ព័ត៌មានជាតិ
៧ ខែ ឆ្នាំនេះ អគ្គិភ័យកើតឡើងជាង ៥៥០ លើក បណ្តាលឱ្យមនុស្សស្លាប់-របួស ជាង ៥០ នាក់ កើនឡើងជាងឆ្នាំមុន
គ្រោះអគ្គិភ័យក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៤ នេះ បានកើតឡើងជាង ៥៥០ លើក នៅទូទាំងប្រទេស បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង ៥០ នាក់ បំផ្លាញផ្ទះសម្បែងជាង ៥៧០ ខ្នង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២១ សីហា នេះថា ចាប់ពីខែមករា រហូតដល់ ខែកក្កដា ឆ្នាំ ២០២៤ នេះ គ្រោះអគ្គិភ័យបានកើតឡើងចំនួន ៥៥៦ លើក នៅទូទាំងប្រទេស បណ្តាលឱ្យឆេះផ្ទះចំនួន ៥៧៥ ខ្នង តូបផ្សារ ១១៨ តូប ឃ្លាំងទំនិញចំនួន ១៥ កន្លែង រោងចក្រសិប្បកម្មចំនួន ១៩ កន្លែង អគាររដ្ឋបាល ១៣ កន្លែង បង្កឱ្យស្លាប់មនុស្សចំនួន ១៤ នាក់ និងរបួសចំនួន ៤០ នាក់។
លោក សុទ្ធ គឹមកុលមុនី បានបន្តថា ចំណោមអ្នកស្លាប់ និងបួសជាង ៥០ នាក់ ក្នុងនោះនៅរាជធានីភ្នំពេញច្រើនជាងគេ ដោយមានអគ្គិភ័យកើតឡើងចំនួន ៨៩ លើក បណ្តាលឱ្យឆេះផ្ទះចំនួន ១០៧ ខ្នង តូបផ្សារចំនួន ២០ តូប ឃ្លាំងទំនិញចំនួន ៥ រោងចក្រសិប្បកម្មចំនួន ៥ កន្លែង ស្លាប់មនុស្សចំនួន ២ នាក់ និងរបួសចំនួន ៩ នាក់។ ក្រៅពីនេះ នៅខេត្តកណ្តាល ស្លាប់ ១ នាក់ ខេត្តតាកែវស្លាប់ ១ នាក់ ខេត្តស្វាយរៀងស្លាប់ ២ នាក់ ក្រចេះស្លាប់ ១ នាក់ កំពង់ធំស្លាប់ ១ នាក់ កំពង់ឆ្នាំងស្លាប់ ១ នាក់ បាត់ដំបងស្លាប់ ១ នាក់ សៀមរាបស្លាប់ ៣ នាក់ និងខេត្តព្រះវិហារស្លាប់ ១ នាក់។

លោកបានបន្តថា តួលេខនេះបើធៀបទៅនឹងរយៈពេល ៧ ខែ ដូចគ្នា កាលពីឆ្នាំ ២០២៣ កន្លងទៅ ឃើញថា មានការកើនឡើង ខណៈ ៧ ខែ ឆ្នាំមុន អគ្គិភ័យកើតឡើងចំនួន ៣០៩ លើក បណ្តាលឱ្យឆេះផ្ទះចំនួន ៤២៧ ខ្នង តូបផ្សារចំនួន ៦១ តូប ឃ្លាំងទំនិញចំនួន ៨ សាលារៀន ១ ខ្នង រោងចក្រសិប្បកម្មចំនួន ៨ កន្លែង អគាររដ្ឋបាលចំនួន ៧ ស្លាប់មនុស្សចំនួន ២៣ នាក់ និងរបួសចំនួន ២៧ នាក់។
បើតាមលោកឧត្ដមសេនីយ៍ឯក នេត វាន់ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្លាប់បានបញ្ជាក់ឱ្យដឹងថា ដើមចមដែលនាំឱ្យមានគ្រោះអគ្គិភ័យកើតឡើង បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីចំនួន ៤១,៥៥ ភាគរយ ប្រើប្រាស់ភ្លើងចំនួន ៣៨,២៤ ភាគរយ និងក្ដាប់មិនបានចំនួន ២០,២១ ភាគរយ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


