ព័ត៌មានជាតិ
យោធិនជិត៤ពាន់នាក់ក្នុងក្របខណ្ឌកងទ័ព ត្រូវបានដាក់ឱ្យចូលសោធននិវត្តន៍
យោធិនជិត៤ពាន់នាក់ក្នុងក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ ត្រូវបានដាក់ឱ្យចូលសោធននិវត្តន៍តាមបញ្ញត្តិច្បាប់។ នេះបើតាមរបាយការណ៍របស់ឧត្តមសេនីយ៍ឯក ជឹម សុខ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ។

ឧត្តមសេនីយ៍ឯក ជឹម សុខ បានថ្លែងឱ្យដឹងថា អនុវត្តតាមច្បាប់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារ ឆ្នាំ២០២៤នេះ យោធិនចំនួន ៣ ៩៧៥នាក់ ត្រូវបានដាក់ឱ្យចូលសោធននិវត្តន៍ ហើយសម្រាប់ថ្ងៃនេះ យោធិនចូលនិវត្តន៍ចំនួន១៤៦នាក់ មកពី១៩ស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋាន ត្រូវបានបំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស ។ លោក ថា ការដាក់យោធិនឱ្យចូលសោធននិវត្តន៍ និងផ្ទេរយោធិនពេលនេះ គឺជាផ្នែកមួយនៃការអនុវត្តផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ។

ថ្លែងក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយសជូនយោធិនចូលនិវត្តន៍ ដែលបានធ្វើឡើងនៅបញ្ជាការដ្ឋានកងទ័ពជើងទឹក នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងនូវការដឹងគុណប្រកបដោយមនោសញ្ចេតនាចំពោះយោធិនចូលសោធននិវត្តន៍គ្រប់រូប ដែលបានធ្វើពលិកម្មប្រកបដោយវីរភាពអង់អាចក្លាហាន ក្នុងស្មារតីស្នេហាជាតិ រួមចំណែកការពារបូរណភាពទឹកដី និងការកសាងការពារសន្តិភាព ស្ថិរភាពសង្គម។
លោកនាយឧត្តមសេនីយ៍ បញ្ជាក់ថា កន្លងមក និវត្តជនដែលត្រូវផ្ទេរចេញពីជួរកងយោធពលខេមរភូមិន្ទ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានកងយោពលខេមរភូមិន្ទ នៅតែបន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខ ស្រឡាញ់រាប់អានជានិច្ច និងបានរៀបចំឱ្យមានពិធីជួបជុំតាមបណ្តាអង្គភាព ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងអង្គភាពជាមួយនឹងនិវត្តជន ក្នុងគោលបំណងរក្សាចំណងមនោសញ្ចេតនាយូរអង្វែង និងជួយគ្នាទៅវិញទៅមក។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាបានខិតខំធានាយ៉ាងរឹងមាំនូវនិរន្តរភាពជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម បន្តដឹកនាំនាវាកម្ពុជារក្សាឆ្ពោះទៅរកភាពរីកចម្រើន បន្តពីសម្តេចតេជោ ហ៊ុន សែន ហើយខិតខំបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ប្រកបដោយថាមពលខ្លាំងក្លា។

លោកអគ្គមេបញ្ជាការ បានណែនាំឱ្យគ្រប់អង្គភាពបង្កើនការយកចិត្តទុកដាក់សហការរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខនិវត្តជននៅតាមមូលដ្ឋាន និងនៅតាមមន្ទីរពេទ្យ ដើម្បីលើកកម្ពស់គុណតម្លៃ ផ្សារភ្ជាប់មនោសញ្ចេតនាជាមួយនិវត្តជន ដោយក្តាប់ជាប់ពីស្ថានភាពសុខភាព ជីវភាពរស់នៅ និងសំណូមពរចាំបាច់នានារបស់និវត្តជន ដើម្បីមានវិធានការដោះស្រាយ។ ទន្ទឹមនឹងនេះ និវត្តជនទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ចេះជួយគ្នាទៅវិញទៅមក រួមគ្នាការពារសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ ហើយយកចិត្តទុកដាក់ការងារបង្កបង្កើនផល ថែទាំសុខភាព បន្តថែរក្សាស្នាដៃអ្នកជំនាន់មុន លើមូលដ្ឋានការខិតខំប្រឹងប្រែងរបស់អ្នកជំនាន់ក្រោយឱ្យកាន់តែល្អប្រសើរ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


