កីឡា
វិសាខាប៉ះភ្នំពេញក្រោនថ្ងៃអាទិត្យនេះជាជំនួបគួរឲ្យចាប់អារម្មណ៍
បន្ទាប់ពីវាយបកដ៏មានប្រសិទ្ធភាពដើម្បីរកបាន៣ពិន្ទុពីបឹងកេតក្នុងសប្តាហ៍ទី២២ វិសាខាកាន់តែមានកម្លាំងចិត្តក្នុងការបើកទ្វារផ្ទះរបស់ខ្លួនទទួលភ្ញៀវល្អភ្នំពេញក្រោនសម្រាប់ការប្រកួតសប្តាហ៍ទី២៣ លីគបាល់ទាត់កំពូលកម្ពុជា វេលាម៉ោង៦ល្ងាច ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។

វិសាខាបានឆ្លងកាត់ឧបសគ្គធំដ៏ជោគជ័យក្នុងចំណោមឧបសគ្គធំ៣គឺការយកឈ្នះបឹងកេតដោយលទ្ធផល ១-២ ដើម្បីបង្កើនភាពកក់ក្តៅក្នុងការរក្សាខ្លួនតំបន់កំពូលទាំង៤ (Top 4)។ សប្តាហ៍ទី២៣នេះ លោកគ្រូ មាស ចាន់ណា ត្រូវធ្វើការធ្ងន់ទៀតដោយត្រូវជួបក្រុមលេខ២ភ្នំពេញក្រោនដែលបានក្លាយជាជំនួបដ៏គួរឲ្យចាប់អារម្មណ៍ប្រចាំសប្តាហ៍។
ឆ្លងកាត់២២សប្តាហ៍កន្លងទៅ វិសាខា រកបាន៣៨ពិន្ទុ កំពុងឈរចំណាត់ថ្នាក់លេខ៣ក្នុងតារាង បន្ទាប់ពីទទួលបានជ័យជម្នះ១២លើក ស្មើ២ និងចាញ់៨។ ចំណែកភ្នំពេញក្រោនកាលពីសប្តាហ៍ទី២២រកបានតែ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីស្មើជាមួយណាហ្គាវើលដ៍ ១-១ ដូច្នេះ២២ប្រកួតគឺឈ្នះ១៨ ស្មើ៤ និងចាញ់៣ មាន៤៩ពិន្ទុ កំពុងឈរចំណាត់ថ្នាក់លេខ២។

ជួបគ្នា២លើកក្នុងរដូវកាលនេះ វិសាខាមិនអាចរកបានពិន្ទុពីភ្នំពេញក្រោនឡើយ។ ជើងទី១ នៅកីឡដ្ឋានព្រីស៍ ភ្នំពេញក្រោនបានយកឈ្នះវិសាខាដោយលទ្ធផល ០-១ និងជើងទី២ វិសាខា បានចាញ់ ៣-១ នៅទឹកដីភ្នំពេញក្រោន។
ភ្នំពេញក្រោនមមាញឹកខ្លាំងក្នុងលីគ ពានរង្វាន់សម្តេចតេជោ និង AFC Cup ដែលធ្វើក្រុមជួបបញ្ហាច្រើន។ បន្ទាប់ពីចាញ់ក្រុមអូស្ត្រាលី អស់ភារកិច្ចក្នុងពានរង្វាន់ AFC Cup ភ្នំពេញក្រោនបានយកឈ្នះក្រសួងការពារជាតិ ១-២ ក្នុងសប្តាហ៍ទី២១ និងស្មើណាហ្គាវើលដ៍ ១-១ ក្នុងសប្តាហ៍ទី២២ ដូច្នេះភ្នំពេញក្រោននៅមិនទាន់រឹងដូចពីចុងរដូវកាលមុនទេ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ខ្សែបម្រើកណ្តាល Yudai Ogawa នឹងមិនអាចលេងបានទេនៅពេលប៉ះវិសាខាចុងសប្តាហ៍នេះ បន្ទាប់ពីរូបគេបានទទួលពិន័យកាតលឿន៦ដង។ ចំណែកចំណូលថ្មី Jelle Goselink អត់បានលេងសោះចាប់តាំងពីចូលរួមជាមួយភ្នំពេញក្រោនកាលពីជុំទី២ ខណៈខ្សែការពារ ជួន ចាន់ចាវ របួសមិនអាចចូលរួមបាន។
ស្របពេលជាមួយគ្នានេះ វិសាខា ក៏បង្ហាញទម្រង់លេងពេលខ្លះល្អ ពេលខ្លះក៏មិនសូវល្អ។ ជាក់ស្តែងពួកគេបានចាញ់ អាយអេសអាយ ដង្កោសែនជ័យ ៤-២ នៅក្នុងផ្ទៃរបស់ខ្លួន កាលពីសប្តាហ៍ទី២១ ប៉ុន្តែនៅសប្តាហ៍ទី២២ បានយកឈ្នះបឹងកេត ១-២ នៅក្រៅផ្ទះ។

អ្វីដែលគួរឲ្យកត់សំគាល់គឺសមាជិកបរទេស៣រូបរបស់វិសាខាកំពុងបង្ហាញទម្រង់លេងសហការគ្នាល្អ។ ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Victor Blasco ខ្សែប្រយុទ្ធប្រេស៊ីល Jonata និងខ្សែប្រយុទ្ធអេស្ប៉ាញ Youssef Ezzejjari បានសហការគ្នាយ៉ាងល្អក្នុងជ័យជម្នះ ១-២ លើបឹងកេត។

ជំនួបធំនេះ ទោះបញ្ចប់ដោយលទ្ធផលបែបណា ក៏ចំណាត់ថ្នាក់របស់ក្រុមទាំងពីរមិនមានការប្រែប្រួលឡើយ។ ក្រុមទាំងពីរនៅតែបន្តឈរក្នុងតំបន់ Top 4 យ៉ាងរឹងមាំដដែល។ គ្រាន់តែថា ក្រុមឈ្នះនឹងបង្កើនពិន្ទុដើម្បីប្រជែងជាមួយក្រុមកំពូលតារាង។

បន្ទាប់ពីចប់ជុំទី៣ ស្មើនឹង២៧សប្តាហ៍ ក្រុមកំពូលតារាង៤នឹងបន្តប្រកួតសន្សំពិន្ទុទៀតដើម្បីស្វែងរកជើងឯក ខណៈក្រុមចំណាត់ថ្នាក់លេខ៥ដល់១០អស់ឱកាសប្រជែងជើងឯក៕
គូប្រកួតសប្តាហ៍ទី២៣
- ព្រៃវែង vs ក្រសួងការពារជាតិ (ម៉ោង៣:៤៥នាទីរសៀល ថ្ងៃសៅរ៍ ទី២ មីនា)
- ព្រះខ័នរាជស្វាយរៀង vs អង្គរថាយហ្គឺរ (ម៉ោង៦ល្ងាច ថ្ងៃសៅរ៍ ទី២ មីនា)
- ISI ដង្កោសែនជ័យ Vs ណាហ្គាវើលដ៍ (ម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី៣ មីនា)
- បឹងកេត vs គិរីវង់សុខសែនជ័យ (ម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី៣ មីនា)
- វិសាខា vs ភ្នំពេញក្រោន (ម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី៣ មីនា)
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


