ព័ត៌មានជាតិ
លោក លី ធុជ ពាំនាំសាររំលែកមរណទុក្ខពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះក្រុមគ្រួសារនៃសព លោក ពៅ នេពីន ដែលគ្រោះថ្នាក់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីន
ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពរបស់លោក ពៅ នេពីន ដែលជាបុគ្គលិកបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា គ្រោះថ្នាក់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីនតោនអំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។

សពអ្នកដោះមីន លោក ពៅ នេពីន ត្រូវបានក្រុមគ្រួសារយកទៅរៀបចំពិធីបុណ្យតាមប្រពៃណីនៅផ្ទះស្ថិតក្នុងមណ្ឌលយោធិនពិការភ្នំឆ័ត្រ ភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសសម្តែងនូវសមានទុក្ខនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសាររំលែកមរណទុក្ខដ៏ក្រៀមក្រំ និងការសោកស្តាយជាទីបំផុតពី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះក្រុមគ្រួសារនៃសព លោក ពៅ នេពីន ដែលបានពលីកម្មក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងការងារបោសសម្អាតមីន ដើម្បីធានាបានឱ្យប្រជាពលរដ្ឋរស់នៅទទួលសុខសុវត្ថិភាពពីគ្រាប់មីន និងមានជីវភាពរស់នៅល្អប្រសើរជាងមុន តាមរយៈការរួមចំណែកក្នុងការប្រែក្លាយដីមីន ទៅជាដីមាស។

សាររបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត “យើងខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះសោកនាដកម្មបាត់បង់កូនប្រុស ឪពុក បងប្អូនប្រុសជាទីស្រលាញ់រូបនេះ។ សូមមេត្តាទទួលយកនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រមរបស់យើងខ្ញុំ។ យើងទាំងអស់ នឹងចងចាំជានិច្ចនូវសេចក្តីក្លាហាន និងការពលីលះបង់របស់កូនប្រុស ឪពុក បងប្អូនប្រុស នៅក្នុងបុព្វហេតុធានាសុខសុវត្ថិភាពជូនប្រជាជនយើង។ កូនប្រុស ឪពុក បងប្អូនប្រុសជាទីស្រលាញ់របស់អ្នក នឹងស្ថិតនៅក្នុងបេះដូងរបស់យើងទាំងអស់គ្នា ជារៀងរហូត”។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី លី ធុជ តាងនាមក្រុមគ្រួសារនៃសព បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំទាំងអស់ ដែលបានផ្ញេីសាររំលែកមរណទុក្ខចំពោះក្រុមគ្រួសារនៃសព។

ក្នុងពិធីចូលរួមបុណ្យសព លោកទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំយកមកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដេីម្បីចូលរួមដល់ក្រុមគ្រួសារនៃសពផងដែរ៕









-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


