ព័ត៌មានជាតិ
កងពលតូចលេខ៧០ ប្ដេជ្ញាប្រឆាំងដាច់ខាត ជនទាំងឡាយណាដែលប៉ុនប៉ងបំផ្លិចបំផ្លាញសន្តិភាពកម្ពុជា
«ប្ដេជ្ញាប្រឆាំងដាច់ខាត ជនទាំងឡាយណាដែលប៉ុនប៉ងបំផ្លិចបំផ្លាញសន្តិភាព ទោះបីក្នុងតម្លៃណាក៏ដោយ»។ នេះគឺជាការបេជ្ញារបស់មេបញ្ជាការកងពលតូចលេខ៧០ ឧត្ដមសេនីយ៍ឯក ហែម ថា នៅចំពោះមុខសម្ដេចធិបតី ហ៊ុន ម៉ាណែត ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងពិធីអបអរខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។

មេបញ្ជាការកងពលតូចលេខ៧០ ក៏បានប្ដេជ្ញាការពារជាតិ ការពារសាសនា ការពារព្រះមហាក្សត្រ និងប្ដេជ្ញាការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ការពាររដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
គួរឱ្យដឹង កងពលតូចលេខ៧០ គឺកើតចេញពីវរសេនាធំលេខ៧០ ដែលត្រូវបានសម្រួលមកជាកងពលតូចថ្មើរជើងលេខ៧០ តាមអនុក្រឹត្យលេខ៥១ អនក្រ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ របស់រាជរដ្ឋាភិបាលស្ថិតក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់អគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទនាកាលនោះ គឺមាននាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ ជាមេបញ្ជាកងពលរហូតដល់ឆ្នាំ២០២៣។

នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីអនុវត្តន៍ផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ កងពលតូចថ្មើរជើងលេខ៧០ ត្រូវបានផ្ទេរក្របខណ្ឌពីអគ្គបញ្ជាការដ្ឋានក្រោមចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក និងបានកែប្រែឈ្មោះពីកងពលតូចថ្មើរជើងលេខ៧០ មកជាកងពលតូចលេខ៧០ តាមប្រកាស លេខ ៥៤២ប.ឈ/០៥១៩ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ។
តាមរបាយការណ៍សង្ខេប កងពលតូចលេខ៧០ បាននិងកំពុងបំពេញភារកិច្ចលើកិច្ចការងារមួយចំនួនដូចជាគ្រប់គ្រងចំនួនទ័ព ថែរក្សាគ្រឿងបំពាក់ ត្រៀមកម្លាំងជាប្រចាំរងចាំបទបញ្ជា និងបានចូលរួមសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានកងអង្គរក្ស និងអគ្គស្នងការនគរបាលជាតិ សមត្ថកិច្ចពាក់ព័ន្ធ ទប់ស្កាត់រាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល រក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណា្តប់ធា្នប់ក្នុងរាជធានីភ្នំពេញ។

កងពលតូចលេខ៧០ ក៏បានបម្រើពលរដ្ឋតាមរយៈការជួយពន្លត់អគ្គីភ័យជាង២០០លើក សង្គ្រោះពលរដ្ឋ និងជម្លៀសពលរដ្ឋរងគ្រោះព្រោះទឹកជំនន់ សង្គ្រោះពលរដ្ឋជួបគ្រោះថ្នាក់ជាង២៩០០លើក បាញ់ថ្នាំមូស បាញ់ថ្នាំការពារមេរោគកូវីដ១៩ សង្គ្រោះករណីបាក់អគារនៅខេត្តព្រះសីហនុ ជួយសង្គ្រោះបុរសម្នាក់ដែលធ្លាប់ជាប់ក្នុងគន្លាតភ្នំនៅខេត្តបាត់ដំបង ករណីបាក់អគារនៅខេត្តកែប ករណីឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែត ជួយសង្គ្រោះអ្នកប៉ុនប៉ងលោតសម្លាប់ខ្លួនពីលើអគារចំនួន០២លើក និងកាលពីខែកក្កដា កន្លងទៅនេះ បានចូលរួមក្នុងប្រតិបត្តិការស្វែងរកឧត្ថម្ភាចក្រដែលបានធ្លាក់នៅភ្នំយ៉ាវយ៉ៃ ស្រុកវាលវែង ខេត្តពោធិ៍សាត់៕
ដោយ៖ ង៉ិល ណារ៉ាត់














-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ