Connect with us

ព័ត៌មានជាតិ

ខេត្តរតនគិរី នឹងទទួលឥទ្ធិពលព្យុះទីហ្វុង រ៉ាហ្គាសា ដែលអាចបង្កឱ្យមានជំនន់ទឹកភ្លៀង និងគ្រោះថ្នាក់ផ្សេងៗ

បានផុស

នៅ

តាមការព្យាករស្ថានភាពធាតុអាកាសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានឱ្យដឹងថា នៅថ្ងៃទី ២៤-២៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រព័ន្ធសម្ពាធទាប និងជ្រលងនៃព្យុះទីហ្វុង រ៉ាហ្គាសា លើកទី១៨ បាននឹងកំពុងមានឥទ្ធិពលមកលើខេត្តនេះ។ ស្ថានភាពបែបនេះ និងធ្វើឱ្យអាកាសធាតុមានពពកច្រើន ដេរដាស មានភ្លៀងផ្គររន្ទះពី តិច ទៅ ច្រើនខ្លាំង ភវនីយភាព ៨០% ខ្យល់កន្ត្រាក់បក់ក្នុងល្បឿនពី ៨ ទៅ ១២ ម៉ែត្រ/វិនាទី និងមានសីតុណ្ហភាពពី ២៣°C ទៅ ២៦°C អាចបង្កឱ្យមានជំនន់ទឹកភ្លៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមថ្ងៃទី ២៥ ខែកញ្ញានេះ មានភ្លៀងធ្លាក់បន្តបន្ទាប់គ្នាទាំងថ្ងៃទាំងយប់ បង្កឱ្យមានទឹកទន្លេអូរ ពេញព្រាបដោយទឹកចាប់ផ្តើមហក់ឡើងខ្លាំង នៅខេត្តភូមិភាគឦសានមួយនេះ។ មេឃបង្អុរភ្លៀងធ្លាក់ទាំងថ្ងៃនិងយប់នេះ ធ្វើឱ្យបណ្តាស្រុកភូមិមួយចំនួន នៅតាមបណ្តោយទន្លេសេសាន និងទន្លេស្រែពក រងការជន់លិចស្ពាន ស្រែចម្ការ និងផ្ទះសម្បែង ។

ជាមួយគ្នានេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី អំពាវនាវទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ អំពីស្ថានភាពភ្លៀងធ្លាក់ច្រើនលើសកម្រិតធម្មតា នឹងអាចកើតបាតុភូតផ្ទររន្ទះ ដើម្បីចៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដូចជាជំនន់ទឹកភ្លៀងដែលអាចកើតមានជាយថាហេតុ។

មន្ទីរធនធានទឹក ក៏បន្តអំពាវនាវទៅដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេសេសាន ត្រូវបានត្រៀមលក្ខណៈឱ្យ គ្រប់គ្រាន់ដូចជាស្បៀងអាហារ ទូក និងទីទួលសុវត្ថិភាពករណីទឹកជំនន់ជន់លិចលំនៅដ្ឋាន ដោយតំបន់មួយចំនួនកំពុងគំរាមកំហែងដោយសារទឹកជំនន់ ប្រសិនបើភ្លៀងនៅតែធ្លាក់ចុះទៀត៕

អត្ថបទ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម