ព័ត៌មានជាតិ
អភិបាលខេត្តឧត្តរមានជ័យ ប្ដេជ្ញាពង្រឹងជីវភាពពលរដ្ឋក្នុងខេត្ត ខណៈស្ថិតិបង្ហាញថា ពលរដ្ឋខេត្តនេះមានចំណូលទាបជាងគេ
អភិបាលខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា ប្រកាសប្ដេជ្ញាចិត្ត និងព្យាយាមឱ្យអស់លទ្ធភាពដើម្បីដោះស្រាយរាល់បញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសការពង្រឹងជីវភាពប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែមានភាពរីកចម្រើន។

លោកអភិបាលខេត្តឧត្តរមានជ័យថ្មីរូបនេះ បានប្តេជ្ញាចិត្តយ៉ាងមុតមាំអនុវត្តតាមរដ្ឋធម្មនុញ្ញ គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល និងជាពិសេសប្តេជ្ញាគាំទ្រ និងព្យាយាមពង្រឹងជីវភាពប្រជាពលរដ្ឋក្នុងខេត្តទាំងមូលឱ្យកាន់តែមានភាពរីកចម្រើនតទៅមុខបន្ថែមទៀត។
ការប្ដេជ្ញាធ្វើឱ្យជីវភាពប្រជាពលរដ្ឋក្នុងខេត្តកាន់តែរីកចម្រើនពេលនេះ ស្របពេលដែលខេត្តស្ថិតនៅទិសឧត្តរជាប់ព្រំដែនថៃមួយនេះ ត្រូវបានបង្ហាញថា គឺជាខេត្តដែលមានកម្រិតប្រាក់ចំណូលសម្រាប់ពលរដ្ឋម្នាក់ៗទាបជាងគេនៅក្នុងចំណោម ២៥រាជធានីខេត្តរបស់កម្ពុជា។ បើយោងតាមរបាយការណ៍របស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ គឺប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ (GDP Per Capita) ក្នុងខេត្តឧត្តរមានជ័យមានត្រឹម ១ពាន់ដុល្លារអាមេរិក ខណៈពលរដ្ឋក្នុងខេត្តព្រះសីហនុ មានប្រាក់ចំណូលខ្ពស់ជាងគេ គឺ៤ ៦០២ដុល្លារ។

តែយ៉ាងណាមិញ របាយការណ៍បង្ហាញពីចំណូលពលរដ្ឋម្នាក់ៗតាមបណ្តារាជធានីខេត្តនេះ គឺគិតត្រឹមឆ្នាំ២០២២ ខណៈឆ្នាំ២០២៣ ក្រសួងផែនការ មិនទាន់បញ្ចេញរបាយការណ៍ផ្លូវការនៅឡើយ ដែលទិន្នន័យប្រាក់ចំណូលសម្រាប់ពលរដ្ឋម្នាក់ៗអាចមានការប្រែប្រួល អាស្រ័យតាមកំណើន ឬការថយចុះនៃសេដ្ឋកិច្ចរបស់រាជធានីខេត្តនីមួយៗ។
នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ លោក មាន ចាន់យ៉ាដា ក៏បានប្ដេជ្ញាចិត្តថែរក្សាស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងជួរគណៈអភិបាល មន្ត្រីរាជការ ក្រុមប្រឹក្សា រួមទាំងក្រសួងស្ថាប័ន មន្ទីរ-អង្គភាពពាក់ព័ន្ធ ឱ្យមានរបៀបរៀបរយ អនុវត្តការងារមានភាពរលូន និងប្រកបដោយប្រសិទ្ធភាព ខិតខំជំរុញអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ខិតខំលើកកម្ពស់ការថែរក្សា ការពារបូរណភាពទឹកដីអធិបតេយ្យភាពជាតិ និងបង្កើនការរក្សាសន្តិសុខសណ្តាប់ធ្នាប់តាមបន្ទាត់ព្រំដែន ព្រមទាំងបន្តពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អផងដែរ។

គួរបញ្ជាក់ថា លោក មាន ចាន់យ៉ាដា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ អតីតអភិបាលរងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអភិបាលខេត្តឧត្តរមានជ័យ ជំនួសលោក ប៉ែន កុសល្យ ដែលត្រូវបានផ្ទេរ និងតែងតាំងជាអភិបាលខេត្តត្បូងឃ្មុំ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


