ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តសមាជិក ប.ស.ស មានជំងឺស្រាលៗ ទៅពិគ្រោះនៅពេទ្យឯកជន ឬ មណ្ឌលសុខភាព កាត់បន្ថយការកកស្ទះ
មន្ត្រីជាន់ខ្ពស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញ និងលើកទឹកចិត្តដល់សមាជិក ប.ស.ស ទាំងអស់ ដែលមានជំងឺស្រាលៗ គួរទៅពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យឯកជន ឬ មណ្ឌលសុខភាពជាដៃគូរបស់ ប.ស.ស ដើម្បីចូលរួមកាត់បន្ថយការកកស្ទះអ្នកជំងឺនៅតាមមន្ទីរពេទ្យថ្នាក់ជាតិ។

ការលើកទឹកចិត្តនេះដោយសារបច្ចុប្បន្នមានសមាជិក ប.ស.ស រាប់រយនាក់ ក្នុង ១ ថ្ងៃៗ បានទៅទទួលសេវានៅតាមមន្ទីរពេទ្យថ្នាក់ជាតិនៅក្នុងរាជធានីភ្នំពេញយ៉ាងច្រើនកុះករ ធ្វើឱ្យកកស្ទះ និងត្រូវចំណាយពេលវេលាយូរក្នុងការទៅទទួលសេវា ព្រោះសមាជិកម្នាក់ៗ តម្រូវឱ្យតម្រង់ជួរចូលម្នាក់ម្តងទៅតាមលេខរៀង អ្នកទៅមុនបានមុន និងអ្នកទៅក្រោយត្រូវរង់ចាំតាមលេខរៀងជាបន្តបន្ទាប់។

ការកកស្ទះនេះដោយសារតែមានការគាំទ្រពីប្រជាពលរដ្ឋមកលើសេវា ប.ស.ស កើនឡើងជាបន្តបន្ទាប់ ខណៈបច្ចុប្បន្នសមាជិក ប.ស.ស បានកើនឡើងជាង ២ លាន ៧ សែននាក់។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១២ កុម្ភៈ នេះថា «ទាក់ទិននឹងការកកស្ទះរបស់សមាជិក ប.ស.ស ទៅទទួលសេវានៅតាមមន្ទីរពេទ្យជាដៃគូនេះ តាមយោបល់ខ្ញុំ គឺថានៅពេលដែលបងប្អូនជាសមាជិក ប.ស.ស ទាំងអស់ ឈឺ ចូលទៅប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលជាដៃគូ។ ក្នុងករណីបងប្អូនមានជំងឺស្រាលៗ ដូចជា ជំងឺផ្តាសាយតិចតួច ឬ ឈឺក្បាល សូមអញ្ជើញទៅប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យឯកជន ឬ មណ្ឌលសុខភាព ឬ មន្ទីរពេទ្យកម្រិត ១ និងកម្រិត ២ ជាដើម ដើម្បីទុកលទ្ធភាពដល់សមាជិក ប.ស.ស ផ្សេងទៀត ដែលមានជំងឺធ្ងន់ធ្ងរ ឬជំងឺរ៉ាំរ៉ៃ សង្គ្រោះបន្ទាន់ ករណីវះកាត់បន្ទាន់ទៅពិនិត្យ ពិគ្រោះ និងព្យាបាល នៅតាមមន្ទីរពេទ្យថ្នាក់ជាតិ»។
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបញ្ជាក់ថា «ការអនុវត្តបែបនេះ វាអាចកាត់បន្ថយបានច្រើន។ ប៉ុន្តែក្នុងករណីសមាជិក ប.ស.ស មានជំងឺស្រាលៗ នាំគ្នាសម្រុកទៅទទួលសេវានៅមន្ទីរពេទ្យថ្នាក់ជាតិទាំងអស់គ្នានោះ នឹងបន្តការកកស្ទះហើយ»។
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបន្ថែមថា បច្ចុប្បន្ន ប.ស.ស មានមូលដ្ឋានសុខាភិបាល ដែលជាដៃគូជាមួយ ប.ស.ស ចំនួន ១,៥៩៥ មូលដ្ឋាន ក្នុងនោះ វិស័យឯកជន ចំនួន ១៦៣ មូលដ្ឋាន។
នៅក្នុងសេចក្ដីបំភ្លឺចុះថ្ងៃទី ១១ កុម្ភៈ ប.ស.ស បានឱ្យដឹងថា សមាជិក ប.ស.ស. ទាំងអស់ដែលមានបញ្ហាសុខភាពពិតប្រាកដអាចទៅទទួលសេវាពិនិត្យ ពិគ្រោះ និងព្យាបាល តាមស្តង់ដារវិជ្ជាជីវៈវេជ្ជសាស្ត្របាននៅគ្រប់មូលដ្ឋានសុខាភិបាលដៃគូ ដោយមិនមានកំណត់ចំនួនដងចូលប្រើប្រាស់សេវានោះទេ ហើយក៏មិនមានការបង់ថ្លៃសេវាព្យាបាលដែរ។ ដូចនេះ សូមសមាជិក ប.ស.ស និងសាធារណជន កុំជឿទៅលើការផ្សព្វផ្សាយព័ត៌មានមិនពិត មានលក្ខណៈញុះញង់ បំផ្លើស និងទម្លាក់កំហុស ដែលជាអំពើល្មើសច្បាប់ ធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបេឡាជាតិសន្តិសុខសង្គម៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


