ព័ត៌មានជាតិ
លោក កើត រិទ្ធ ៖ សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ជាដៃគូសហការដ៏សំខាន់មួយរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានចាត់ទុកថា អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ជាដៃគូសហការដ៏សំខាន់មួយរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី កិច្ចដំណើរការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក.។

កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំទ្បើងក្នុងគោលបំណងសំខាន់ចំនួន ២ គឺទី១- ដើម្បីផ្សព្វផ្សាយឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត អំពីកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងទី២- ពិនិត្យលទ្ធភាពក្នុងការធ្វើកិច្ចសហការជាមួយគ្នា ក្នុងកិច្ចដំណើរការក្នុងការជួយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់ប្រជាពលរដ្ឋ។

នៅក្នុងកិច្ចប្រជុំនេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក.បានគូសបញ្ជាក់ថា ជាទិសដៅការងារទៅមុខ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា នឹងត្រូវប្រមូលផ្តុំការយកចិត្តទុកដាក់ទៅលើសសរស្តម្ភ ចំនួន ២ គឺ សសរស្តម្ភទី១- ការកែទម្រង់ប្រព័ន្ធតុលាការដោយផ្តោតលើគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ ប្រកបដោយភាពឆាប់រហ័ស និងផ្តោតលើគុណភាពនៃយុត្តិធម៌ ប្រកបដោយភាពសុក្រឹត និងភាពត្រឹមត្រូវ និង សសរស្តម្ភ ទី២- ការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលមានលក្ខណៈងាយស្រួល សម្បូរបែប និងដោះស្រាយបញ្ចប់វិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទ ឲ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកលើកកម្ពស់វប្បធម៌សន្តិភាពនិយមក្នុងសង្គមកម្ពុជា។
ក្នុងន័យនេះ ការបង្កើតនូវអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាកិច្ចការអាទិភាពមួយនៃគោលនយោបាយកែទម្រង់របស់រាជរដ្ឋាភិបាល នីតិកាលទី ៧នេះ និងជាការបោះជំហានថ្មីមួយក្នុងការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទនៅកម្ពុជា។
ក្រោយពីបានស្តាប់បទបង្ហាញលើប្រធានបទចំនួន ២ (ទី១)- អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង(ទី២)- គម្រោងនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់ក្រុមគោលដៅជាក្រុមជនជាតិដើមភាគតិច និងក្រុមអ្នករស់នៅតំបន់ដាច់ស្រយាល, អង្គប្រជុំក៏មានវេទិកាពិភាក្សាបើកទូលាយ ក្រោមការដឹកនាំដោយផ្ទាល់របស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. ដើម្បីផ្តល់ឱកាសដល់អ្នកចូលរួមអាចលើកទ្បើងអំពីសំណួរ សំណូមពរ មតិយោបល់ និងការយល់ឃើញជុំវិញកិច្ចដំណើរការ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
តាមរយៈកិច្ចសន្ទនាដោយបើកទូលាយខាងលើ ជារួមតំណាងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍បានសម្តែងនូវការសាទរ និងការគាំទ្រដល់ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ព្រមទាំងបង្ហាញនូវឆន្ទៈក្នុងការចូលរួមសហការជាមួយស្ថាប័នថ្មីនេះ ក្នុងបេសកកម្មចុះជួយដោះស្រាយវិវាទជូនប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រជុំដដែលនេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. បានចាត់ទុកអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ជាដៃគូសហការដ៏សំខាន់មួយ របស់ អ.ដ.ក. ហើយការចូលរួមរបស់តំណាងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ក្នុងកិច្ចប្រជុំនេះ ពិតជាបង្ហាញឲ្យឃើញពីការគំាទ្រដ៏មានសារសំខាន់ដល់កិច្ចដំណើរការរបស់ អ.ដ.ក. ដើម្បីអាចឈានទៅសម្រេចបាននូវបេសកកម្ម ចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសនៅតំបន់ដាច់ស្រយាល និងតំបន់ដែលមានជនជាតិដើមភាគតិចរស់នៅ សំដៅជំរុញ និងលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់ជាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋកម្ពុជា៕
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


