមយោធិនកម្ពុជានៅប្រទេសជប៉ុន ជាដើម។
ដោយឡែក ទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺភាគីកម្ពុជា បានរៀបចំនូវសិក្ខាសាលាវិនិយោគកម្ពុជា ឆ្នាំ២០២៣ ស្តីពីបរិយាកាសវិនិយោគ និងសក្តានុពលនៃការធើ្វធុរកិច្ចនៅកម្ពុជា។ សិក្ខាសាលានេះ បានដើរតួនាទីសំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និងវិនិយោគកិច្ចសហប្រតិបត្តិការធុរកិច្ច និងនវានុវត្តន៍ ការយោគយល់គ្នាទៅវិញទៅមក និងមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។ ក្នុងសិក្ខាសាលានេះ មានវិនិយោគិនចូលរួមសរុបប្រមាណ ជិត៧០០នាក់ ដោយក្នុងនេះ វិនិយោគិនជប៉ុនចូលរួមដោយផ្ទាល់ និងតាមអនទ្បាញមានចំនួនប្រមាណជាង ៦០០នាក់ឯណោះ។

លើសពីនេះ ប្រតិភូក្រុមហ៊ុនយក្សធំៗរបស់ជប៉ុនជាច្រើន បានចូលជួបដោយផ្ទាល់ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាទីក្រុងតូក្យូ ហើយក្រុមហ៊ុនទាំងនោះសុទ្ធតែបានបង្ហាញនូវការចាប់អារម្មណ៍ និងមានបំណងមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ខណៈក្រុមហ៊ុនមួយចំនួនដែលកំពុងវិនិយោគនៅកម្ពុជាហើយនោះ ក៏បានបង្ហាញនូវគម្រោងពង្រីកការវិនិយោគបន្ថែមទៀតផងដែរ។
ក្រុមហ៊ុនជប៉ុន ក៏មានបំណងបង្កើនការនាំចូលគ្រាប់ស្វាយចន្ទី និងផលិតផលម្រេចបន្ថែមទៀតពីប្រទេសកម្ពុជា ខណៈក្រសួងពាណិជ្ជកម្មកម្ពុជា នឹងគ្រោងរៀបចំក្នុងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍សាកលក្នុងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ នាពេលខាងមុខ ហើយរាជរដ្ឋាភិបាល ក៏កំពុងពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងកសាង ផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែស្នូលដ៏សំខាន់មួយនៅក្នុងតំបន់។

ឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចនៅជប៉ុននេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បាន ជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅប្រទេសជប៉ុន ផងដែរ ដោយប្រជាពលរដ្ឋ និងនិស្សិតកម្ពុជារស់នៅប្រទេសជប៉ុនជាច្រើននាក់បានមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុតសម្រាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសវត្តមានសម្ដេចធិបតី និងលោកជំទាវ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


