កីឡា
ហេតុអ្វីការដាក់ពិន្ទុគុនខ្មែរ នៅតែមានបញ្ហាជាបន្តបន្ទាប់?
ការដាក់ពិន្ទុក្នុងការប្រកួតគុនខ្មែរមានបញ្ហាជាបន្តបន្ទាប់ ធ្វើឲ្យមហាជន និងអ្នកគាំទ្ររិះគន់ចំពោះចៅក្រុម និងគណៈកម្មការរៀបចំការប្រកួតនៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ នេះមិនមែនជារឿងថ្មីទេ ប៉ុន្តែធ្លាប់កើតមានជាយូរមកហើយ។

នៅល្ងាចថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ លោក ខូវ ឆាយ ប្រធានសហព័ន្ធគុនខ្មែរ បានឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់លោក ជូន ណារិទ្ធ ស្នងការប៉ូលិសក្រុងភ្នំពេញថា ពិតជាមានកំហុសឆ្គងខ្លះមិនខានអំពីការដាក់ពិន្ទុ ពីព្រោះជារៀងរាល់សប្តាហ៍មានការប្រកួតច្រើនកម្មវិធី ហើយមិនក្រោម១០០គូទេ។
តើហេតុអ្វីបានជាការដាក់ពិន្ទុនៅជាបញ្ហាមិនចេះចប់នៅក្នុងកីឡាប្រដាល់គុនខ្មែរ? ចម្លើយមានច្រើន និងស្មុគស្មាញ។ វាអាចបណ្តាលមកពីកត្តាបក្សពួកនិយម គំនុំ ចំណេះដឹងនៅមានកម្រិត ឬកង្វះឧបករណ៍ជាដើម។
បញ្ហបក្សពួកនិយម
ចៅក្រម អាជ្ញាកណ្តាល និងមន្ត្រីបច្ចេកទេសខ្លះ ជាគ្រូបង្វឹក មានក្លិបបង្ហាត់ប្រដាល់ផ្ទាល់ខ្លួន ហើយក៏ធ្លាប់ជាកីឡាករ។ អ្នកខ្លះជាមិត្តភក្តិ និងជិតស្និទ្ធជាមួយគ្នា។ ក្នុងករណីកូនសិស្សរបស់មិត្តភក្តិខ្លួនឡើងប្រកួត គឺចង់ ឬមិនចង់ ប្រាកដជាមានចិត្តទន់ទោទៅរកកូនសិស្សមិត្តភក្តិខ្លួនខ្លះមិនខាន។ ពេលកូនសិស្សរបស់ខ្លួនប្រកួតម្តង ហើយប្រសិនបើចៅក្រមនោះជាមិត្តភក្តិរបស់ខ្លួនវិញ ដូច្នេះជាពេលវេលាដែលអាចជួយគ្នាទៅវិញទៅមក។
នេះនិយាយត្រឹមចៅក្រមដាក់ពិន្ទុផង ប៉ុន្តែនៅមិនទាន់និយាយដល់ការចាប់គូដែលត្រូវមានខ្សែស្រឡាយទើបក្លិបខ្លះមានកីឡាករឡើងប្រកួតញឹកញាប់ ខណៈក្លិបខ្លះមិនសូវមានកីឡាករបានឡើងប្រកួតផង។

លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រកាសកាលទើបឡើងកាន់តំណែងថ្មីៗថា ក្នុងអាណត្តិរបស់លោកគឺមិនឲ្យកើតមានដាច់ខាតពីបញ្ហាបក្សពួកនិយម។ ការប្រកាសរបស់លោកគឺមានន័យថា ពិតជាមានបក្សពួកមែននៅក្នុងវិស័យប្រដាល់គុនខ្មែរ។
បញ្ហាគំនុំ
វាជាឱកាសសងសឹកគ្នាទៅវិញទៅមក តាំងពីខ្លួននៅជាកីឡាករ រហូតក្លាយជាមន្ត្រីចៅក្រម។ នៅពេលខ្លួននៅជាកីឡាករឡើងប្រកួត ហើយមានចៅក្រុម ឬមន្ត្រីបច្ចេកទេសណាម្នាក់ផ្តល់ឲ្យរឿងអយុត្តិធម៌ដល់ខ្លួនគឺ ចាំទុកក្នុងចិត្តដើម្បីសងសឹកថ្ងៃណាមួយ។
នៅពេលខ្លួនក្លាយជាចៅក្រម ឬអាជ្ញាកណ្តាល កាត់ក្តីក្នុងការប្រកួត ប៉ះចំកីឡាករ ឬសិស្សរបស់ក្លិប ឬចៅក្រមណាម្នាក់ដែលធ្លាប់ផ្តល់ការខកចិត្តដល់ខ្លួនគឺជាពេលវេលាសងវិញ។ មិនត្រឹមតែប៉ុណ្ណោះអាចការសងសឹកឲ្យខ្លួន សងសឹងឲ្យសិស្សរបស់ខ្លួន ឬសងសឹកឲ្យមិត្តភក្តិ ឬអ្នកជិតស្និទ្ធរបស់ខ្លួន។

ចំណេះជំនាញនៅមានកម្រិត
ជាចៅក្រម ឬអាជ្ញាកណ្តាលត្រូវមានចំណេះជំនាញពិតប្រាកដ បទពិសោធច្បាស់លាស់ និងប្រកាន់គោលការណ៍មិនលំអៀង។ យ៉ាងណា ចៅក្រមខ្លះ អាជ្ញាកណ្តាលខ្លះមិនសូវបានរៀនសូត្រខ្ពស់។ ពួកគាត់អាចបោះបង់ចោលការសិក្សាទាំងវ័យក្មេង ហើយចាប់អាជីពប្រដាល់។ ដល់ពេលពួកគាត់ឈប់ប្រដាល់ ពួកគេបានវិវត្តខ្លួនក្លាយជាចៅក្រម ជាអាជ្ញាកណ្តាល ឬជាគ្រូបង្វឹក តាមរយៈវគ្គបណ្តុះបណ្តាលដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
ទោះបីជាយ៉ាងណា ពួកគាត់ត្រូវការបំប៉នចំណេះជំនាញជាប្រចាំឲ្យស្របទៅតាមសម័យកាលទំនើប។ ពួកគាត់ត្រូវបន្តរៀនសូត្របន្ថែមទាំងមើលឯកសារដែលមានស្រាប់របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មើលក្បួនច្បាប់ប្រដាល់ផ្សេងៗដើម្បីអភិវឌ្ឍ និងស្វែងយល់ពីការរិះគន់ស្ថាបនារបស់មហាជន ហើយពិនិត្យមើលពីចំណុចខ្សោយរបស់ខ្លួនឯង។

កង្វះឧបករណ៍ប្រើប្រាស់
ក្នុងព្រឹត្តិការណ៍កីឡាផ្លូវការ ដែលមិនមែនអាជីពដូចជា កីឡាអូឡាំពិក កីឡាទ្វីបអាស៊ី និងកីឡាស៊ីហ្គេម មានប្រព័ន្ធដាក់ពិន្ទុដែលជាការងារងាយស្រួល និងមានប្រសិទ្ធភាពសម្រាប់ចៅក្រម។ ប្រការនេះអាចកាត់បបន្ថយបានច្រើនចំពោះភាពមិនប្រក្រតី។ ចំពោះការប្រកួតប្រដាល់អាជីពនៅលើពិភពលោកនៅមិនទាន់មានសម្ភារបច្ចេកទេសសម្រាប់ដាក់ពិន្ទុ។ ទោះបីជាយ៉ាងណា ប្រសិនបើមានឧបករណ៍ជំនួយដែលជាប្រព័ន្ធដាក់ពិន្ទុ ឬទីកន្លែងអង្គុយណាដែលងាយស្រួលដល់ចៅក្រមក៏កាន់តែល្អប្រសើរ។ បច្ចុប្បន្ន សង្វៀនខ្លះមានអ្នកថតច្រើនស្ទើរជុំវិញ ដូច្នេះពេលខ្លះធ្វើឲ្យពិបាកដល់ការតាមដានរបស់ចៅក្រម។
តើអាចមានអ្វីផ្សេងទៀតទេ? កាលពីជាង១០ឆ្នាំមុន អ្នកគាំទ្រឃើញច្បាស់នឹងភ្នែកនៅតាមសង្វៀននីមួយៗ មានឈ្មួញភ្នាល់ដោយមានទូរសព្ទរាប់គ្រឿងនៅលើបន្ទះក្តារ។ ទោះជាយ៉ាងណា បច្ចុប្បន្ននេះ គ្រប់សង្វៀនទាំងអស់លែងមានហើយ ប៉ុន្តែក៏អាចមាននៅតាមហាកាហ្វេខ្លះ។
សូមបញ្ជាក់ថា ការលើកឡើងខាងលើនេះគឺគ្មានចេតនាក្នុងការវាយប្រហារលើបុគ្គលណាម្នាក់ទេ គឺគ្រាន់តែបង្ហាញថា វាជាមូលហេតុខ្លះដែលធ្វើឲ្យការដាក់ពិន្ទុមិនសូវបានល្អ ហើយសហព័ន្ធកីឡាប្រដាល់គុនខ្មែរក៏អាចរកវិធីសាស្ត្រដើម្បីលុបបំបាត់ ប្រសិនបើមានករណីបែបនេះ៕
ទស្សនស្មេរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២២ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


