ព័ត៌មានជាតិ
នៅចំពោះមុខភាពតានតឹងកម្ពុជា-ថៃ ជប៉ុនប្រកាសថា នឹងបន្តខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយភាពតានតឹងនេះ
រដ្ឋាភិបាលជប៉ុនតាមរយដ្ឋមន្រ្តីការបរទេសរបស់ខ្លួន បានប្រកាសអះអាងថា នឹងបន្តខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយភាពតានតឹងនៅព្រំដែនរវាងកម្ពុជា និងថៃ។ ការប្រកាសអះអាងនេះ ធ្វើឡើងនៅក្នុងជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក អ៊ីវ៉ាយ៉ា តាកេស៊ី (IWAYA Takeshi) រដ្ឋមន្ត្រីការបរទេសជប៉ុន នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។

នៅឯទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក អ៊ីវ៉ាយ៉ា តាកេស៊ី (IWAYA Takeshi) បានជួបជជែកពិភាក្សាគ្នាប្រមាណ៣០នាទី។ ក្រោយកិច្ចប្រជុំនេះ លោក ប្រាក់ សុខុន បានបញ្ជាក់ឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុករបស់លោកថា រដ្ឋមន្ត្រីការបរទេសទាំងពីរមានសេចក្ដីរីករាយដែលបានជួបគ្នាសារជាថ្មី និងបានឆ្លៀតឱកាសផ្តាំផ្ញើការសួរសុខទុក្ខយ៉ាងកក់ក្តៅពីគ្នាទៅវិញទៅមក បន្ទាប់ពីជំនួបប្រកបដោយផ្លែផ្កាកន្លងទៅចំនួនពីរក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុន កាលពីខែឧសភា ឆ្នាំ២០២៥ និងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ លោកប្រមុខការទូតកម្ពុជា បញ្ជាក់ឱ្យដឹងត្រឹមតែប៉ុណ្ណេះ ដោយមិនបានលើកឡើងលម្អិតឡើយពីជំនួបដ៏កម្រមួយនេះ។

ប៉ុន្តែ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជានាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបញ្ជាក់ចំៗ៣ចំណុចដែលរដ្ឋមន្រ្តីការបរទេសកម្ពុជា និងជប៉ុនបានជជែកពិភាក្សាក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។ ចំណុចទី១. គឺលោក អ៊ីវ៉ាយ៉ា បានសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់ជីវិតរបស់ប្រជាជនកម្ពុជា ដោយសារការប៉ះទង្គិចរវាងយោធាកម្ពុជា និងថៃ។ លោក អ៊ីវ៉ាយ៉ា បានសម្តែងនូវក្តីសង្ឈឹមថា ប្រទេសទាំងពីរនឹងបន្តគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយភាពតានតឹងនឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធីតាមរយៈការសន្ទនា។ លោករដ្ឋមន្រ្តីការបរទេសជប៉ុនក៏បានបញ្ជាក់ថាប្រទេសជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយភាពតានតឹងនេះ។
ចំណុចទី២. គឺរដ្ឋមន្ត្រីការបរទេសកម្ពុជា-ជប៉ុន ក៏បានផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចរវាងជប៉ុន និងកម្ពុជា និងបញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការ ដែលរួមចំណែកដល់ការលើកកម្ពស់ការវិនិយោគឯកជន និងការអភិវឌ្ឍឧស្សាហកម្ម ដូចជា កញ្ចប់សហបង្កើតសេដ្ឋកិច្ច, ការអភិវឌ្ឍកំពង់ផែព្រះសីហនុ, កិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថល និងការអភិវឌ្ឍបណ្តាញទូរគមនាគមន៍ស្នូលរួមមានប្រព័ន្ធ 5G ជាដើម។ ចំណែក ចំណុចទី៣. គឺរដ្ឋមន្ត្រីទាំងពីរ បានឯកភាពគ្នាបន្តសហការលើបញ្ហាក្នុងតំបន់ រួមមានសមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូង និងគោលនយោបាយចំពោះកូរ៉េខាងជើង ក៏ដូចជាបញ្ហានុយក្លេអ៊ែរ និងមីស៊ីល និងបញ្ហាចាប់ពង្រត់ផងដែរ។ ទាំងនេះ គឺជាការគូសបញ្ជាក់តែភាគីជប៉ុនប៉ុណ្ណោះ ដោយមិនមានសេចក្តីថ្លែងការណ៍រួម ឬសេចក្តីប្រកាសព័ត៌មាននៃជំនួបនេះនោះទេ។

គួរជម្រាបជូនថា ស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ នាពេលចុងក្រោយនេះ កាន់តែមានភាពតានតឹង និងមានការប្រុងជើងការខ្ពស់ពីសំណាក់កងទ័ពការពារជាតិកម្ពុជា ដោយសារតែរយៈពេល២ថ្ងៃជាប់គ្នានេះ មានលឺស្នូរបាញ់កាំភ្លើងនៅខាងភាគីថៃជាច្រើនគ្រាប់នៅក្បែរព្រំដែន។ កងទ័ពជើងគោក និងសារព័ត៌មានបានចោទមកកម្ពុជាថា បានបង្កហេតុទាំងនេះ។ ក៏ប៉ុន្តែ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ថា កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ។

ជាមួយគ្នាលោកស្រីអ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា កងកម្លាំងរបស់កម្ពុជាបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះការគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ជាមួយនឹងស្មារតីនៃការប្តេជ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិត កម្ពុជាតែងតែរក្សានូវកិច្ចសហការល្អជាមួយគ្នា។ ក្នុងនោះផងដែរ ក្រុមទំនាក់ទំនងរវាងកម្ពុជា-ថៃ នៅជួរមុខ គឺបានធ្វើការជាមួយគ្នាជាប់ជាប្រចាំ តាមរយៈការផ្តល់ព័ត៌មាន ឬការបញ្ជាក់គ្នាទៅវិញទៅមក ដើម្បចៀសវាងការភាន់ច្រឡំ ឬការបង្កភាពតានតឹងណាមួយដែលមិនចាំបាច់៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


