ព័ត៌មានជាតិ
ពលរដ្ឋស្រុកឯកភ្នំ លែងខ្វះត្រីសម្រាប់ធ្វើប្រហុកនារយៈពេល ២ ឆ្នាំចុងក្រោយមកនេះ
ក្នុងសកម្មភាពដ៏មមាញឹក និងស្ទាត់ជំនាញរបស់ស្ត្រីនៅក្នុងសហគមន៍ ក៏ដូចជានៅតាមផ្ទះបណ្ដែតទឹកនីមួយៗរបស់ប្រជាពលរដ្ឋ នៅភូមិព្រែកទល់ ពួកគេនៅតែប្រកបរបរធ្វើត្រីប្រហុក បើទោះបីជារដូវកាលប្រមូលផលត្រីសម្រាប់ធ្វើប្រហុកត្រូវបានបិទបញ្ចប់តាំងពីខែមេសា រហូតមកដល់ពេលនេះក៏ប្រជានេសាទនៅតែមានត្រីធ្វើបន្តបន្ថែមទៀតដែរ។

លោក តុន ណៃ អ្នកគ្រប់គ្រងផ្នែកអេកូទេសចរណ៍ដែនបឹងទន្លេសាប ក្នុងតំបន់ភូមិព្រែកទល់ប្រាប់កម្ពុជាថ្មីថា ឆ្នាំនេះក៏មិនខុសឆ្នាំមុនដែរ ប្រជាពលរដ្ឋនៅក្នុងតំបន់ភូមិព្រែកទល់ ក៏ដូចជាភូមិផ្សេងៗទៀត ស្ថិតក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានពឹងផ្អែកសេដ្ឋកិច្ចគ្រួសារទៅលើមុខរបរនេសាទតជំនាន់ជាលក្ខណៈគ្រួសារជារៀងរាល់ឆ្នាំ ដោយចាប់ពីខែធ្នូ មកដល់ខែមេសា គ្រួសារនីមួយៗ មមាញឹកក្នុងការនេសាទប្រភេទត្រីធ្វើប្រហុក ផ្អក ត្រីឆ្អើ ដើម្បីបម្រុងទុកសម្រាប់គ្រួសារបរិភោគប្រចាំឆ្នាំផង និងបានលក់លើទីផ្សាររកថវិកាខ្លះៗ ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារផង។
លោកបន្តថា ដល់រដូវទឹកសម្រកពួកគាត់ក៏ឆ្លៀតដាំបន្លែលក់បន្ថែមនៅលើទំហំដីតូច ឬធំតាមដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមន្ត្រីរដ្ឋបាលខេត្តពិនិត្យ និងកាត់ឆ្វៀលឲ្យពួកគាត់តាមគ្រួសារនីមួយៗ មានសិទ្ធកាន់កាប់ និងអាស្រ័យផល ដោយស្របច្បាប់។
លោកថា ការរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិព្រែកទល់ ក៏ដូចជាមនុស្សទូទៅអ្វីដែលសំខាន់ គឺប្រហុក ឬផ្អក ដែលជាប្រភពម្ហូបរួមផ្សំដ៏ចាំបាច់បំផុតសម្រាប់កែច្នៃធ្វើជាម្ហូបអាហារបានច្រើនយ៉ាងសម្រាប់បរិភោគប្រចាំថ្ងៃរបស់មនុស្សទូទៅ។

លោកបន្តថា៖ «ពួកយើងសប្បាយចិត្តពេលឃើញមានប្រភេទត្រីប្រហុកសម្បូរបែបសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារដល់អ្នកភូមិស្រុក ដែលមានដូចជា ត្រីកំភ្លាញ និងត្រីរ៉ស់ ជាដើម នេះមកពីខាងមន្ត្រីជំនាញបានទប់ស្កាត់បានល្អពីក្រុមអ្នកប្រព្រឹត្តបទល្មើស ដែលបានចាប់ប្រមូលលក់ឲ្យក្រុមឈ្មួញដែលចិញ្ចឹមត្រីរ៉ស់ និងត្រីឆ្តោ ដើម្បីធ្វើជាចំណី ទើប២ឆ្នាំចុងក្រោយនេះប្រជាពលរដ្ឋយើងមិនខ្វះប្រហុក ឬផ្អកសម្រាប់ផ្គត់ផ្គង់គ្រួសារ និងលើទីផ្សារក្នុងស្រុក»។
ប្រជាពលរដ្ឋដែលរស់នៅតំបន់ផ្ទះបណ្តែតទឹកបានលើកឡើងប្រហាក់ប្រហែលគ្នាថា៖ «ពួកគាត់ហាក់មិនព្រួយបារម្ភរឿងការហូបចុកប្រចាំថ្ងៃប៉ុន្មាទេ រយៈពេល ២ឆ្នាំចុងក្រោយនេះ ដោយអាស្រ័យលើការនេសាទជាលក្ខណៈគ្រួសារ ធ្វើប្រហុក ផ្អក ត្រី ឆ្អើ បានគ្រប់គ្រាន់បានទាំងលក់លើទីផ្សារ បានទាំងសល់ទុកសម្រាប់បម្រើដល់ការហូបចុកក្នុងគ្រួសារប្រចាំឆ្នាំបានគ្រប់គ្រាន់ផង»។
ជាមួយគ្នានេះ អ្នកស្រី ម៉េង សារ៉ាន់ បានឲ្យដឹងថា ត្រីដែលកំពុងតែធ្វើនេះ គឺជាត្រីប្រហុកប្រភេទត្រីកំភ្លាញ ដែលនេសាទក្នុងរដូវចុងក្រោយក្នុងខែមេសា បាននៅសេសសល់សម្រាប់ប្រស់ទុក ហើយយកមកធ្វើនៅថ្ងៃនេះតែម្តង ដើម្បីតម្រូវការលើទីផ្សារ។

អ្នកស្រីថា៖ «ឃើញមានត្រីប្រហុកសម្បូរអីចឹង ម្នាក់ៗសប្បាយចិត្តធ្វើអត់ដឹងថានឿយហត់នោះទេតែបើកាលពីដូវកាលរកមិនបានមានអារម្ភថា ដូចជាធុញថប់ទៅវិញអត់ចង់ធ្វើអី្វទាំងអស់»។
លោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្ត បានឲ្យដឹងថា បើគឹតត្រឹមខែមិថុនា ឆ្នាំ២០២៤នេះ មានរយៈពេល ០៦ខែ ការនេសាទជាលក្ខណៈគ្រួសារអនុវត្តបានចំនួន ១៥,១០០តោន។
ការនេសាទតាមវាលស្រែ អនុវត្តបានចំនួន ៨,៤៣៥តោន។ ក្នុងនោះដែរការកែច្នៃផលផលិតផលជលផល អនុវត្តបានចំនួន ៤,២៩៣តោន មានដូចជា ប្រហុក ផ្អកមាំ ត្រីឆ្អើរ ត្រីងៀត ត្រីហាល សម្រាប់ធ្វើចំណីសត្វ និងត្រីប្រលាក់ ជាដើម៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


