កីឡា
អ្នកគាំទ្រកំពុងពេញចិត្ត ខ្សែបម្រើ ៣ នាក់នៅក្រុម U23 កម្ពុជា តែត្រូវបង្កើនខ្សែប្រយុទ្ធ
អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជា បានពេញចិត្តចំពោះសមត្ថភាពរបស់ខ្សែបម្រើកណ្តាល ៣ នាក់នៅក្នុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ ឆ្នាំ (U23) ដែលកំពុងក្លាយជាកម្លាំងសំខាន់សម្រាប់ព្រឹត្តិការណ៍អន្តរជាតិ ៣ ក្នុងឆ្នាំ ២០២៥។

ជូ ស៊ីនទិ អាយុ ២២ ឆ្នាំ កម្ពស់ ១.៦០ម៉ែត្រ មកពីក្លិប ព្រះខ័នរាជស្វាយរៀង ជាខ្សែបម្រើកណ្តាលដ៏ល្អតាមរយៈបច្ចេកទេស និងស្មារតី បានធ្វើឲ្យរូបគេតែងតែគ្រប់គ្រងបាល់ និងចែកបាល់ឲ្យមិត្តរួមក្រុម។ រូបគេមានបទពិសោធច្រើនទាំងក្នុងកីឡាស៊ីហ្គេម កីឡាបាល់ទាត់អាស៊ាន កីឡាបាល់ទាត់អាស៊ី និងជម្រុះបាល់ទាត់ពិភពលោក។

ស៊ីន សុវណ្ណមករា អាយុ ២០ ឆ្នាំ កម្ពស់ ១.៧៥ម៉ែត្រ មកពីក្លិបបាល់ទាត់ វិសាខា ជាកម្លាំងបម្រើកណ្តាលដ៏សំខាន់ទាំងនៅក្រុមបាល់ទាត់យុវជនកម្ពុជា និងក្រុមជម្រើសទី១។ រូបគេបានជាប់ជម្រើសជាតិកម្ពុជាក្នុងក្រុមធំតាំងពីឆ្នាំ ២០២១ និងមានបទពិសោធច្រើនសម្រាប់ការបង្ហាញខ្លួនលើឆាកអន្តរជាតិ។

លឹម លោកា អាយុទើប ១៨ ឆ្នាំមកពីក្លិប Auckland United របស់ប្រទេសនូវែលហ្សេឡង់ ពិតជាទទួលបានការកោតសរសើរពីអ្នកគាំទ្រខ្លាំងមែនទែនសម្រាប់ទម្រង់លេងយ៉ាងសកម្មភាពនៅតំបន់បម្រើការពារ លើកបាល់ពីជ្រុង និងចែកបាល់នៅតំបន់កណ្តាល។ រូបគេមិនទាន់ធ្លាប់បានចូលរួមជាមួយក្រុមធំជម្រើសជាតិកម្ពុជាទេ ប៉ុន្តែធ្លាប់បានចូលរួមជាមួយក្រុម U22 និង ក្រុម U18 សម្រាប់ការប្រកួតជម្រុះពានរង្វាន់យុវជនអាស៊ាន និងអាស៊ី។

កីឡាករទាំង ៣ នាក់នេះ កំពុងជួយក្រុម U23 កម្ពុជា ក្នុងពានយុវជនអាស៊ាន ASEAN U23 Championship នៅប្រទេសឥណ្ឌូណេស៊ី។ ពួកគេក៏នឹងក្លាយជាកម្លាំងមិនអាចខ្វះបានសម្រាប់ការប្រកួតជម្រុះពានយុវជនអាស៊ី 2026 AFC U23 Asian Cup ដែលកម្ពុជាធ្វើម្ចាស់ផ្ទះពូល G ដែលមានអ៉ីរ៉ាក់ អូម៉ង់ និង ប៉ាគីស្ថាន ចាប់ពីថ្ងៃទី ៣ ដល់ទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ និងកីឡាស៊ីហ្គេម លើកទី៣៣ នាខែធ្នូ នៅប្រទេសថៃ។

ទោះបីជាយ៉ាងណា ការមានខ្សែបម្រើល្អមិនគ្រប់គ្រាន់ទេក្នុងការស្វែងរកជ័យជម្នះលើដៃគូ។ រហូតដល់ពេលនេះ អ្នកគាំទ្រសង្កេតឃើញពីកង្វះខាតនៅតំបន់ប្រយុទ្ធ។ កម្ពុជាមានកីឡាករនៅតំបន់ប្រយុទ្ធច្រើន ប៉ុន្តែមិនទាន់មានកីឡាករណាម្នាក់លេចធ្លោខ្លាំងឡើយ ហើយនៅតំបន់ការពារក៏មិនសូវរឹងមាំដែរ។ កម្ពុជាត្រូវស្វែងរកកីឡាករប្រយុទ្ធតែមានទេពកោសល្យ បច្ចេកទេស និងកាយសម្បទាដើម្បីបង្កើនភាពមុតស្រួចនៅតំបន់ប្រយុទ្ធឲ្យគ្រោះថ្នាក់៕

អត្ថបទ៖ វីរបុត្រ
រូបថត៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


