ព័ត៌មានជាតិ
ផែនការបោសសម្អាតមីនដំណាក់កាលទី៤ មានថវិកា ២៣,៨៥ លានដុល្លារ
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា នៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៤ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ប្រចាំឆមាសទី១ ឆ្នាំ២០២៤។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណសម្រាប់ការគាំទ្រប្រកបដោយទឹកចិត្តសប្បុរសជូនចំពោះអង្គការ UNDP រាជរដ្ឋាភិបាលនិងប្រជាជននៃប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ និងណូវែលហ្សឺឡង់ ក្នុងចំណោមប្រទេស និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដែលបានចូលរួមគាំទ្រការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤(២០២០-២០២៥) បានផ្តោតលើខេត្តចំនួន ៣ គឺបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងបានពង្រីកការបោសសម្អាតមីនបន្ថែមនៅក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ មានថវិកាសរុប ២៣,៨៥ លានដុល្លារអាមេរិក បានមកពីរាជរដ្ឋាភិបាលកម្ពុជា ប្រទេសអូស្ត្រាលី នូវែលហ្សេឡង់ សាធារណៈរដ្ឋកូរ៉េ(KOICA) និងUNDP។
គម្រោងនេះ គាំទ្រលើសកម្មភាពចំនួន ៣ រួមមានទី១៖ ប្រតិបត្តិការបោសសម្អាតមីន ទី២៖ ការអប់រំការយល់ដឹងពីមីន ការជួយជនរងគ្រោះ ការបញ្ជ្រាបយេនឌ័រ ការធ្វើឱ្យប្រសើរឡើងនូវការវិភាគ ការប្រមូល ការផ្សព្វផ្សាយទិន្នន័យ និងទី៣៖ ពង្រឹងសមត្ថភាពមន្ត្រីអាជ្ញាធរមីន។
លោកទេសរដ្ឋមន្រ្តី លី ធុជ ចាប់ពីឆ្នាំ២០០៦ ដល់ឆមាសទី១ ឆ្នាំ២០២៤ ការបោសសម្អាតមីនក្រោមគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល សម្រេចបាន ៣៦០ គីឡូម៉ែត្រការ៉េ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង១,២ លាននាក់ នៅតាមបណ្តាខេត្តភាគខាងលិចប្រទេសកម្ពុជា។
មីនប្រឆាំងមនុស្ស ៧៦ ៦៥៤ គ្រាប់មីនប្រឆាំងរថក្រោះ ១ ៥៣១ គ្រាប់ និងយុទ្ធភ័ណ្ឌគ្រឿងផ្ទុះដទៃទៀត ២១៩ ៣៨៥ ត្រូវបានរកឃើញ និងកម្ទេចចោល។
ដោយឡែកសម្រាប់ឆមាសទី១ ឆ្នាំ២០២៤ ការបោសសម្អាតមីនសម្រេចបាន ៧,៦ គីឡូម៉ែត្រការ៉េ ស្របតាមផែនការ និងគ្រោងបោសសម្អាត ១០,៤ គីឡូម៉ែត្រការ៉េទៀត សម្រាប់ឆមាសទី២ឆ្នាំ២០២៤។
ការងារផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីននិងយុទ្ធភ័ណ្ឌគ្រឿងផ្ទុះ ការងារបង្កើនសមត្ថភាពការងារសង្គ្រោះជនរងគ្រោះដោយសារមីន ការងារបញ្ជា្របយេនឌ័រ និងការងារផ្សេងៗទៀត ទទួលបានលទ្ធផលល្អប្រសើរតាមផែនការ។
ក្នុងនាមជាប្រធានកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី បានរាយការណ៍ជូនអង្គប្រជុំនូវវឌ្ឍនភាពការងារដោយផ្តោតទៅលើ អាទិភាពចំនួនបី៖ ១.ជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញា ២.ពង្រឹងការអនុវត្តមាត្រា៥(ការបោសសម្អាតមីន) និង ៣.ជួយជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងនោះក៏មានការលើកឡើងអំពីការធានាភាពជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា ផងដែរ។
ក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលទាំងអស់ បានសម្តែងនូវការគាំទ្រ និងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ភាពជោគជ័យ ក្នុងការដឹកនាំ និងដោះស្រាយបញ្ហាសកម្មភាពមីនរយៈពេលជាង ៣០ឆ្នាំកន្លងនេះ ព្រមទាំងប្តេជ្ញាបន្តរៀបចំផែនការរយៈពេលវែងរបស់ខ្លួន ក្នុងការគាំទ្រដល់ផែនការយុទ្ធសាស្រ្តសកម្មភាពមីនរបស់រាជរដ្ឋាភិបាលកម្ពុជា តទៅមុខទៀត ដើម្បីអាចឱ្យកម្ពុជាអស់ការគំរាមពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
រយៈពេល៣១ឆ្នាំ (១៩៩២-២០២៣) កម្ពុជា រំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ៣ ០២៤ គីឡូម៉ែត្រការ៉េ រកឃើញ និងកម្ទេចចោលមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់លានគ្រាប់ និងមានអ្នកទទួលផលជាច្រើនលាននាក់។
ទន្ទឹមនឹងនោះ កម្ពុជា បានដាក់ផែនការរំដោះផ្ទៃដីមានមីនទំហំ ២០០គីឡូម៉ែត្រការ៉េ សម្រាប់ឆ្នាំ២០២៤-២០២៥។ កម្ពុជា ស្ថិតក្នុងចំណោមប្រទេសក្នុងពិភពលោកដំបូងគេ ដែលធ្វើការបោសសម្អាតមីនមនុស្សធម៌ជាទ្រង់ទ្រាយធំ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ជាប្រទេសឈានមុខគេក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រថយន្តដឹកទំនិញ រត់សាកល្បងជោគជ័យពីទីក្រុងគុនមីនប្រទេសចិន មកដល់រាជធានីភ្នំពេញ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ធ្លាក់ភ្លៀងមួយម៉ោង ទីក្រុងហូជីមិញ ត្រូវទឹកជន់លិច ល្ហាចល្ហឹម
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ចោទកម្ពុជាបង្កើត CoolApp ដើម្បីយកការណ៍ ឯកឧត្ដម ឌី វិជ្ជា ចោទសួរទៅវិញថាតើ Appរបស់ប្រទេសមហាអំណាចបង្កើតដើម្បីអ្វី?
-
ព័ត៌មានជាតិ២២ ម៉ោង ago
កូនប្រុសលោកបណ្ឌិត គី សេរីវឌ្ឍន៍ ទទួលបានមេដាយមាស ពីការប្រឡងវិទ្យាសាស្ត្រ វ៉ាន់ដា អូឡាំព្យាដ ២០២៤
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រុមអភិវឌ្ឍន៍សង្កាត់ទឹកល្អក់ទី៣ ខិតខំប្ដូរលូតូចចេញ ដាក់លូធំជាងមុន ដើម្បីបញ្ជៀសទឹកឲ្យបានលឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចធិបតី៖ ក្រុមហ៊ុនចិន BYD គ្រោងដាក់ទុនរៀបចំផលិតរថយន្តនៅកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមហ៊ុន ចំនួន២ កើតទុក្ខមិនសុខចិត្ត រឿងដេញថ្លៃសង់ផ្លូវបេតុង ក្នុងឃុំថ្មពេជ្រ ក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រយៈពេល៣៥ថ្ងៃ សាលាដំបូងរាជធានីខេត្ត ទទួលបានសំណុំរឿង ក្មេងទំនើងចំនួន ២៤៤ករណី