ព័ត៌មានជាតិ
អ្នកជំនាញ៖ រដ្ឋាភិបាលរក្សាទុកព្រលានយន្តហោះចាស់ជាកម្មសិទ្ធិរដ្ឋគឺជាការគិតគូរវែងឆ្ងាយប្រកបដោយគតិបណ្ឌិត
អ្នកជំនាញសេដ្ឋកិច្ច និងទស្សនវិជ្ជា បានកោតសរសើរចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការរក្សាទុកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាសម្បត្តិរដ្ឋ ហើយប្រែក្លាយទៅជាសួនច្បារសាធារណៈ ដោយចាត់ទុកថា គឺជាការគិតគូរវែងឆ្ងាយប្រកបដោយគតិបណ្ឌិត និងសុខមាលភាពរបស់ប្រជាជន។

ការលើកឡើងនេះ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ បានអះអាងជាសាធារណៈថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលគេស្គាល់ជាទូទៅថា អាកាសយានដ្ឋានពោធិ៍ចិនតុង មិនត្រូវបានលក់ទៅឱ្យក្រុមហ៊ុនឯកជនណាមួយឡើយ ហើយនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ សម្តេចបញ្ជាក់ថា ការអភិរក្សទីតាំងនេះសម្រាប់បម្រើឱ្យគោលបំណងពីរធំៗ ដោយមួយផ្នែកសម្រាប់យន្តហោះចុះចតពេលមានអាសន្ន និងមួយផ្នែកទៀតកែច្នៃទៅជាសួនច្បារសាធារណៈសម្រាប់ប្រជាជនដើរលេងកម្សាន្ត និងផលប្រយោជន៍រួមផ្សេងៗទៀត។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា យល់ថា ការសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីកម្ពុជាលើការប្រើប្រាស់ព្រលានយន្តហោះចាស់នេះ គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត ជាការគិតវែងឆ្ងាយគ្រប់ទិដ្ឋភាព និងគិតគូរដល់សុខុមាលភាពប្រជាពលរដ្ឋ។ លើសពីនេះ ការរក្សាទុកអគារទាំងអស់នេះ គឺជាមរតកប្រវត្តិសាស្រ្តដែលបន្សល់ទុកយូរឆ្នាំមកហើយភ្ជាប់មកជាមួយប្រវត្តិនៃការដឹកនាំតាំងពីសម័យមុន ជាពិសេស សម្តេចនរោត្តមសីហនុ សម្តេចព្រះបរមរតនកោដ ដែលបានបន្សល់ស្នាដៃនេះ។ ព្រលានយន្តហោះនេះ បន្សល់ទុកនូវការចងចាំដល់ពលរដ្ឋខ្មែរ និងអ្នកធ្វើដំណើរគ្រប់ទិសទី។
ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង លើកទឹកចិត្តដល់រដ្ឋាភិបាលឱ្យរៀបចំជាសារមន្ទីរ ឬមហោស្របបែបទំនើបដើម្បីបង្ហាញវប្បធម៌កម្ពុជា និងជាការបណ្តុះស្មារតីស្នេហាជាតិ។ លោករំលេចថា៖«សារមន្ទីរជាកន្លែងមួយដែលបង្ហាញនូវមរតកវប្បធម៌ទាំងរូបិយ និងអរូបិយ ហើយបើសិនជាបន្ថែមពីសារមន្ទីរឱ្យទៅជាមហោស្រពបែបទំនើប សម្រាប់សម្តែង បង្ហាញនូវមរតកវប្បធម៌កម្ពុជាជារឿងប្រសើរ ដែលជាការបណ្តុះនូវគំនិតស្នេហាជាតិ ឬជាតិនិយម»។

ជាមួយគ្នានេះ អ្នកជំនាញសេដ្ឋកិច្ចលោកបណ្ឌិត គី សេរីវឌ្ឍន៍ យល់ស្របថា ការរក្សាទុកព្រលានយន្តហោះចាស់ធ្វើជាសួនច្បារសាធារណៈនេះជាចំណុចមួយដ៏ល្អប្រសើរ ស្របទៅនឹងភ្នំពេញដែលមានឈ្មោះថា ទីក្រុងស្អាត ជាពិសេសគឺបានផលប្រយោជន៍រួមទាំងអស់គ្នា។ លោកថា៖« ក្នុងន័យនេះ ការរៀបចំសួនច្បារឱ្យកាន់តែច្រើន ទើបបានបង្ហាញការរីកចម្រើននៃទីក្រុង និងការលូតលាស់នៃវិស័យសេដ្ឋកិច្ចកម្ពុជា។ អ៊ីចឹង!ចំណុចនេះខ្ញុំគាំទ្រ ចំពោះការទុកព្រលានយន្តហោះក្លាយទៅជាសួនច្បារសាធារណៈសម្រាប់មនុស្សទាំងអស់ទទួលបានផលប្រយោជន៍ទាំងអស់គ្នា»។
សម្រាប់លោក គី សេរីវឌ្ឍន៍ មើលឃើញទៀតថា ទីតាំងព្រលានចាស់នោះ បើសិនជាអាចរដ្ឋគួរកែច្នៃអគារណាមួយបង្កើតឱ្យទៅជាមជ្ឈមណ្ឌលនវានុវត្តន៍ ដើម្បីឱ្យយុវជនដែលមានទេព្យកោសល្យក្នុងការកែច្នៃ អ្វីផ្សេងៗ ទៅអង្គុយនៅទីលានដែលមានសួនច្បារស្អាតនេះ ដើម្បីផ្ចង់គំនិតបង្កើតអ្វីដែលថ្មីសម្រាប់ប្រទេសកម្ពុជា។ ព្រោះថា មជ្ឈមណ្ឌលនានុវត្តន៍នេះ អាចនឹងជួយជំរុញឱ្យការបណ្តុះបណ្តាល ការលូតលាស់នៃការបង្កើតអ្វីថ្មីៗសម្រាប់ប្រទេសកម្ពុជា។
សម្រាប់លោកបណ្ឌិតទាំងពីរ ក៏បានសម្តែងការគាំទ្រចំពោះរដ្ឋាភិបាលដែលមានគម្រោងជួលអគារក្នុងអាកាសយានដ្ឋានទៅឱ្យវិស័យឯកជនសម្រាប់ធ្វើពាណិជ្ជកម្ម ព្រោះរដ្ឋនឹងទទួលបានចំណូលពីនេះ ខណៈការថែទាំងព្រលានយន្តហោះចាស់គ្រោងចំណាយ ៣លានដុល្លារ ក្នុងមួយឆ្នាំៗ។

គួរជម្រាបថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពីដើមមានឈ្មោះអាកាសដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានកសាងឡើងក្នុងឆ្នាំ ១៩៥៤ លើផ្ទៃដីសរុប ៣៨៦.៥០ ហិកតា ដែលគិតមកដល់ឆ្នាំ ២០២៥ មានអាយុកាលប្រមាណ ៧០ ឆ្នាំហើយ។ បច្ចុប្បន្ន អាកាសដ្ឋានអន្តរជាតិភ្នំពេញ ជាទ្រព្យសម្បត្តិរបស់រដ្ឋ ស្ថិតនៅក្រោមការដឹកនាំ គ្រប់គ្រងនិងថែរក្សាដោយរដ្ឋលេខាធិការដ្ឋានអាកាសចរន៍ស៊ីវិល។ ចំពោះការប្រើប្រាស់ទីតាំងអាកាសយានដ្ឋាននេះទៅអនាគត គឺអាស្រ័យលើទស្សនទានរបស់រាជរដ្ឋាភិបាល៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


