ព័ត៌មានអន្ដរជាតិ
តម្លៃមាសអន្តរជាតិដាំក្បាលចុះក្នុងរយៈពេល១ថ្ងៃយ៉ាងគំហុកបំផុតជាង ១ ទសវត្សរ៍
តម្លៃមាសអន្តរជាតិនៅថ្ងៃអង្គារ បានដាំក្បាលចុះជាង ២០០ ដុល្លារ/អោន ក្នុងរយៈពេលត្រឹមតែ ១ ថ្ងៃ ដោយនេះជាការធ្លាក់ចុះដ៏គំហុកបំផុតនៃប្រវត្តិសាស្រ្តជួញដូរមាស ដែលមិនធ្លាប់មានរាប់តាំងពីឆ្នាំ ២០១៣។

តម្លៃមាសជួញដូរដោយផ្ទាល់ បានធ្លាក់ចុះ ២២៨,៦៥ ដុល្លារ ឬ ៥,២៧ ភាគរយ ដល់ ៤ ១១៣,៧ ដុល្លារ/អោន គិតត្រឹមម៉ោង ១០ យប់ថ្ងៃអង្គារ នៅទីក្រុងញូវយ៉ក (ម៉ោង ១០ ព្រឹកនៅក្រុងហុងកុង ថ្ងៃពុធ)។ ក្នុងវគ្គជួញដូរមុននោះនៅថ្ងៃអង្គារដដែល តម្លៃមាសបានធ្លាក់ចុះរហូតដល់ទៅ ៦,៣ ភាគរយ ដែលជាការធ្លាក់ចុះធំបំផុតក្នុងរយៈពេល ១២ ឆ្នាំ ដល់ក្រោម ៤ ១០០ ដុល្លារ/អោន។
ការធ្លាក់ចុះយ៉ាងគំហុកបែបនេះ កើតឡើងក្រោយតម្លៃមាសបានបំបែកកំណត់ត្រាខ្ពស់បំផុតជាបន្តបន្ទាប់ និងដល់ប្រមាណ ៤ ៣៨១ ដុល្លារ/អោន នៅថ្ងៃចន្ទ ជុំវិញភាពមិនប្រាកដប្រជាសកល ជាពិសេសពាក់ព័ន្ធនឹងជម្លោះពាណិជ្ជកម្មអាមេរិក-ចិន។ តម្លៃមាសហក់ឡើងលើស ៤ ០០០ ដុល្លារ/អោន ជាលើកដំបូងកាលពីសប្ដាហ៍មុន ហើយកើនជាង ៦០ ភាគរយ រួចទៅហើយ បើរាប់តាំងពីដើមឆ្នាំមក។
អ្នកវិភាគទីផ្សារបានលើកឡើងថា ការធ្លាក់ចុះជាប្រវត្តិសាស្រ្តនៅថ្ងៃអង្គារ កើតឡើងចំពេលដែលហានិភ័យនៃភាពតានតឹងពាណិជ្ជកម្ម និងភូមិសាស្រ្តនយោបាយបានស្រាកស្រាន្ត ហើយវិនិយោគិននាំគ្នាលក់មាសចេញទ្រង់ទ្រាយធំ ដើម្បីយកប្រាក់ចំណេញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
តម្លៃមាសហក់ឡើងជាថ្មីនៅប៉ុន្មានសប្ដាហ៍ចុងក្រោយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសពន្ធបន្ថែមថ្មីលើចិន ដែលកម្រិតការនាំចេញរ៉ែកម្រ ដោយបង្កភាពតានតឹងចុងក្រោយ។ យ៉ាងណាមិញ នៅថ្ងៃចន្ទ លោក ត្រាំ បាននិយាយថា លោករំពឹងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយស្មើគ្នាភាពគ្នាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅពេលមេដឹកនាំទាំង២ជួបគ្នានៅសប្ដាហ៍ក្រោយនៅប្រទេសកូរ៉េខាងត្បូង ដែលនេះបង្ហាញពីភាពស្រាកស្រាន្តនៃជម្លោះ។
លោក ត្រាំ ក៏និយាយផងដែរថា ហានិភ័យនៃជម្លោះជុំវិញបញ្ហាកោះតៃវ៉ាន់ មិនធ្ងន់ធ្ងរនោះទេ ខណៈមានសេចក្ដីរាយការណ៍ថា អាមេរិក និងឥណ្ឌា ជិតសម្រេចបានកិច្ចព្រមព្រៀងថ្មី ដែលបន្ថយពន្ធលើឥណ្ឌា។
ក្រៅពីនេះ កត្តាផ្សេងៗដែលធ្វើឱ្យតម្លៃមាសធ្លាក់ចុះរួមមាន ការស្ទុះឡើងវិញនៃតម្លៃប្រាក់ដុល្លារ ទិន្នន័យដែលបង្ហាញថាវិនិយោគិនទិញមាសច្រើនជ្រុល ភាពស្រពិចស្រពិលរបស់វិនិយោគិនជុំវិញការបិទរដ្ឋាភិបាលអាមេរិក និងការបិទបញ្ចប់រដូវកាលទិញមាសនៅឥណ្ឌាជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


