ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ត្រឹមដើមឆ្នាំនេះ ប.ស.ស មានសមាជិកកើនឡើងជិត ២ លាន ៨ សែននាក់ នៅទូទាំងប្រទេស
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ០៤ កុម្ភៈ នេះថា គិតត្រឹមសប្ដាហ៍ទី ០៤ ខែមករា ឆ្នាំ ២០២៥ នេះ ប.ស.ស មានសមាជិកកើនឡើងដល់ ២ ៧៨៥ ៥២៦ នាក់ ស្រី ១ ៥៤៤ ២២៣ នាក់ ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈចំនួន ៤៩៥ ៥៩៣ នាក់, បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្តីពី ការងារចំនួន ១ ៦០៣ ៤៨២ នាក់, បុគ្គលស្វ័យនិយោជន៍ ចំនួន ៥២៣ ០១៣ នាក់, និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួន ១៦៣ ៤៣៨ នាក់។

លោកបានបន្តថា ជាក់ស្តែងនៅក្នុងសប្ដាហ៍នេះ ប.ស.ស បានចុះបញ្ជីកាសមាជិកថ្មី ចំនួន ៧ ៨៤៥ នាក់ ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈ ចំនួន ២៥៦ នាក់, បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារ ចំនួន ៥ ០៦៣ នាក់, បុគ្គលស្វ័យនិយោជន៍ ចំនួន ១៨៤ នាក់, និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួន ២ ៣៤២ នាក់។ សមាជិកមកប្រើប្រាស់សេវាមូលដ្ឋានសុខាភិបាលមានចំនួន ១២២ ៣០៩ ដង។

បើគិតពីដើមឆ្នាំ ២០២៥ ប.ស.ស. បានចុះបញ្ជីកាសមាជិកថ្មីចំនួន ៧០ ៧៦៧ នាក់ និងសមាជិកមកប្រើប្រាស់សេវាមូលដ្ឋានសុខាភិបាល ៦២២ ០៦២ ដង។

លោក កត្តា អ៊ន បានបន្តទៀតថា ការកើនឡើង នៃចំនួនសមាជិក ប.ស.ស ជាបន្តបន្ទាប់នេះ ដោយសារប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើសេវា ប.ស.ស និងយល់ដឹងពីអត្ថប្រយោជន៍ផ្សេងៗ។ មានប័ណ្ណ ប.ស.ស. ជួយសម្រាលបន្ទុកនៅក្នុងគ្រួសារបានយ៉ាងច្រើននៅពេលទៅពិគ្រោះ និងព្យាបាលជំងឺផ្សេងៗ នៅតាមមូលដ្ឋានសុខាភិបាលជាដៃគូជាមួយ ប.ស.ស ព្រោះរាល់ការចំណាយគឺជាបន្ទុករបស់ ប.ស.ស។

លោក កត្តា អ៊ន បានរំលឹកថា ចាប់តាំងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ ក្រុមការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងចុះផ្សព្វផ្សាយតាមរាជធានី-ខេត្ត និងចុះយុទ្ធនាការផ្ទាល់តាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនយ៉ាងសកម្មនៅរាជធានី-ខេត្ត ទូទាំងប្រទេស រួមនឹងការផ្សព្វផ្សាយតាមបណ្ដាញសង្គមផ្លូវការ Facebook, Telegram, YouTube, TikTok និងតាមបណ្ដាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គមយ៉ាងផុសផុល។

បន្ថែមពីនេះ បេឡាជាតិសន្តិសុខសង្គម ក៏ទទួលកុមារចូលជាសមាជិកផងដែរ ដោយទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃ នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស ទូទាំងប្រទេស ទាំងមន្ទីរពេទ្យសាធារណៈ និងឯកជន ក្នុងនោះដែរ ប្រសិនបើកុមារជួបគ្រោះថ្នាក់ និងជំងឺជាអកុសលរហូតដល់ស្លាប់បាត់បង់ជីវិត បេឡាជាតិសន្តិសុខសង្គម នឹងផ្តល់ប្រាក់វិភាជន៍បូជាសពផងដែរ។

លោក កត្តា អ៊ន បានបញ្ជាក់ថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពលើកុមារ គឺជាការគិតគូរដល់សុខុមាលភាពរបស់កុមារ ជាពិសេសជួយឱ្យសុខភាពរបស់កុមារល្អប្រសើជាងមុន ដែលអាចជួយទៅដល់ធនធានមនុស្សប្រកបដោយសក្ដានុពលភាពនាពេលអនាគត។
លោក កត្តា អ៊ន បានអំពាវនាវដល់ម្ចាស់រោងចក្រសហគ្រាសទាំងអស់ ត្រូវគោរពច្បាប់ការងារឱ្យបានត្រឹមត្រូវ ដោយត្រូវបំពេញបែបបទ និងចុះបញ្ជិការោងចក្រសហគ្រាស និងចុះបញ្ជីកម្មករ-និយោជិតរបស់ខ្លួន ដើម្បីចូលរួមគោរពច្បាប់ការងារ ក៏ដូចជាគិតគូរដល់ផលប្រយោជន៍កម្មករ-និយោជិតទាំងអស់គ្នា ដើម្បីកសាងសហគ្រាសមួយក្លាយជាសហគ្រាសសុខសាន្តបង្កើនផលិតភាពការងារ រក្សាការងារ និងបង្កើនប្រាក់ចំណូល ជួយលើកស្ទួយជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិកាន់តែប្រសើរ។
ជាងនេះទៀត រោងចក្រសហគ្រាស ត្រូវចុះបញ្ជី និងបញ្ជូនឈ្មោះបុគ្គលិក ឬ កម្មករ-និយោជិតរបស់ខ្លួន ទៅបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) ដើម្បីឱ្យពួកគេទទួលបានអត្ថប្រយោជន៍ផ្សេងៗ ពិសេសការទទួលបានការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃពេលទៅទទួលសេវានៅតាមមន្ទីរពេទ្យជាដៃគូរបស់ ប.ស.ស៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់