Connect with us

ព័ត៌មានជាតិ

អង្គការ​ទស្សនៈ​ពិភពលោក​អំពាវនាវ​ឱ្យ​មាន​ការ​ការពារ​កុំ​ឱ្យ​មាន​គ្រោះថ្នាក់​បន្ថែម​ទៀត​លើ​កុមារ​និង​សហគមន៍

បានផុស

នៅ

អង្គការ​ទស្សនៈ​ពិភព​លោក​អន្តរជាតិ​ប្រចាំ​កម្ពុជា បាន​បង្ហាញ​ក្ដី​បារម្ភ​បន្ទាប់ពី​មាន​ការ​ប៉ះ​ទង្គិច​ប្រដាប់​អាវុធ​រវាង​កម្ពុជា​និង​ថៃ​សាជាថ្មី និង​អំពាវ​នាវ​ឱ្យ​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​ការ​ពារ​កុំ​ឱ្យ​មាន​គ្រោះថ្នាក់​បន្ថែម​ទៀត និង​ធានា​សុវត្ថិភាព​ និង​សុខុមាលភាព​របស់​កុមារ និងសហគមន៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ WV ប្រចាំ​កម្ពុជា​ថ្ងៃទី៨ ខែ​ធ្នូ បាន​លើក​ឡើង​ថា​ពេល​នេះ​អង្គការ​កំពុង​វាយ​តម្លៃ​ពី​តម្រូវ​ការ​បន្ទាន់​និង​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​ដើម្បី​ជួយ​គាំទ្រ​ដល់​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​។

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ​លើក​ឡើង​ថា៖ «អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំ​នៅ​កម្ពុជា​មាន​ការ​ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចគ្នានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែល​បណ្តាល​ឱ្យ​មានការផ្លាស់ទី និងការរំខានដល់អាយុជីវិត។ កុមារគឺជាជនងាយរងគ្រោះបំផុត​ក្នុងវិបត្តិ​នេះ»។

នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ទស្សនៈពិភពលោក​ប្រចាំ​កម្ពុជា​លោក ជេណេស អ៊ីម៉ានួអែល ហ្គីនទីញ បាន​បង្ហាញ​ក្ដី​បារម្ភ​ថា​អង្គការ​លោក​ទើប​តែ​បាន​រៀប​ចំ​កម្មវិធី​ជួយ​ស្ដារ​ដល់​កុមារ​ និង​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ ហើយ​អ្វី​ដែល​កើត​ឡើង​នៅ​ពេល​នេះ​គឺ​បាន​បង្កើត​នូវ​ការ​ឈឺ​ចាប់​ និង​លំបាក​បន្ថែម​ទៀត​ដល់​ជន​ស៊ីវិល។

លោក​បន្ថែម​ថា​​៖ «ទស្សនៈ​ពិភពលោក និង​សហគមន៍​សប្បុរស​ធម៌​ យើង​បន្ត​សង្ឃឹម និង​បួង​សួង​សុំ​សន្តិភាព​​សម្រាប់​ប្រទេស​ទាំង​ពីរ​ដែល​អាច​រួម​គ្នា​ស្វែង​រក​សន្តិភាព និង​ដំណោះ​ស្រាយ​​ដែល​ស្ថិតស្ថេរ​»។

ដោយ​គ្មាន​ការ​ប្រកាស​ជា​មុន​ទាហាន​ថៃ​បាន​បើក​ការ​វាយ​ប្រហារ​មក​លើ​កម្ពុជា​តាម​បណ្តោយ​ព្រំ​ដែន​ចាប់​តាំង​ពី​ព្រឹក​ថ្ងៃទី​៨ ខែ​ធ្នូ បាន​បង្ខំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រត់​ភៀស​ខ្លួន​គេច​ទៅ​ទីតាំង​សុវត្ថិភាព​ជា​បន្តបន្ទាប់​ សាលា​រៀន​ក្នុងខេត្តជាប់បន្ទាត់ព្រំដែន​ជាមួយ​ថៃ​៤ខេត្ត​បិទទ្វារ​សរុប ៣៧៧សាលា គ្រូបង្រៀន៣១៩៧នាក់ ប៉ះពាល់សិស្សសរុប ៧៨ ៥៨៥នាក់។ ​ គិត​ត្រឹម​ម៉ោង​៦ព្រឹក​ថ្ងៃទី​៩ ខែ​ធ្នូ​នេះ​​មាន​មនុស្ស​ជាង​២ម៉ឺននាក់​បាន​ភៀស​សឹក ខណៈ​មនុស្ស​៧នាក់​ស្លាប់ និង​របួស​២០នាក់​៕

​​​អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម