ព័ត៌មានជាតិ
ប្រុងប្រយ័ត្ន! ស្រី្តជនជាតិដើមភាគតិចត្រូវបានពស់វែកចឹកបណ្តាលឱ្យដើរមិនរួច នារដូវវស្សា
ស្រ្តីជនជាតិដើមភាគតិចទំពួនឈ្មោះ លឿន កាំម៉ារី រស់នៅភូមិកាចូនក្រោម ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី ត្រូវបានពស់វែកដំបូកដ៏ធំមួយចឹកចំត្រង់កន្លាក់ជើង ធ្វើឱ្យគាត់មិនអាចដើរបានអស់រយៈពេលជាង ១០ ថ្ងៃមកហើយ។

ហេតុការណ៍ដ៏អាក្រក់ បានកើតឡើងអំឡុងពេលស្រ្តីជនជាតិដើមភាគតិចរូបនេះ អង្គុយលើប៉ៅអី រួចដាក់ជើងនៅជិតគំនរធ្យូងដែលទុកចោលយូរខែ ស្រាប់តែពស់វែកមួយក្បាល អើតក្បាលមកចឹក បណ្តាឱ្យឈឺចុកចាប់យ៉ាងខ្លាំង។ ភ្លាមៗនោះ ក្រុមគ្រួសារ បានយកក្រមាចងរឹតជើងនៅម្តុំខាងលើនៃកន្លែងពស់ចឹកនោះ ហើយវាយសម្លាប់ពស់នោះនៅនឹងកន្លែងដែលមានទំហំប៉ុនកជើង ។
ឈ្មោះ លឿន កាំម៉ារី បានរៀបរាប់ហេតុការណ៍ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៣ ខែ មិថុនា នេះថា៖«បន្ទាប់ពីនោះក្រុមគ្រួសារ បញ្ចូនតាមឡានទៅមន្ទីរពេទ្យក្រុងបានលុង និងបានប្រាប់ពីប្រភេទពស់ដែលចឹកនោះ។ ក្រោយមកគ្រូពេទ្យបានចាក់ថ្នាំ ទើបអាការៈចុកចាប់បានធូរស្រាលបន្តិច ប៉ុន្តែនៅឈឺស្នាមរបួស និងពុំទាន់អាចដើរបានរយៈពេល ១១ ថ្ងៃមកហើយ»។

កាំម៉ារី ក៏បានក្រើនរំឭកប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ការពារប្រសើរជាងព្យាបាលចំពោះសត្វអាសិរពិស ក្នុងរដូវវស្សានេះ។ បើតាមការរៀបរាប់របស់ស្រ្តីដែលត្រូវបានពស់ចឹកនោះ នៅរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំដី មានទឹកពេញទន្លេទឹកអូរ បឹង បួរ ថ្លុកត្រពាំង នៅតាមទីព្រៃភ្នំសើម ជារឿយៗធ្វើឱ្យសត្វពស់មានអាសិរពិសផ្លាស់ប្ដូរទីលំនៅជាចាំបាច់ដោយពួកវាត្រូវតែស្វែងរកទីជម្រកថ្មីជាបណ្ដោះអាសន្ន។

សត្វទាំងនោះភាគច្រើន ចូលចិត្តរស់នៅទីកន្លែងគម្ពោតព្រៃ កន្លែងងងឹត ដើមចេក គុលស្លឹកគ្រៃ គំនរសំរាម និងគំនរឈើចាស់ៗដែលទុកយូរ។ សត្វពស់ចូលចិត្តរស់នៅព្រៃជុំវិញផ្ទះ និងគំនរអុស ដើម្បីចាប់សត្វកណ្តុរ កង្កែប ឬមាន់ធ្វើជាចំនី និងធ្វើសំបុកសម្រាប់បង្កើតកូន។ ដូច្នេះនៅពេលដែលមនុស្សដើរទៅជិតតំបន់របស់វា ពស់ក៏ចឹក អាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត បើមិនជួយសង្គ្រោះទាន់ពេល ឬយកទៅមន្ទីរពេទ្យ ។ លើសពីនេះទៀតប្រភេទ សត្វខ្ទួយ ខ្ញាដំរី ក្អែប ក៏មានពិសដែរ នៅពេលវា ទិច ឬខាំដែលអាចបង្កការរំខានដល់ការរស់នៅ។
គន្លឹះចម្បងៗមួយចំនួន ដែលយើងអាចយកមកអនុវត្តបាន ត្រូវកម្ចាត់ចោលនូវប្រភពចំណីរបស់ពស់ ដែលមានដូចជា កណ្ដុរ និងកង្កែប ជាដើម។ បើកាលណាផ្ទះសម្បែងរបស់យើងសម្បូរដោយកណ្ដុរ ឬកង្កែប នោះប្រហែលជាកត្តាចម្បងមួយដែលទាក់ទាញសត្វពស់ឱ្យចូលមកនៅរស់។

បើសិនជាអាច គួររកអ្វីមកបិទរន្ធបំពង់បង្ហូរទឹកនានានៅក្នុងផ្ទះជាបណ្ដោះអាសន្ន ឬធ្វើជាសំណាញ់ដាក់ចំកន្លែងបង្ហូរទឹកទាំងនោះក៏បាន ។ បិទទ្វារផ្ទះឱ្យជិតល្អ ដោយមិនត្រូវបន្សល់ប្រហោង ឬចន្លោះណាមួយឡើយ ព្រោះងាយស្រួលឱ្យសត្វពស់វារចូលបាន។ នារដូវវស្សា អាចពាក់ស្បែកជើងកវែង និងខោជើងវែង នៅរាល់ពេលធ្វើដំណើរចូលក្នុងព្រៃ និងកុំប៉ះឬរំខានសត្វពស់ឱ្យសោះក្នុងករណីដែលប្រទះឃើញ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


