នយោបាយ
សម្តេចតេជោ បានទាត់ចោលការចោទប្រកាន់របស់មេទ័ពវៀតណាមដែលថាកម្ពុជានាំជំងឺឆ្លងទៅវៀតណាម
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃចន្ទនេះ បានបញ្ចេញប្រតិកម្មខ្លាំងៗទៅកាន់លោកឧត្តមសេនីយ៍ ងូ ស៊ុនចៀន មេទ័ពការពារព្រំដែនវៀតណាមដែលចោទប្រកាន់កម្ពុជាថា ជាប្រភពនាំជំងឺឆ្លងចូលទៅក្នុងប្រទេសវៀតណាម។ ពាក្យសម្តីនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ជាការប្រមាថដល់ប្រទេស និងប្រជាជនកម្ពុជា ដែលត្រូវតែមានការសុំទោស។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ និង សាងសង់គន្លងផ្លូវថ្មីវាងនៃក្រុងព្រៃវែង ព្រឹកថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២១ នេះ ប្រមុខដឹកនាំកម្ពុជា បានអះអាងថា ការលើកឡើងរបស់របស់មេទ័ពវៀតណាមនេះ គឺមិនអាចទទួលយកបានទេ ដែលតម្រូវឱ្យសម្តេចចេញមកនិយាយតបតទៅវិញ ដើម្បីការពារកិត្តិយសរបស់ប្រទេស និងប្រជាជនកម្ពុជាពីការមើលងាយនេះ។ ប៉ុន្តែ សម្តេចក៏បានគូសបញ្ជាក់ដែរថា ការលើកឡើងរបស់សម្តេចនេះ គឺសំដៅតែលើបុគ្គលមេទ័ពវៀតណាម ងូ ស៊ុនចៀន តែប៉ុណ្ណោះ មិនសំដៅទៅរដ្ឋាភិបាល និងគណបក្សកុំម្មុយនីស្តវៀតណាមឡើយ។

កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២0កន្លងទៅ មេទ័ពការពារព្រំដែនវៀតណាមបានរៀបចំសន្និសិទស្តីវិធានការការពារការឆ្លងជំងឺកូវីដ១៩តាមព្រំដែនវៀតណាម-កម្ពុជា។ នៅពេលនេះ លោក ងូ ស៊ុនចៀន បាននិយាយថា បើវៀតណាមមិនធ្វើការប្រុងប្រយ័ត្នទេ ជំងឺឆ្លងពីកម្ពុជានឹងចូលទៅវៀតណាម ដូចជំនន់ទឹកទន្លេមេគង្គ។ សម្តេចតេជោ បានហៅសម្តីបែបនេះថា បានធ្វើឱ្យសម្តេចមានការឈឺចាប់ និងថា មេទ័ពវៀតណាមរូបនេះ មិនត្រូវប្រើប្រាស់ពាក្យសម្តីយ៉ាងនេះមកលើប្រទេសជិតខាងនោះឡើយ។
សម្តេចនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា សម្តេចបានស្នើឱ្យរដ្ឋាភិបាលវៀតណាមដកឧត្តមសេនីយ៍រូបនេះចេញ តែវៀតណាមបែរជាបានដំឡើងស័ក្តិ និងតំណែងដល់មេទ័ពរូបនេះទៅវិញ។ សម្រាប់សម្តេចតេជោ ហ៊ុន សែន គឺកម្ពុជាតូចមែន តែមិនអនុញ្ញាតឱ្យគេមើលងាយដាច់ខាត។ ដូច្នេះហើយ ឧត្តមសេនីយ៍ ងូ ស៊ុនចៀន ត្រូវទទួលខុសត្រូវចំពោះការនិយាយរបស់ខ្លួន ហើយត្រូវតែសុំទោសដល់ប្រជាជនកម្ពុជាចំពោះពាក្យសម្តីប្រមាថនេះ៕
អត្ថបទ៖ វណ្ណ សុគន្ធា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


