ព័ត៌មានជាតិ
សម្ដេចធិបតី អបអរលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលឈ្នះឆ្នោតបន្តកាន់តំណែង
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តេទូរសព្ទទៅលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ដើម្បីអបអរសាទរជាមួយនឹងជោគជ័យរបស់គណបក្សសកម្មភាពប្រជាជន (People’s Action Party) របស់លោក ក្នុងការបោះឆ្នោតសហព័ន្ធ កាលពីថ្ងៃសៅរ៍ទី ៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ។

តាមរយៈគណនីហ្វេសប៊ុកផ្លូវការ សម្ដេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃថា កំណើននៃចំនួនអាសនៈក្នុងសភា ក៏ដូចជាសំឡេងឆ្នោតគាំទ្រគណបក្ស PAP ដែលជាគណបក្សកាន់អំណាច បង្ហាញឲ្យឃើញច្បាស់នូវទំនុកចិត្តខ្ពស់របស់ប្រជាពលរដ្ឋសង្ហបុរី ចំពោះការដឹកនាំរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី។

សម្ដេច ហ៊ុន ម៉ាណែត រម្លឹកថា ក្នុងអំឡុងពេលនៃទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសសិង្ហបុរីកាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ បន្ទាប់ពី លោកLawrence Wong ទទួលបានដំណែងជានាយករដ្ឋមន្ត្រី សម្ដេច និងលោក Lawrence Wong ទាំងពីរបានពិភាក្សាគ្នាជាច្រើន ក្នុងគោលដៅពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេស និងប្រជាជនទាំងពីរ។

ស្របពេលឆ្នាំនេះគឺជាខួបទី ៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងសិង្ហបុរី សម្ដេច ហ៊ុន ម៉ាណែត ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោក Lawrence Wong, កម្ពុជា និងសិង្ហបុរី នឹងមានឱកាសធ្វើការរួមគ្នាដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដែលនឹងផ្តល់ ផលប្រយោជន៍រួមជូនប្រទេសនិងប្រជាជនទាំងពីរ។

សម្ដេច ហ៊ុន ម៉ានែត អះអាងថា នឹងរង់ចាំស្វាគមន៍ លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី មកធ្វើទស្សនកិច្ចជាផ្លូវការនៅកម្ពុជា នាពេលអនាគត។
ជាការកត់សម្គាល់ នៅសប្ដាហ៍ទី១ នៃខែឧសភា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទូរសព្ទទៅអបអរសាទរនាយករដ្ឋមន្ត្រីប្រទេសចំនួន២ ដែលជាប់ឆ្នោត ទទួលបានឱកាសកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តទៀត។ នាយករដ្ឋមន្ត្រីទាំងពីរនោះ គឺលោក Anthony Albenese នាយករដ្ឋមន្ត្រីអូស្រ្តាលី ដែលសម្ដេចទូរសព្ទទៅកាលពីថ្ងៃម្សិលមិញ ទី០៦ និងលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី នាថ្ងៃទី០៧ ខែឧសភា នេះ។

ក្រៅពីនេះ គឺកាលពីចុងខែមេសា គឺនៅថ្ងៃទី២៩ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទូរសព្ទទៅលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ានសម្រាប់ឆ្នាំ២០២៥ ដើម្បីជជែកអំពីបញ្ហាពាក់ព័ន្ធនឹងតួនាទីរបស់អាស៊ានក្នុងការជួយរកដំណោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា, វិធានការពន្ធរបស់សហរដ្ឋអាមេរិក និងការចូលជាសមាជិកពេញសិទ្ធិរបស់ប្រទេសទីម៉័រខាងកើតក្នុងសហគមន៍អាស៊ាន។

នាយករដ្ឋមន្ត្រីទាំង៣ ខាងលើ ដែលសម្ដេចធិបតី ទូរសព្ទទៅដោយផ្ទាល់ គឺសុទ្ធតែជានាយករដ្ឋមន្ត្រីដែលសម្ដេច បានជួបដោយផ្ទាល់នាពេលកន្លងមក ក្នុងក្របខណ្ឌទស្សនកិច្ចផ្លូវការ និងក្របខណ្ឌទស្សនកិច្ចការងារ ក្នុងឆ្នាំ២០២៤ កន្លងទៅ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជួបលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដោយផ្ទាល់ ក្នុងពេលបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ីកាលពីថ្ងៃទី២៧ ខែកុម្ភៈ។ ចំណែកលោក Anthony Albenese នាយករដ្ឋមន្ត្រីអូស្រ្តាលី, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជួបដោយផ្ទាល់ក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ នៅក្រៅកិច្ចប្រជុំពិសេសអាស៊ាន-អូស្ត្រាលី គម្រប់ខួប៥០ឆ្នាំ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួប លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរីដោយផ្ទាល់នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសិង្ហបុរី កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ផងដែរ៕

ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


