Connect with us

កីឡា

កីឡាករព្រះខ័នរាជស្វាយរៀង៣រូបកំពុងបង្កើតការចាប់អារម្មណ៍ខ្លាំង

បានផុស

នៅ

ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​កាន់​តែ​រឹង​មាំ​​ក្នុង​ពាន​រង្វាន់​​ខេមបូឌានព្រីមៀរលីគ​រដូវ​កាល​២០២៣-២៤ ជុំទី​៣ បន្ទាប់​ពីសមាជិក​ក្រុម​មួយ​ចំនួន​កាន់​តែ​ល្អ​​ប្រសើរ​បាន​ធ្វើ​ឲ្យ​ក្រុម​កាន់​តែ​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែ​ប្រយុទ្ធសញ្ជាតិ​កាណាដា Marcus Haber និង​ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាបសញ្ជាតិ​ប្រេស៊ីល Gabriel Silva លេច​ធ្លោ​ជាង​គេ​តាំង​ពី​ដើម​រដូវ​កាល​រហូត​ដល់​ឥឡូវ​នេះ ប៉ុន្តែ​​មាន​កីឡាករ​មួយ​ចំនួន​​​ទៀត​​បាន​​រីក​ចម្រើន​ខ្លាំង​មួយ​រយៈ​ពេល​ចុង​ក្រោយ។

សារព័ត៌មាន​«កម្ពុជា​ថ្មី» សូម​លើក​យក​កីឡាករ​៣​រូប​​ដែល​កំពុង​ល្អ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង។ ទី១ ខ្សែ​ការពារ សារ៉េត គ្រីយ៉ា បាន​​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​សម្រាប់​ទម្រង​លេង​របស់​គេ។ ក្នុង​​តួនាទី​ជា​ខ្សែ​ការពារ រារាំង​ដៃ​គូ​មិន​ឲ្យ​ស៊ុត​ចូល​ជា​កត្តា​ដ៏​ចាំ​បាច់​ហើយ ប៉ុន្តែ​រូប​គេ​​រក​បាន​គ្រាប់​បាល់​ជា​រឿយ​ៗ​​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ដែល​​ស្ទើរ​តែ​ដូច​ខ្សែ​ប្រយុទ្ធ​។

កាល​ពី​សប្តាហ៍​ទី​២២​ គ្រីយ៉ា បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​នៅ​ពេល​រូប​គេរក​បាន​១​គ្រាប់​ក្នុងជំនួប​ដែល​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ឈ្នះ អាយអេសអាយ ដង្កោសែន​ជ័យ ២-៤។ សម្រាប់​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់​សម្តេច​តេជោ រូប​គេរក​បាន១​គ្រាប់​ពេល​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ឈ្នះណាហ្គាវើលដ៍ ៦-០។

ទី​២ កីឡាករខ្មែរ-អាមេរិក Nick Taylor កាន់​តែ​ល្អ​ៗ​ទៅ បន្ទាប់​ពី​រូប​គេស្គាល់​បរិយាកាស​បាល់ទាត់​កម្ពុជា និង​មិត្ត​រួម​ក្រុម​កាន់​តែ​ច្បាស់​។ រូប​គេ​បាន​ចូល​រួម​ជា​មួយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​កាល​ពី​ដើម​រដូវ​កាល​២០២៣-២៤ ដោយ​បាន​បង្ហាញ​ខ្លួន​ក្នុង​​ការ​ប្រកួត Pre-Season ហើយ​ក៏​រក​បាន​គ្រាប់​បាល់​ជាបន្ត​បន្ទាប់។

សម្រាប់​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​ផ្លូវ​ការ​កាល​ពី​ជុំ​ទី​១ រូប​គេ​មិន​ទាន់​រក​បាន​គ្រាប់​បាល់​ទេ ប៉ុន្តែ​នៅ​តែ​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​លោក​គ្រូ​បង្វឹក Josep Muñoz សម្រាប់​ជម្រើស​១១​នាក់​ដំបូង។ លោក​គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញបាន​ប្រាប់«កម្ពុជា​ថ្មី»​ថា ៖«គាត់​ជា​កីឡាករ​ដ៏​ល្អ​ដែល​មាន​កាយ​សម្បទា​​មាំ​មួន​ ​មាន​ល្បឿន​លឿន។ ​គាត់​ជា​កីឡាករ​យល់​ច្បាស់​ពី​របៀប​លេង​​នៅ​​លើ​ទី​លាន សហការ​ជា​មិត្ត​រួម​ក្រុម​បាន​ល្អ។ ការ​សម្រេច​ចិត្ត​របស់​គាត់​​​លឿន​ ពេល​​​ត្រូវ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម ពេល​ណា​​ត្រូវ​មាន​ចលនា​បណ្តើរ​បាល់ ពេល​ណា​​ត្រូវ​លើក​បាល់​​ឲ្យ​មិត្ត​រួម​ក្រុម ឬ​ទាត់​ទី​ជា​ដើម»។

ការ​បង្ហាញ​ទម្រង់​លេង​កាន់​តែ​​ល្អ ទី​បំផុត​ Nick Taylor រក​បាន​គ្រាប់​បាល់​ដំបូង​​​នៅ​ក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា នៅ​ពេល​ព្រះ​ខ័ន​រាជ​ស្វាយរៀង​យក​ឈ្នះ​គិរីវង់សុខសែន​ជ័យ​ដោយ​លទ្ធផល ០-៤ កាល​ពី​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៤។ ចាប់​តាំង​ពី​រក​បាន​គ្រាប់​បាល់ រូប​គេ​ក៏​រក​បាន​គ្រាប់​បន្ត​បន្ទាប់​ទៀត​តាម​រយៈ​ជំនាញ​ស៊ុត​ជើង​ឆ្វេង​យ៉ាង​ល្អ​គួរ​ឲ្យ​ចាប់​អារម្មណ៍ និងជា​កីឡាករ​ Assist បានច្រើន​ជាង​គេ។

ទី​៣ កីឡាករ​កូតា​អាស៊ាន Bounkong Bounphachan មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះស្និទ្ធ​ស្នាល​​នឹង​ទី​លាន​លីគ​បាល់ទាត់​កំពូល​កម្ពុជា រហូត​ទទួល​​បាន​ការ​ទុក​ចិត្ត និង​​​ដាក់​ឲ្យ​លេង​ជម្រើស​១១​នាក់​ដំបូង​។

កាល​ពី​ដើម​រដូវ​កាល Bounkong ភាគ​ច្រើន​ត្រូវ​បានលោក Muñoz ដាក់​ឲ្យ​លេង​​ក្នុង​វគ្គ​ទី២​ ប៉ុន្តែ​ការ​បង្ហាញ​ខ្លួន​នៅ​វគ្គ​ទី​២ ​រូប​គេ​បង្កើត​សមិទ្ធផល​ល្អ​ច្រើន។ នៅ​សប្តាហ៍​ទី​៥ រូប​គេ​រក​បាន​គ្រាប់​បាល់​ដំបូង​​ នៅ​ពេល​ព្រះ​ខ័ន​រាជ​ស្វាយរៀង​យក​ឈ្នះអង្គរថាយហ្គឺរ​ដោយ​លទ្ធផល ៥-២។ ​សប្តាហ៍ទី​៦ រូប​គេត្រូវ​បាន​ដូរ​ចូល​វគ្គទី២ ក៏បង្កើត assist ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយ​រៀង​យក​ឈ្នះ​វិសាខា ១-០ ហើយ​ក្រោយ​ៗ​មក​ក៏​រក​បាន​គ្រាប់​បាល់​បន្តបន្ទាប់​ទៀត។

កីឡាករ Bounkong បានប្រាប់«កម្ពុជាថ្មី»ថា ៖«ការ​ស្នាក់​នៅក្នុងប្រទេសកម្ពុជាគឺមិនលំបាកទេសម្រាប់ខ្ញុំ។ ដោយ​សារ​របៀប​រស់នៅ​ទី​នេះ​មិន​សូវ​ខុស​គ្នា​នឹង​នៅឡាវ។ ម្ហូបអាហារ ការធ្វើដំណើរ ទំនាក់​ទំនង សម្រាប់​​ខ្ញុំគឺមានអារម្មណ៍​កក់ក្តៅ»។

ចំណែក លោក Josep Muñoz បាន​និយាយ​ថា ៖«Bounkoong ជាកីឡាករ​​​ឆ្លាត​វៃ​ដែល​យល់​ច្បាស់​ពីរបៀប​លេង​របស់​យើង។ គាត់​មាន​ទំនាក់​ទំនង​ល្អ និងឧស្សាហ៍ហ្វឹកហាត់»។

គិត​ត្រឹម​សប្តាហ៍​ទី​២២ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង មាន៥៦​ពិន្ទុ បន្ទាប់​ពី​ឈ្នះ១៨ ស្មើ២ និង​ចាញ់​២ នាំមុខ៧​ពិន្ទុ​លើ​ក្រុម​លេខ​២ ភ្នំពេញ​ក្រោន​ ដែល​មាន​៤៩​ពិន្ទុ។ ការ​ប្រកួត​ជុំទី៣ នៅ​សល់​តែ​៥​ប្រកួត​ទៀត​ប៉ុណ្ណោះ មុន​ពេល​យក​ក្រុម​កំពូល​ទាំង៤ (Top 4) ប្រកួតជុំទី៤​ស្វែង​រក​ជើងឯក៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម