ព័ត៌មានជាតិ
លោក ស សុខា÷ ក្រុមជ្រុលនិយម នៅតែចិញ្ចឹមចិត្តផ្ដួលរំលំរដ្ឋាភិបាល ដូចនេះកម្លាំងនគរបាលជាតិត្រូវប្រុងប្រយ័ត្ន ដើម្បីការពារសន្តិភាព
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជានឹងបន្តរីកចម្រើន ក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ ស្ថានភាពសង្គមនឹងប្រសើរថែថែមទៀតលើគ្រប់វិស័យ។ ត្បិតថាសម្ដេចធិបតីដឹកនាំកម្ពុជាសម្រេចបានលទ្ធផលល្អ ប៉ុន្តែលោកស ស សុខា មើលឃើញថា ក្រុមប្រឆាំងជ្រុលនិយមនៅតែបន្តចិញ្ចឹមចិត្តផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់តាមបែបមិនមែនប្រជាធិបតេយ្យ។ ដូច្នេះលោក ជំរុញឲ្យកម្លាំងនគរបាលជាតិប្រុងប្រយ័ត្ន ដើម្បីការពារសន្តិភាពឱ្យបាន និងបម្រើប្រជាពលរដ្ឋ។

តាមរយៈលិខិត អបអរខួប៨០ឆ្នាំ នៃការបង្កើតនគរបាលជាតិលោក ស សុខា បញ្ជាក់ ពីបញ្ហាប្រឈមដែលជះផលវិជ្ជមានដល់កម្ពុជាដូច្នេះ÷” ជាពិសេសឧបាយកលពិសពុលរបស់មជ្ឈដ្ឋានប្រឆាំង ដែលនៅតែចិញ្ចឹមមហិច្ឆតាផ្តួលរំលំ រាជរដ្ឋាភិបាលតាមរបៀបបដិវត្តពណ៌ សកម្មភាពបទល្មើសលួច ឆក់ ប្លន់ ការចរាចរ ជួញដូរគ្រឿងញៀន ខុសច្បាប់ ការជួញដូរមនុស្ស ពិសេសការលេចឡើងនូវសកម្មភាពឆបោកតាមប្រព័ន្ធអ៊ីនធើណេត។ល។ ដែលបញ្ហាទាំងនេះទាក់ទងសំខាន់ចំពោះតួនាទីភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ។ ដូចនេះកងកម្លាំង នគរបាលជាតិគ្រប់ជាន់ថ្នាក់ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចក្នុងការបំពេញភារកិច្ច ប្រកបដោយ មនសិការវិជ្ជាជីវៈ ដើម្បីរួមគ្នាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការពារសមិទ្ធផលជាតិ លើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ព្រមទាំងបម្រើប្រជាពលរដ្ឋដោយភក្ដីភាព។ “។

ឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា កងកម្លាំង នគរបាលជាតិទាំងអស់នឹងបន្តអភិវឌ្ឍខ្លួន អភិវឌ្ឍអង្គភាព និងពង្រឹងការដឹកនាំ គ្រប់គ្រងឱ្យកាន់តែមាន ប្រសិទ្ធភាពថែមទៀត ពិសេសការបន្តអនុវត្តកំណែទម្រង់ និងការលើកកម្ពស់គុណធម៌ សីលធម៌ សមត្ថភាព ប្រតិបត្តិការ ដើម្បីសម្រេចនូវបេសកកម្មដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងនាមជាសេវាករបម្រើប្រជាពលរដ្ឋ និងជាបង្អែកយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងគ្រប់កាលៈទេសៈ។

សូមរំលឹកថាកាលពីខែសីហាឆ្នាំ ២០២៤ កន្លងទៅ ក្រុមដែលមាននិន្នាការប្រឆាំងបានយកកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ(CLV-DTA) ធ្វើជាលេសប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់តាមរយៈការធ្វើកុបកម្មនៅខាងមុខព្រះបរមរាជវាំង។ កាលនោះកម្លាំងនគរបាលជាតិបានចូលរួមចំណែកទប់ស្កាត់កុំឱ្យមានសកម្មភាពកុបកម្មកើតឡើង និងបានឃាត់ខ្លួនមនុស្សមួយចំនួនដែលប្រុងជួបជុំគ្នានៅមុខព្រះបរមរាជវាំង និងដកហូតបានវត្ថុតាងមួយចំនួនដូចជាសាំង ចំពាមកៅស៊ូ និងអាវុធមួយចំនួន។ មនុស្សដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនសួរនាំខ្លះទៅបានបញ្ជូនខ្លួនទៅកាន់តុលាការ និងខ្លះទៀតត្រូវបានដោះលែង។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់រំលឹកថា នៅកម្ពុជា ក៏មានការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌កាលពីឆ្នាំ២០១៣ ប៉ុន្តែត្រូវបានសម្តេចទប់ស្កាត់ទាន់ពេលវេលា តាមរយៈការរកឃើញនូវគន្លឹះនៃបដិវត្តន៍ពណ៌ គឺការធ្វើអព្យាក្រឹត្យកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល។

សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកផងដែរថា កងកម្លាំងប្រដាប់អាវុធ មិនអាចអព្យាក្រឹត្យបានឡើយរវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយ បើសិនជាមានការប៉ុនប៉ងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺកងកម្លាំងប្រដាប់អាវុធមានភារកិច្ចបង្រ្កាបទប់ស្កាត់ដើម្បីការពារសន្តិភាពនិងសេចក្តីសុខរបស់ប្រជាពលរដ្ឋ១៧លាននាក់៕
ដោយ÷ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


