ព័ត៌មានជាតិ
សហគមន៍កសិកម្មកម្ពុជា សម្លឹងឆ្ពោះទៅរកទំនើបកម្ម និងរកចំណូលឱ្យបានច្រើន
មន្រ្តីក្រសួងកសិកម្ម អង្គការដៃគូ រួមជាមួយអ្នកពាក់ព័ន្ធចំនួន ២៥០នាក់ បានរៀបចំសិក្ខាសាលាមួយនៅរាជធានីភ្នំពេញ ដើម្បីពិនិត្យមើលបច្ចុប្បន្នភាព និងពិភាក្សាយោបល់សម្រាប់កំណត់ផ្លូវឆ្ពោះទៅរកការអភិវឌ្ឍ និងលើកកម្ពស់សហគមន៍កសិកម្មនៅកម្ពុជា។

សិក្ខាសាលាសហគមន៍កសិកម្មប្រចាំឆ្នាំលើកទី ៦ ដែលរៀបចំដោយអង្គការហេហ្វឺកម្ពុជា កាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៥ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំសហគមន៍កសិកម្ម អ្នកតំណាងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា។ សិក្ខាសាលានេះផ្តោតលើប្រធានបទ «ពង្រឹងសមត្ថភាពគ្រប់គ្រង និងការភ្ជាប់អាជីវកម្មទៅអាជីវកម្ម (B2B) សម្រាប់សហគមន៍កសិកម្ម និងសហគ្រិនសុខភាពសត្វសហគមន៍ ។
សិក្ខាសាលាសហគមន៍កសិកម្មនេះគឺជាវេទិកាសន្ទនា និងជាឱកាសក្នុងការកែលម្អអភិបាលកិច្ចការ និងពង្រីកកិច្ចសហការរបស់សហគមន៍ជាមួយភាគីពាក់ព័ន្ធ ការជំរុញទំនាក់ទំនងអាជីវកម្ម (B2B) និងការពង្រឹងប្រព័ន្ធចំណីអាហារ។

លោក មាស ពិសិដ្ឋ រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងអំពីអាទិភាព និងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងការចិញ្ចឹមសត្វ ដោយសង្កត់ធ្ងន់ ក្រសួងកសិកម្ម នៅតែប្តេជ្ញាចិត្តបន្តការគាំទ្រសហគមន៍កសិកម្ម ពង្រឹងការអភិវឌ្ឍអាជីវកម្ម និងជំរុញបរិវត្តកម្មឌីជីថល ។ លោកបន្តថា៖«នៅពេលដែលយុវជនបែរចេញពីវិស័យកសិកម្ម ការធ្វើទំនើបកម្មមានសារៈសំខាន់ណាស់ដើម្បីបន្ថយតម្រូវការពលកម្ម និងបង្កើនប្រសិទ្ធភាព។ យើងគាំទ្រយុទ្ធសាស្ត្ររបស់អង្គការហេហ្វឺកម្ពុជាយ៉ាងពេញលេញ និងរង់ចាំការសហការបន្តដើម្បីគាំទ្រកសិករ ជាពិសេសក្នុងការដោះស្រាយបញ្ហាទីផ្សារ»។

លោក ញ៉ែម សារ៉េត នាយកប្រចាំប្រទេសអង្គការហេហ្វឺកម្ពុជា បានបង្ហាញការគាំទ្រយ៉ាងពេញលេញទស្សនវិស័យរបស់រាជរដ្ឋាភិបាលក្នុងជំរុញសហគមន៍កសិកម្ម ឱ្យក្លាយជាសហគមន៍កសិកម្មទំនើបដែលផ្តោតលើទីផ្សារ។ លោកបន្តថា «យើងកំពុងធ្វើការជាមួយកសិករដើម្បីពង្រឹងសមត្ថភាពក្នុងការចិញ្ចឹមសត្វ លក់ និងរកចំណូលកាន់តែច្រើន លើខ្សែច្រវាក់តម្លៃផលិតកម្មសត្វ បន្លែ ផ្លែឈើ និងត្រី។ យើងភ្ជាប់កសិករជាមួយក្រុមជួយខ្លួនឯងដែលនាំដោយស្ត្រី សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្មសហគ្រិនអភិវឌ្ឍសង្គម ដើម្បីរួមកម្លាំងគ្នាក្នុងការលើកស្ទួយផលិតកម្មកសិកម្ម ទីផ្សារ និងធ្វើឱ្យតម្លៃផលិតផលកសិកម្មមានស្ថេរភាព»។
កម្មវិធីរបស់អង្គការហេហ្វឺ បានពង្រឹងប្រព័ន្ធចំណីអាហារ កសាងជំនាញកសិកម្ម និងការវិនិយោគ និងបញ្ចូលអាជីវកម្មខ្នាតតូច និងមធ្យម ទៅក្នុងប្រព័ន្ធទីផ្សារកសិកម្មដែលមានការចូលរួម និងខ្សែច្រវាក់តម្លៃ ខណៈពេលដែល យើងក៏កំពុងពង្រឹងបណ្តាញអភិវឌ្ឍន៍សហគមន៍ប្រកបដោយចីរភាព។
ជាមួយគ្នានេះ លោក ឌីលីព បានដារី (Dr. Dilip Bhandari) ប្រធានកម្មវិធីជាន់ខ្ពស់របស់អង្គការហេហ្វឺអន្តរជាតិ បានបង្ហាញការជឿជាក់ថា ការកសាងប្រព័ន្ធចំណីអាហារដែលមានភាពធន់ទ្រាំ បានចាប់ផ្តើមពីការគាំទ្រដល់កសិករខ្នាតតូច ជាពិសេសស្ត្រី ដែលមានតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូជីកសិកម្ម និងការពង្រឹងសហគមន៍ដែលគាំទ្រកសិករ ។ លោកថា៖«នៅកម្ពុជា និងប្រទេសដទៃទៀត យើងមានមោទនភាពក្នុងការចូលរួមជាដៃគូជាមួយរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីរួមបង្កើតខ្សែច្រវាក់តម្លៃកសិកម្ម និងការចិញ្ចឹមសត្វ ដែលអាចពង្រីកដោយបញ្ចូលវិធីសាស្ត្រ «សុខភាពតែមួយ» វាផ្តល់ផលប្រកបដោយចីរភាពសម្រាប់សហគមន៍កសិកម្ម»។

ចំណែកលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ឡើងថ្លែងបិទសិក្ខាសាលា ដោយបានលើកឡើងអំពីតួនាទីដ៏សំខាន់របស់សហគមន៍កសិកម្មទំនើប និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកសិកម្ម។ លោកមានប្រសាសន៍ថា៖ «ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តដល់កសិករឱ្យបង្កើតសហគមន៍កសិកម្មបែបទំនើប។ យើងនឹងគាំទ្រកសិករ និងសហគមន៍កសិកម្ម តាមរយៈការផ្តល់ទុនវិនិយោគ បច្ចេកទេស និងទីផ្សារ។ សហគមន៍កសិកម្មគឺជាអនាគតនៃវិស័យកសិកម្មនៅកម្ពុជា ហើយកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងអង្គការហេហ្វឺកម្ពុជា ជាជំហានដ៏រឹងមាំឆ្ពោះទៅកាន់អនាគតនេះ»។

ដោយបានចំណាយរយៈពេល ១ថ្ងៃពេញ អង្គពិធីដែលមានសហគមន៍ចំនួន៨៤ ដែលតំណាងឱ្យសហគមន៍កសិកម្មចំនួន ៧៣ និងសហគមន៍នេសាទចំនួន ១១ រួមជាមួយនឹងសហគ្រិនសុខភាពសត្វសហគមន៍ បានចូលរួមយ៉ាងសកម្មនៅក្នុងការចែករំលែកទៅលើប្រធានបទសំខាន់ៗដូចជា ការផលិតប្រកបដោយនិរន្តរភាព សុខភាពតែមួយ និងការប្រើប្រាស់បច្ចេកទេសឆ្លាតវៃសម្រាប់សម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុដែលទាក់ទិននឹងការចិញ្ចឹមសត្វ ការដាំបន្លែ ការចិញ្ចឹមត្រី ព្រមទាំងគំរូសម្រាប់ពង្រឹងភាពជាដៃគូធុរកិច្ច កសិកម្មប្រកបដោយបរិយាប័ន្ន៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


