ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល៖ ការកើតជំងឺមិនឆ្លងបណ្តាលមកពីកត្តាហានិភ័យចម្បង ៤យ៉ាង
នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយការអប់រំសុខភាព ដើម្បីចៀសវាងកត្តាហានិភ័យ នៃជំងឺមិនឆ្លង នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានបញ្ជាក់ថា ជំងឺមិនឆ្លងបណ្តាលមកពីកត្តាហានិភ័យចម្បង៤ យ៉ាង។

កត្តាហានិភ័យចម្បងទាំងនោះ រួមមាន របបអាហារមិនមានសុខភាព កង្វះសកម្មភាពរាងកាយ ការប្រើប្រាស់ផលិតផលថ្នាំជក់ និងការប្រើប្រាស់ផលិតផលគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់។ លើសពីនេះ ការប្រើប្រាស់គ្រឿងស្រវឹងបានប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម ជំរុញឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ និងអំពើហិង្សាបុគ្គល គ្រួសារ ផងដែរ។
លោកបានណែនាំទាក់ទងនឹងការប្រើប្រាស់ផលិតផលគ្រឿងស្រវឹងថា មិនមានកម្រិតសុវត្ថិភាពនោះទេ ហើយការប្រើប្រាស់ផលិតផលគ្រឿងស្រវឹងកាន់តែច្រើន បង្កហានិភ័យដល់សុខភាពកាន់តែច្រើន។ ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង បង្កបញ្ហាសុខភាព និងជំងឺច្រើនជាង ២០០ប្រភេទ ជាអាទិ៍ ជំងឺក្រិនថ្លើម ជំងឺមហារីក ជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម។ ការប្រើប្រាស់គ្រឿងស្រវឹងប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់យុវវ័យ បណ្ដាលឱ្យញៀន និងបង្កបញ្ហាសុខភាពផ្លូវចិត្តដូចជា ជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ជាដើម។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានសំណូមពរដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាធានី-ខេត្តទាំងអស់ យកសារអប់រំសុខភាពដែលក្រសួងសុខាភិបាលបានផលិត ធ្វើការអប់រំផ្សព្វផ្សាយជាប្រចាំ និងឱ្យបានទូលំទូលាយ តាមរយៈការដាក់បញ្ជូលការអប់រំសុខភាពជាសកម្មភាពការងារអាទិភាព ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន អំពីកត្តាហានិភ័យនៃជំងឺមិនឆ្លង ជាពិសេសផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង។ ព្រមទាំងបានអំពាវនាវដល់សាធារណជនទាំងអស់ ចៀសវាងការប្រើប្រាស់ផលិតផលថ្នាំជក់ និងផលិតផលគ្រឿងស្រវឹង ទទួលទានអាហារដែលមានសុខភាព និងធ្វើលំហាត់ប្រាណឱ្យបានគ្រប់គ្រាន់។
លោករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា «សុខភាពគឺជាអ្វីៗគ្រប់យ៉ាងរបស់យើងទាំងអស់គ្នា មានសុខភាពល្អទើបយើងអាចមានមូលធនមនុស្សសម្រាប់ការអភិវឌ្ឍ គ្រួសារ សង្គម និងប្រទេសជាតិស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល»៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


