ព័ត៌មានជាតិ
លោកទេសរដ្ឋមន្រ្តី លី ធុជ ដឹកនាំគណៈប្រតិភូមកពីបណ្តាញទីភ្នាក់ងារអង្គការសហប្រជាជាតិ ទស្សនាសារមន្ទីរតេជោសន្តិភាព រួមមាន UNDP, UNFPA, UNICEF, UN-Women, WFP និង UNOPS
សៀមរាប ៖ រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូមកពីបណ្តាញទីភ្នាក់ងារអង្គការសហប្រជាជាតិ ទស្សនាសារមន្ទីរតេជោសន្តិភាព នៅខេត្តសៀមរាប រួមមាន UNDP, UNFPA, UNICEF, UN-Women, WFP និង UNOPS។

ដំណើរទស្សនកិច្ចនេះ រៀបចំដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងមានការចូលរួមពី លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអង្គភាពស៊ីម៉ាក់។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានជម្រាបប្រាប់បណ្តាញទីភ្នាក់ងារ UN ថា សារមន្ទីរតេជោសន្តិភាព របស់អង្គភាពស៊ីម៉ាក់ គឺជាកន្លែងនៃការចងចាំ ក្ដីសង្ឃឹម និងជានិមិត្តរូបនៃស្មារតីមិនអាចបំបែកបានរបស់ប្រទេសជាតិកម្ពុជា ដែលក្នុងនោះបានដាក់តាំងបង្ហាញរំលឹកអំពីដំណើរយ៉ាងលំបាកចាប់ពីជម្លោះរហូតដល់សន្តិភាព និងចាប់ពីភាពឯកោរបស់កម្ពុជារហូតដល់ការរួបរួមគ្នា។ ការដាក់តាំងនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់អង្គភាពស៊ីម៉ាក់ ដែលជាប្រតិបត្តិកជាតិដ៏ឆ្នើម និងបានរំដោះផ្ទៃដីរាប់ពាន់គីឡូម៉ែត្រក្រឡា និងផ្តល់ដីសុវត្ថិភាពដល់ប្រជាជនកម្ពុជារាប់លាននាក់សម្រាប់បង្កបង្កើនផល និងសាងសង់លំនៅឋាន។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា សារមន្ទីរតេជោសន្តិភាព នឹងក្លាយជានិមិត្តសញ្ញាមួយក្នុងការអំពាវនាវសម្រាប់ពិភពលោកមួយដែលគ្មានមីន និងផ្សព្វផ្សាយសារសន្តិភាព ជាពិសេសអាចបំផុសគំនិតជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីនាំមកនូវសុខសុវត្ថិភាព ការរីកចម្រើន និងក្តីសង្ឃឹមនៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោកទាំងមូល។

ក្នុងឱកាសនោះ តាងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះភាពជាដៃគូរបស់អង្គការសហប្រជាជាតិ ដែលបានគាំទ្រដល់ដំណើររបស់កម្ពុជា ក្នុងនោះរួមមានការថែទាំសុខភាព ការអប់រំ និងការលើកកម្ពស់សមភាព ក៏ដូចជារួមចំណែកក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ដែលជាផ្នែកមួយក្នុងការធ្វើឱ្យសហគមន៍មូលដ្ឋានមានការរីកចំរើន និងផ្តល់ក្តីសង្ឃឹមថ្មីសម្រាប់ប្រជាជនកម្ពុជា៕





-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


