ព័ត៌មានជាតិ
ករណីទាហានថៃរករឿងពលរដ្ឋខ្មែរនៅប្រាសាទតាមាន់ធំ អ្នកជំនាញថា ជាចេតនាបញ្ឆេះកំហឹង
កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បណ្តាញសង្គមបានបង្ហោះពីទាហានថៃរករឿងពលរដ្ឋខ្មែរដែលទៅលេងប្រាសាទតាមាន់ធំរហូតចង់ប្រើអំពើហិង្សា ដែលសកម្មភាពទាំងអស់នេះ អ្នកជំនាញ ២រូប នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា ជាការរំលោភបំពានលើទឹកដីខ្មែរដដែលៗពីជនជាតិថៃ និងមិនគោរពតាមច្បាប់អន្តរជាតិ គឺព្យាយាមបញ្ឆេះកំហឹងមកកម្ពុជា ចង់បង្កសង្គ្រាម ប៉ុន្តែ កម្ពុជាប្រកាន់ខ្ជាប់នូវពិធីការទូត ច្បាប់អន្តរជាតិ និងមានការអត់ធ្មត់ខ្ពស់។

ករណីប្រជាជនកម្ពុជាទៅលេងប្រាសាទតាមាន់ធំ ដែលស្ថិតនៅលើទឹកដីរបស់ខ្លួនសោះ ប៉ុន្តែ បែរជាទាហានថៃរករឿងប្រជាជនខ្មែរ លោក បណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ កម្ពុជាថ្មី ថា ទាំងនេះ គឺជាឥរិយាបថដដែលៗ របស់ប្រជាជាតិដែលតែងតែរំលោភឈ្លានពានទឹកដី ប្រាសាទ និងវប្បធម៌ខ្មែរ។ លោកបន្តថា ឥរិយាបថរបស់ថៃបែបនេះ បង្ហាញពីការឥរិយាបថព្រហើន មិនគោរព មិនឱ្យតម្លៃ ចំពោះច្បាប់អន្តរជាតិ មិនគោរពគោការណ៍ និងធម្មនុញ្ញអាស៊ាន និងកិច្ចសហប្រតិបត្តិការទ្វេភាគី។
បណ្ឌិត យង់ ពៅ និយាយថា៖ “ទាហានថៃមិនចង់ឱ្យកម្ពុជាយើងទៅលេងនៅប្រាសាទតាមាន់ធំ ឬក៏ប្រាសាទផ្សេងៗហ្នឹងគឺគេចង់បង្កើតភាពស្របច្បាប់។ កាលណាយើងកាន់តែមិនទៅ គឺគេគិតថាយើងលែងត្រូវការប្រាសាទហ្នឹង”។ ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា ថៃចង់ប្រើយុទ្ធសាស្ត្របែបនេះ ដដែលៗដើម្បីដណ្តើមប្រាសាទរបស់ខ្មែរទៅ ហេតុនេះ កម្ពុជាមិនត្រូវឱ្យថៃដណ្តើមបានឡើយ ត្រូវទៅទស្សនាគ្រប់តំបន់ដែលមានបញ្ហា នៅកម្ពុជា ពោល គឺមិនអាចបណ្តោយឱ្យថៃធ្វើតាមអំពើចិត្តនោះទេ។

មិនខុសពីបណ្ឌិត យង់ ពៅ នោះទេ ចំពោះករណីខាងលើ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា នេះគឺជាឥរិយាបថបង្ករឿងរបស់ភាគីថៃ ដោយលោកថា ការបង្ករឿងម្តងហើយម្តងទៀត គឺចង់ឱ្យកម្ពុជាអស់ការអត់ធ្មត់ បង្កជាសង្គ្រាម និងផ្ទុះអាវុធដាក់គ្នារវាងកងទ័ពប្រទេសទាំង២។ សម្រាប់ករណីនេះ លោកបណ្ឌិត ថា កម្ពុជាបានប្រកាន់យកការអត់ធ្មត់ខ្ពស់បំផុតតាមរយៈការដោះស្រាយដោយសន្តិវិធី ការទូត និងរើសយកច្បាប់អន្តរជាតិមកដោះស្រាយ ព្រោះថា កម្ពុជាមិនចង់បង្កសង្គ្រាមដែលនាំឱ្យជះផលអវិជ្ជមានដល់ប្រជាជននៃប្រទេសទាំង២នោះទេ ជាពិសេស គឺប្រជាជនដែលរស់នៅតាមបណ្តោយព្រំដែនតែម្តង។
មួយវិញទៀត ចំពោះឥរិយាបថរបស់ប្រជាជនថៃមួយចំនួនដែលខឹងសម្បារកម្ពុជា និងចោទថា កម្ពុជាលួចទឹកដីថៃ លោកបណ្ឌិត គិន ភា យល់ថា មកពីប្រជាជនថៃទទួលបានការអប់រំ និងបញ្ឆេះកំហឹង ការបំភ្លៃប្រវត្តិសាស្ត្រពីអ្នកនយោបាយថៃ ធ្វើឱ្យប្រជាជនពួកគេវង្វេងវង្វាន់ប្រវត្តិសាស្ត្រ មានជាតិនិយមជ្រុល និងតែងតែចោទប្រកាន់មកកម្ពុជា។ ជាមួយគ្នានេះ បណ្ឌិត ថា ប្រជាជនកម្ពុជា ក្នុងនាមជាម្ចាស់ ដែលមានវប្បធម៌ អរិយធម៌ល្អផូរផង់ តែងរក្សាភាពថ្លៃថ្នូរ មិនប្រព្រឹត្តទង្វើមិនគប្បីដូចជនជាតិថៃទេ។

បណ្ឌិត គិន ភា លើកឡើងថា៖ “ប្រជាពលរដ្ឋរបស់យើង យើងទៅទីនោះក្នុងនាមជាម្ចាស់ទឹក ម្ចាស់ដី ម្ចាស់ប្រាសាទ ម្ចាស់កេរដូនតារបស់យើង ម្ចាស់វប្បធម៌របស់យើង ម្ចាស់អរិយធម៌របស់យើង។ យើងអត់បានទៅដណ្តើមកេរមរតកនៃជាតិសាសន៍ដទៃណាទេ។ ហើយបើយើងបើកសៀវភៅប្រវត្តិសាស្ត្រមើល ទឹកដីខ្មែរធំទូលាយ សម្បត្តិបេតកភណ្ឌវប្បធម៌ដ៏មហាសាលនោះ ស្ទើរតែពេញមួយចំហៀងអាស៊ីអាគ្នេយ៍ទៅហើយ”។
ក្នុងនាមកម្ពុជា ជាម្ចាស់ទឹកដី ម្ចាស់សម្បត្តិវប្បធម៌ដ៏មហស្ចារ្យ បណ្ឌិត គិន ភា សំណូមពរឱ្យពលរដ្ឋកម្ពុជា បន្តឥរិយាបថថ្លៃថ្នូររបស់ខ្លួនក្នុងនាមជាម្ចាស់ កុំធ្វើទង្វើមិនសមរម្យណាមួយដូចក្រុមជ្រុលនិយមថៃ និងបន្តទៅទស្សនាប្រាសាទតាមាន់ធំ តាមាន់តូច និងប្រាសាទតាក្របី ឱ្យបានច្រើនបន្តទៀត៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


