កីឡា
គ្រូប្រទេសដើមកំណើតកីឡាបាល់ទាត់លើតុ មកបណ្ដុះបណ្ដាលកម្ពុជា ត្រៀមស៊ីហ្គេម ឆ្នាំ ២០២៣
សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូកម្រិតមូលដ្ឋាន និងអាជ្ញាកណ្ដាលអន្តរជាតិ ត្រៀមស៊ីហ្គេម ឆ្នាំ ២០២៣ រយៈពេល ៣ ថ្ងៃ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីពង្រឹងសមត្ថភាពឲ្យកាន់តែល្អប្រសើរ ត្រៀមធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម នាខែឧសភា ឆ្នាំ ២០២៣។

លោក Gao Feng អនុប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាបានថ្លែងនៅក្នុងពិធីបើកវគ្គថា «សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា គឺជាប្រភេទកីឡាថ្មី ទើបបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា លើកនេះ ហើយអ្នកទាំងអស់គ្នានៅទីនេះជាសមាជិកដ៏សំខាន់របស់សហព័ន្ធយើង។ យើងត្រូវរួបរួមគ្នាខិតខំសិក្សា និងអភិវឌ្ឍន៍សមត្ថភាពដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់លើតុរបស់យើង ឲ្យកាន់តែមានការរីកចម្រើនមួយកម្រិតទៀត»។

បន្ថែមពីលើនេះ លោក Gao Feng បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ សិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅពីគ្រូឧទ្ទេស ដែលជាមន្ត្រីជំនាញមកពីសហព័ន្ធកីឡាបាល់ទាត់លើតុអន្តរជាតិ ក្នុងវគ្គបណ្ដុះបណ្ដាលនេះ។ «ការទទួលខុសត្រូវ និងការខិតខំប្រឹងប្រែងរៀនសូត្ររបស់អ្នកទាំងអស់គ្នា ពិតជាមានសារៈសំខាន់ណាស់ ហើយខ្ញុំជឿជាក់លើរឿងនេះ ហើយខ្ញុំក៏មានការជឿជាក់ដែរថា ក្រុមជម្រើសជាតិបាល់ទាត់លើតុរបស់យើង នឹងអាចធ្វើបានល្អ ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា ក៏ដូចជាការប្រកួតស៊ីហ្គេមជាបន្តបន្ទាប់ទៀត»។

ជាមួយគ្នានេះ លោក អន ចន្ត្រាសំរិត អគ្គលេខាធិការរង សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាបានលើកឡើងថា បាល់ទាត់លើតុ គឺជាប្រភេទកីឡាថ្មីមួយសម្រាប់កម្ពុជា ហើយក៏ថ្មីសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមផងដែរ។ ជាមួយនឹងការបង្កើតថ្មីនូវសហព័ន្ធជំនាញកីឡាមួយនេះ ការបណ្ដុះបណ្ដាលធនធាន គឺជាការចាំបាច់បំផុត ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការបើកវគ្គបណ្ដុះបណ្ដាល គ្រូបង្វឹក កម្រិតមូលដ្ឋាន និងអាជ្ញាកណ្ដាលអន្តរជាតិ សម្រាប់ត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី ៣២ នាខែឧសភា ឆ្នាំ ២០២៣។

វគ្គបណ្ដុះបណ្ដាលនេះ បង្រៀនដោយគ្រូឧទ្ទេស គឺ លោក Marton Kereszturt ជាជនជាតិហុងគ្រី ដែលជាប្រទេសដើមកំណើត នៃប្រភេទកីឡា Teqball នេះតែម្ដង។ លោក Marton Kereszturt បានសន្យាថា លោកនឹងព្យាយាមបង្ហាត់បង្រៀនដល់សិក្ខាកាមកម្ពុជាឲ្យមានការយល់ និងបានដឹងពីលក្ខខណ្ឌ បទបញ្ជាប្រកួត និងប្រវត្តិ នៃប្រភេទកីឡា Teqball នេះ ឲ្យបានច្បាស់លាស់ ដើម្បីបង្កើនការអភិវឌ្ឍឲ្យបានលឿននៅក្នុងប្រទេសកម្ពុជា។
អគ្គលេខាធិការរងរូបនេះ គូសបញ្ជាក់ទៀតថា «ការបើកវគ្គបណ្ដុះបណ្ដាលនេះ ធ្វើយ៉ាងណាឲ្យយើងត្រៀមខ្លួនឲ្យបានមុតមាំ សម្រាប់ការប្រកួតស៊ីហ្គេម នាខែឧសភា ខាងមុខ។ តាមរយៈការសិក្សា និងអនុវត្តផ្ទាល់ជាមួយ គ្រូឧទ្ទេសមកពីប្រទេសដើម នៃកីឡា Teqball នេះ យើងរំពឹងថា សិក្ខាកាមកម្ពុជា នឹងទទួលបានទាំងចំណេះ និងជំនាញដ៏ពិតប្រាកដមួយ សម្រាប់យកទៅអនុវត្ត នៅពេលយើងធ្វើម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ខាងមុខនេះ»។
លោក អន ចន្ត្រាសំរិត បានបញ្ជាក់ថា «កីឡា Teqball មានការប្រកួតប្រជែងដូចប្រភេទកីឡាផ្សេងៗដែរ គ្រាន់តែមេដាយដែលយើងដណ្តើមបានមិនរាប់បញ្ចូលក្នុងបញ្ជីផ្លូវការ នៃស៊ីហ្គេមនោះទេ។ ទោះបែបនេះក្តី ក៏កីឡាករ កីឡាការិនីរបស់យើងមានទឹកចិត្តមុតមាំ និងឆន្ទៈពិតប្រាកដ ក្នុងការបង្ហាញសមត្ថភាព ក្នុងព្រឹត្តិការណ៍នេះឲ្យបានល្អ ព្រោះបន្ទាប់ពីបង្ហាញវត្តមានជាលើកដំបូងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះហើយ គឺ កីឡា Teqball នឹងត្រូវដាក់ឲ្យប្រកួតជាផ្លូវការក្នុងស៊ីហ្គេម ឆ្នាំ ២០២៥ តែម្ដង»។
សូមបញ្ជាក់ថា Teqball ជាប្រភេទកីឡាមួយ ក្នុងចំណោមប្រភេទកីឡាទាំង ៣៧ ដែលត្រូវបានដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ ២០២៣។ ប៉ុន្តែការប្រកួតកីឡា Teqball មិនត្រូវបានដាក់បញ្ចូលជាមេដាយផ្លូវការក្នុងស៊ីហ្គេមនោះទេ ពោលគឺគ្រាន់តែជាការប្រកួតមិត្តភាពធម្មតា រវាងប្រទេសចូលរួមចំនួន ៧ រួមមាន ម្ចាស់ផ្ទះ កម្ពុជា ហ្វីលីពីន ប្រ៊ុយណេ សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


