ព័ត៌មានជាតិ
លោកជំទាវ ពេជ ចន្ទមុន្នី៖ ពេលកូនឈឺ ម្ដាយឳពុកភ័យណាស់ ទោះពេទ្យនៅឆ្ងាយ យប់ជ្រៅប៉ុណ្ណា ក៏បញ្ជូនទៅដែរ ព្រោះជីវិតកូន ជាទ្រព្យមិនអាចកាត់ថ្លៃបានឡើយ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងថា នៅពេលដែលកូនរបស់ខ្លួនឈឺមិនថាជំងឺធ្ងន់ធ្ងរ ឬស្រាល ក្នុងនាមជាឳពុកម្ដាយ គឺព្រួយបារម្ភខ្លាំងណាស់ ហើយបើទោះបីជាយប់ជ្រៅប៉ុណ្ណាក៏ដោយ មន្ទីរពេទ្យពេទ្យនៅឆ្ងាយប៉ុណ្ណាក៏ដោយ ក៏ត្រូវតែបញ្ជូនទៅកូនព្យាបាលភ្លាមដែរ មិនបង្អង់យូរឡើយ ព្រោះតែអាយុជីវិតរបស់កូនគឺជាទ្រព្យសម្បត្តិមួយមិនអាចកាត់ថ្លៃបាន ឬយកអ្វីទៅទិញដូរបានឡើយ។ លោកជំទាវបណ្ឌិត ថ្លែងដូច្នេះ នៅក្នុងពិធីបើកយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» នាព្រឹកថ្ងៃទី១ ខែមិថុនា នេះ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្លែងដូច្នេះ៖«ក្នុងនាមខ្ញុំដែលម្ដាយមួយរូបប្រាកដជាយល់ច្បាស់ណាស់ថា សុខភាពរបស់កូនគឺជាទ្រព្យសម្បត្តិដ៏មហាសាល ហើយមិនអាចកាត់ថ្លៃបានរបស់គ្រប់ៗគ្រួសារ ហើយគ្មានក្ដីបារម្ភណាមួយស្មើនឹងក្ដីបារម្ភនៅពេលដែលកូនៗរបស់យើងឈឺឬក៏មានជំងឺនោះទេ។»។
លោកជំទាវបណ្ឌិតស្រីទី១ នៅកម្ពុជា ថ្លែងបន្តថា៖«ក្នុងនាមជាឪពុកម្ដាយនៅពេលកូនៗរបស់យើងឈឺ ម្ដាយឳពុកព្រួយបារម្ភ លះបង់គ្រប់បែបយ៉ាង ធ្វើយ៉ាងណាឲ្យតែកូនបានជា ខិតខំរកគ្រូពេទ្យដែលជំនាញៗ ហើយស៊ូទ្រាំអត់ងងុយ។ »។

លោកជំទាវបណ្ឌិតបន្ថែមថា នៅពេលដែលកូនៗឈឺម្ដងៗ ម្ដាយឳពុកស៊ូទ្រាំអត់ងងុយ លះបង់គ្រប់យ៉ាង លះបង់ទាំងសុខភាពខ្លួនឯង ដើម្បីឱ្យកូនឆាប់បានជាសះស្បើយពីជំងឺ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា មើលឃើញថា មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យមួយបានជួយព្យាបាលជំងឺរបស់កុមារមកពីគ្រប់រាជធានី ខេត្តក្នុងប្រទេសកម្ពុជា ព្រោះនៅពេលកូន ចៅ ឈឺមានជំងឺធ្ងន់ស្រាល ឳពុកម្ដាយ ជីដូនជីតា ដែលរស់នៅតាមខេត្តបានបញ្ជូនកូនចៅខ្លួន មកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាភ្លាម។

លោកជំទាវបណ្ឌិតស្រ្តីទី១ ថ្លែងពីការមើលឃើញដូច្នេះ៖«ឳពុកម្ដាយ ជីដូនជីតា របស់កុមារកម្ពុជាយើងដែលឈឺនេះ បានធ្វើដំណើរមកពីគ្រប់ខេត្តក្រុងនៅក្នុងប្រទេស គឺដើម្បីយកកូនៗចៅៗ មកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ ហើយនៅខេត្តសៀមរាប។ ពួកគាត់សុខចិត្តងើបតាំងពីព្រឹក ម៉ោង៣ភ្លឺ ៤ភ្លឺ ៥ភ្លឺ ដើម្បីឈរចាំយកលេខ គឺធ្វើយ៉ាងណាដើម្បីឱ្យកូនៗចៅៗរបស់គាត់ បានចូលទៅពិនិត្យមុនគេ នៅពេលមន្ទីរពេទ្យបើក គ្រូពេទ្យមកធ្វើការ។ នេះហើយជាការព្រួយបារម្ភរបស់ឳពុកម្ដាយគ្រប់រូប! »។

លោកជំទាវបន្ថែមថា មន្ទីរពេទ្យគន្ធបុប្ផាបានបំពេញតួនាទី ក្នុងការជួយសម្រាលក្ដីព្រួយបារម្ភរបស់ម្ដាយឳពុករាប់សែននាក់ចំពោះសុខទុក្ខរបស់កូនៗខ្លួន។
គួរឱ្យដឹងថា តាំងតែពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២, មន្ទីរពេទ្យនេះបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣ លានករណី, បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ៤១ម៉ឺននាក់។ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប ត្រូវចំណាយថវិកាជាង១២ម៉ឺនដុល្លារក្នុង១ថ្ងៃ ឬក៏៤៣លានដុល្លារអាមេរិកក្នុង១ឆ្នាំ ដើម្បីធានារក្សានិរន្តភាពមន្ទីរពេទ្យក្នុងការជួយព្យាបាលជំងឺ ដើម្បីពិនិត្យព្យាបាលជំងឺកុមារ និងពិនិត្យលើស្ត្រីមានផ្ទៃពោះដោយឥតគិតថ្លៃ ប្រកបដោយស្មើភាព គ្មានការរើសអើង។

ដោយមើលឃើញពីតម្រូវការថវិកា សម្រាប់ទ្រទ្រង់និរន្តភាពដំណើរការមន្ទីរពេទ្យគន្ធបុប្ផា នៅឆ្នាំ២០២៥ នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបន្ដគំនិតផ្ដួចផ្ដើមបើក យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» រយៈពេលពេញ១ខែមិថុនា ដើម្បីកៀរគរថវិកាសប្បុរសធម៌ ចូលរួមចំណែកដល់កិច្ចដំណើរការនៃមន្ទីរពេទ្យគន្ធបុប្ផា និងចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី “ខ្មែរជួយខ្មែរ” ក៏ដូចជាការរម្លឹក ឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីផ្ដល់ក្តីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្លែងថា ត្បិតការកៀរគរថវិកាដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដាក់ឈ្មោះថាជាយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ក៏ពិតមែន ប៉ុន្តែសប្បុរសជនក៏អាចបរិច្ចាគថវិកាលើសពី១ម៉ឺនរៀលបានដែរ៕













-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


