នយោបាយ
លោក ទេព នីថា ៖ គ.ជ.ប ស្វាគមន៍នូវមតិយោបល់ តែសមត្ថកិច្ចរបស់ គ.ជ.ប គឺអនុវត្តទៅតាមច្បាប់
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានអះអាងថា រាល់មតិយោបល់របស់គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធគឺ គ.ជ.ប ស្វាគមន៍ ក៏ប៉ុន្តែសមត្ថកិច្ចរបស់ គ.ជ.ប គឺអនុវត្តទៅតាមច្បាប់ ដូច្នេះការស្នើសុំកែសម្រួលណាមួយ គឺអនុវត្តទៅតាមច្បាប់។

ការអះអាងនេះ បន្ទាប់ពីតំណាងគណបក្សយុវជនកម្ពុជា បានលើកឡើងជុំវិញមតិយោបល់របស់គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ នៅក្នុងសន្និបាតរបស់ គ.ជ.ប កាលពីខែកក្កដា ឆ្នាំ ២០២២កន្លងទៅនេះ និងបានលើកជាសំណួរថា តើ គ.ជ.ប បានទទួលយកបែបណាដែរ?
ជាការឆ្លើយតបលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប មានប្រសាសន៍នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពី ការប្រកាសផ្សព្វផ្សាយប្រតិទិន នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ នាព្រឹកថ្ងៃទី ២០ ខែកញ្ញានេះថា គ.ជ.ប ស្វាគមន៍នូវរាល់យោបល់របស់គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ដែលបានលើកឡើងក្នុងសន្និបាត កាលពីដើមខែកក្កដាកន្លងទៅនេះ។ ប៉ុន្តែ ស្ថាប័ន គ.ជ.ប គឺធ្វើអ្វីត្រូវអនុវត្តទៅតាមច្បាប់។
លោក ទេព នីថា បានបញ្ជាក់ថា «ជាទូទៅ គ.ជ.ប ស្វាគមន៍យោបល់ ដែលបានលើកឡើងនៅក្នុងសន្និបាត និងសូមអរគុណ ក៏ប៉ុន្តែសមត្ថកិច្ចរបស់ គ.ជ.ប គឺអនុវត្តទៅតាមច្បាប់ ចឹងការស្នើសុំកែសម្រួលណាមួយ គឺទៅតាមច្បាប់ ឧទាហរណ៍យើងសន្និបាតនៅកំពង់សោមលើកមុន យើងបានយកចំណុចមួយចំនួន យកមកបញ្ចូលក្នុងនីតិវិធីសម្រាប់ការបោះឆ្នោត នៅពេលចំពោះមុខនេះ គ្រាន់ថា សេចក្ដីព្រាងនេះយើងខ្ញុំអត់ទាន់ដល់ពេលវេលា នឹងចែកជូនគណបក្សនយោបាយ និងភាគីពាក់ព័ន្ធដើម្បីផ្ដល់យោបល់»។

មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានបញ្ជាក់ទៀតថា គ.ជ.ប បានយកយោបល់ ដែលបានលើកឡើងក្នុងសន្និបាតកន្លងមក មកពិនិត្យ និងដាក់បញ្ចូលក្នុងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ដោយផ្អែកលើច្បាប់ជាធរមាន។ លោកថា ការស្នើសុំខ្លះ ដែលមិនស្ថិតក្នុងច្បាប់ គឺ គ.ជ.ប គ្មានសិទ្ធិសម្រេចឡើយ ជាក់ស្ដែងករណីស្នើសុំ ឲ្យបង្កើតមណ្ឌលបោះឆ្នោតរួមមួយនៅតាមព្រំដែន គឺ គ.ជ.ប មិនមានសិទ្ធិធ្វើដូច្នេះឡើយ។
អគ្គលេខាធិការ គ.ជ.ប បានបន្ថែមទៀតថា «ដូចឧទាហរណ៍ថា សុំឲ្យបង្កើតមណ្ឌលបោះឆ្នោតរួមមួយ នៅតាមព្រំដែន គ.ជ.ប អត់មានសិទ្ធិទេ ព្រោះច្បាប់ដាក់ឲ្យការិយាល័យបោះឆ្នោតហ្នឹង គឺនៅក្នុងឃុំ-សង្កាត់ ហើយអ្នកបោះឆ្នោតជាអ្នកនៅក្នុងឃុំ-សង្កាត់ហ្នឹង ហើយមិនអាចទៅដាក់នៅព្រំដែន ឬដាក់នៅកន្លែងណាមួយ ឲ្យអ្នកណាមកបោះឆ្នោតបានទេ ចឹងការសម្រេចរបស់ គ.ជ.ប គឺផ្អែកលើច្បាប់ជាធរមាន។
លោក ទេព នីថា បានគូសបញ្ជាក់ថា មិនមែនរាល់មតិយោបល់របស់គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ គ.ជ.ប មិនយកចិត្តទុកដាក់នោះទេ គឺ គ.ជ.ប ធ្វើអ្វីដែលអាចបាន នៅក្នុងសមត្ថកិច្ចរបស់ខ្លួន៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


