ព័ត៌មានជាតិ
រដ្ឋកំពុងរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ ឱ្យជាគោលដៅកម្សាន្តអន្តរខេត្ត
ដើម្បីបង្កើនតម្លៃ និងបន្ថែមសក្ដានុពលនៃការទាក់ទាញភ្ញៀវទេសចរ ទាំងក្នុងស្រុក និងបរទេស រដ្ឋកំពុងរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ ឱ្យក្លាយជាគោលដៅកម្សាន្តអន្តរខេត្ត មុននឹងទេសចរទៅដល់ខេត្តសៀមរាប ឬខេត្តព្រះវិហារ ឬក៏មកដល់រាជធានីភ្នំពេញ។

ផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ ត្រូវបានលើកយកពិគ្រោះយោបល់គ្នានៅក្នុងកិច្ចប្រជុំមួយ កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ក្រោមវត្តមានដឹកនាំរបស់ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ។
តាមការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ការរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ គឺមានគោលដៅលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន តាមរយៈការបង្កើនប្រាក់ចំណូលការបង្កើតការងារ និងមុខរបរថ្មីបន្ថែមទៀតដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ក៏ដូចជាធ្វើពិពិធកម្មមូលដ្ឋានកំណើនសេដ្ឋកិច្ចខេត្តកំពង់ធំ ក្រៅពីវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ដោយសារខេត្តកំពង់ធំស្ថិតនៅចំចំណុចកណ្ដាលនៃប្រទេសកម្ពុជា និងមានសក្ដានុពលទាក់ទាញជាច្រើន ទាំងផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏សម្បូរបែប។ ដូច្នេះហើយ ការរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍សម្រាប់ខេត្តនេះ ពិតជាមានភាពចាំបាច់ណាស់ ដើម្បីបង្កើនតម្លៃបន្ថែម និងបន្ថែមសក្ដានុពលនៃការទាក់ទាញភ្ញៀវទេសចរ ទាំងក្នុងស្រុក និងបរទេស។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ចាត់ទុកផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍នឹងជួយធ្វើឱ្យខេត្តកំពង់ធំលែងគ្រាន់តែជាកន្លែងភ្ញៀវឆ្លងកាត់ ឬទៅហួសមកហួសដូចមុន ពោលគឺខេត្តកំពង់ធំ នឹងក្លាយជាខេត្តគោលដៅកម្សាន្តអន្តរខេត្តទី១ មុននឹងទេសចរទៅដល់ខេត្តសៀមរាប ឬខេត្តព្រះវិហារ ឬក៏ដល់ភ្នំពេញ ឬជាខ្សែច្រវាក់គោលដៅទេសចរណ៍មួយ តាមទិសពីភ្នំពេញទៅសៀមរាប-អង្គរ ឬពីសៀមរាប-ភ្នំពេញ ឬក៏ភ្ជាប់ទៅគោលដៅទេសចរណ៍ផ្សេងៗទៀត។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានចង្អុលទិសដៅអាទិភាពពាក់ព័ន្ធនឹងការរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ សម្រាប់អនុវត្តក្នុងរយៈពេល ៣ ឬ ៤ឆ្នាំ ដោយបានណែនាំឱ្យបង្កើតក្រុមការងារចំនួន ២ ដោយក្រុមការងារទី១ ធ្វើការសិក្សារៀបចំផែនការអភិវឌ្ឍន៍តំបន់សំបូរព្រៃគុក ដែលមានសក្តានុពលខ្ពស់ខាងផ្នែកវប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដោយត្រូវថ្ពក់ជាមួយសហគមន៍ និងតំបន់សក្តានុពលទេសចរណ៍ជុំវិញផ្សេងទៀត ឱ្យក្លាយជាផែនការអភិវឌ្ឍន៍ពហុទេសចរណ៍។ ចំពោះក្រុមការងារទី២ ធ្វើការសិក្សារៀបចំផែនការអភិវឌ្ឍន៍តំបន់ក្នុងក្រុងស្ទឹងសែន ឱ្យមានលក្ខណៈរស់រវើក និងកាន់តែទាក់ទាញបន្ថែម តាមរយៈការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដូចជា៖ ផ្សាររាត្រី និងការជិះទូកគយគន់ទេសភាពជាដើម។

ក្រៅពីនេះ ត្រូវតម្រង់ការសិក្សា និងរៀបចំឡើងវិញរមណីយដ្ឋាន និងតំបន់ទេសចរណ៍ផ្សេងៗជាបន្តបន្ទាប់តាមក្រោយ ដូចជា ការរៀបចំអភិវឌ្ឍន៍តំបន់ភ្នំសន្ទុកឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញខាងផ្នែកសាសនា តំបន់ព្រៃប្រស់ សួនទឹកបឹងសំរិទ្ធ តំបន់ព្រៃលិចទឹកបឹងទន្លេសាប និងតំបន់សហគមន៍ចន្ទី ព្រមទាំងសកម្មភាពទាក់ទាញមួយចំនួនទៀត ដូចជា ការរៀបចំវត្តគំរូ មជ្ឈមណ្ឌលវិបស្សនា និងការដាំដើមឈើជាដើម។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដដែល។
ក៏ប៉ុន្តែ លោក ថា ការរៀបចំផលិតផលទេសចរណ៍ទាំងនេះ ក៏ត្រូវភ្ជាប់ការគិតគូរដល់ទិដ្ឋភាពទេសចរណ៍សុខភាព និងគុណតម្លៃនៃវប្បធម៌ប្រពៃណី ស្ថានភាពធម្មជាតិរបស់សហគមន៍មូលដ្ឋានផងដែរ។

លោក វង្សី វិស្សុត ក៏ផ្ដាំដល់ក្រុមការងារ និងអាជ្ញាធរខេត្ត យកទៅគិតគូរបន្ទាន់ចំពោះមុខលើការរៀបចំមុខម្ហូបដែលមានរសជាតិឆ្ងាញ់ និងមុខទំនិញដែលប្លែក ក្រៅពីចន្ទី តែជាលក្ខណៈសម្គាល់ពិសេសសម្រាប់ខេត្តកំពង់ធំ សម្រាប់បម្រើ និងលក់ជូនភ្ញៀវ និងអ្នកដំណើរទូទៅដែលឆ្លងកាត់ និងការបណ្តុះបណ្តាល ពិសេសគឺការធានាទៅលើបញ្ហាតម្លៃ ភាពស្អាត គុណភាព និងអនាម័យ ព្រមទាំងសេវា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


