Connect with us

សន្តិសុខសង្គម

ប្រទះឃើញសពជនបរទេសម្នាក់ ត្រូវរុំក្រណាត់និងចង ជើង ទម្លាក់ចោលនៅខណ្ឌសែនសុខ សង្ស័យករណីឃាតកម្ម

បានផុស

នៅ

ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសជនជាតិបរទេសម្នាក់ ក្នុងសភាពគួរឲ្យសង្ស័យ ដោយសពត្រូវបានរុំក្រណាត់ និងមានក្រម៉ាចងជើង បោះចោលនៅលើដីឡូតិ៍មួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកនៅជិតខាង និងសមត្ថកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ស្ថិតតាមបណ្តោយផ្លូវបេតុង ម្តុំអគ្គិសនីក្រាំងធ្នង់ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមការរាយការណ៍ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ពួកគេបានប្រទះឃើញវត្ថុសង្ស័យមួយ ត្រូវបានគេបោះចោលនៅលើដីឡូតិ៍ទំនេរ ហើយពេលចូលទៅពិនិត្យជិត បានភ្ញាក់ផ្អើលខ្លាំងក្រោយពេលដឹងថា ជាសពមនុស្ស។ ភ្លាមៗនោះ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកអន្តរាគមន៍។

ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងជំនាញពាក់ព័ន្ធ បានចុះមកដល់ទីតាំងកើតហេតុ និងបានធ្វើការហ៊ុមព័ទ្ធខ្សែសុវត្ថិភាពជុំវិញតំបន់ ដើម្បីឲ្យក្រុមជំនាញកោសល្យវិច័យធ្វើការត្រួតពិនិត្យលម្អិតលើសព។

ការពិនិត្យដំបូងបង្ហាញថា សពបុរសរងគ្រោះជាជនបរទេស ត្រូវបានរុំដោយក្រណាត់យ៉ាងតឹង និងមានការចងជើងដោយក្រម៉ា ដែលបង្កឲ្យមានការសង្ស័យខ្លាំងថា អាចជាករណីឃាតកម្ម មុននឹងយកមកបោះចោលនៅទីតាំងខាងលើ ដើម្បីបំបាត់ភស្តុតាង។

មកដល់ពេលនេះ សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវយ៉ាងសកម្ម ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ និងស្វែងរកជនសង្ស័យពាក់ព័ន្ធ មកផ្តន្ទាទោសតាមនីតិវិធីច្បាប់។ ខណៈសពត្រូវបានដឹកយកទៅរក្សាទុកនៅ វត្តទឹកថ្លា ដើម្បីបន្តការធ្វើកោសល្យវិច័យបន្ថែម និងស្វែងរកសាច់ញាតិមកទទួលយក៕ អត្ថបទ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម