ព័ត៌មានជាតិ
ជនជាប់ឃុំ ៣៤ នាក់ បញ្ចប់ការសិក្សាកម្មវិធីអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិតដោយជោគជ័យ
ជនជាប់ឃុំចំនួន ៣៤ នាក់ បានបញ្ចប់ការសិក្សាកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត ដោយជោគជ័យដែលជួយឱ្យពួកគេអាចបន្តការសិក្សា និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្សេងៗសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃពេលចេញពីពន្ធនាគារ។

ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់ជនជាប់ឃុំ ៣៤ នាក់ ដែលបានបញ្ចប់ការសិក្សាកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិតដោយជោគជ័យកាលពីថ្ងៃទី ១៧ ឧសភា លោក គួច គូលំអ អគ្គលេខាធិការរងនិងជាប្រធាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធ បានមានប្រសាសន៍ថា ក្រោមការសម្របសម្រួល និងសហការដោយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នាយកដ្ឋានអប់រំក្រៅប្រព័ន្ឋ មន្ទីរអប់រំរាជធានីភ្នំពេញ ជាមួយក្រសួងមហាផ្ទៃ អង្គការ UNESCO អង្គការ Sipar និងក្រុមហ៊ុន Smart Axiata បានផ្តល់ឱកាសដល់ជនជាប់ឃុំ ដើម្បីបន្តការសិក្សាកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិតហៅកាត់ថាប៊ីប (BEEP) ក្នុងមណ្ឌលកែប្រែ ដោយក្នុងនោះជនជាប់ឃុំចំនួន ៣៤ នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ។
លោកបានបន្តថា ដំណាក់កាលទី១ នៃការសិក្សាកម្មវីធីប៊ីបក្នុងមណ្ឌលកែប្រែ បានចាប់ផ្តើមអនុវត្តក្នុងខែមិថុនា ឆ្នាំ២០២៣ ដែលមានជនជាប់ឃុំចំនួន ៤០ នាក់បានចុះឈ្មោះសិក្សា។ ក្នុងនោះសិស្សចំនួន ៣៤ នាក់បានសិក្សាបញ្ចប់ និងប្រឡងជាប់ជាស្ថាពរជាមួយព្រឹត្តិបត្រពិន្ទុខ្ពស់គួរឱ្យកោតសរសើរ។

លោកបានបន្តទៀតថា ដោយមើលឃើញពីចំនុចល្អប្រសើរ ក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សា (Off-line Content Server) ដែលមាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ផ្តល់ជំនួយផ្នែកបច្ចេកទេស និងដំឡើងប្រព័ន្ធសិក្សាឱ្យមានដំណើរការល្អប្រសើរ ពន្ធនាគាររាជធានីភ្នំពេញក៏បានបន្តចុះឈ្មោះសិស្សថ្មីចំនួន ៤០ នាក់បន្ថែម ដែលបច្ចុប្បន្ននេះកំពុងបន្តការសិក្សា។
ក្នុងដំណើរការសិក្សានេះ អង្គការ UNESCO បានផ្តល់កុំព្យូទ័របន្ទះ (tablets) ដោយឡែកនាយកដ្ឋានអប់រំក្រៅប្រព័ន្ធផ្តល់ការគាំទ្រដល់អ្នកសិក្សា ក្រោមការសម្របសម្រួលដោយក្រសួងមហាផ្ទៃ។ ការអនុវត្តកម្មវិធីនេះ ត្រូវបានអនុវត្តឡើងដោយអនុលោមតាមគោលការសន្តិសុខ និងសុវត្ថិភាពនៅក្នុងពន្ធនាគារ។
ដោយមើលឃើញពីតម្រូវការ និងសារៈសំខាន់នៃកម្មវីធីនេះ អង្គការ UNESCO ក្រសួងពាក់ព័ន្ធ និងដៃគូសហការទាំងអស់ កំពុងសិក្សាលទ្ធភាពក្នុងការពង្រីកវិសាលភាពទៅកាន់ពន្ធនាគារផ្សេងទៀត។

អ្នកស្រី Esther Mctarlane ប្រធានផ្នែកអប់រំ អង្គការយូណេស្កូ បានបញ្ជាក់ថា កម្មវិធីប៊ីបគឺជាផ្នែកមួយនៃកម្មវិធីរួមគ្នាដើម្បីផ្តល់ការងារ និងមុខរបរសមរម្យសម្រាប់យុវជននៅកម្ពុជា (DEY) ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ព្រមទាំងការរួមចំណែកពីរដ្ឋាភិបាល និងប្រតិបត្តិករទូរគមនាគមន៍ Smart Axiata។ កម្មវិធីនេះជាគំនិតផ្តួចផ្តើមសហការរវាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ UNESCO ដើម្បីដោះស្រាយបញ្ហាអត្រាបោះបង់ការសិក្សាខ្ពស់នៅកម្រិតមធ្យមសិក្សាបឋមភូមិនៅកម្ពុជា។
លោក គួច គូលំអ បានបញ្ជាក់ថា ក្រោយបញ្ចប់កម្មវិធីប៊ីប សិស្សទទួលបានវិញ្ញាបនបត្រសមមូលនឹងថ្នាក់ទី ៩ អាចបន្តការសិក្សា និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ បច្ចុប្បន្ន កម្មវិធីនេះកំពុងស្ថិតក្នុងដំណាក់កាលពង្រីកវិសាលភាព ដើម្បីសម្រេចបាននូវការផ្សព្វផ្សាយទូទាំងប្រទេស និងឈានដល់ក្រុមគោលដៅថ្មី រួមមានយុវជនធ្វើការឱ្យសហគ្រាសធុនតូច និងមធ្យម (SMEs) យុវជននៅក្នុងមណ្ឌលស្តារនីតិសម្បទា និងមណ្ឌលអប់រំកែប្រែ និងយុវជនចំណាកស្រុក៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


