Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តមណ្ឌលគិរី ឆ្មក់បង្ក្រាបបទល្មើសរ៉ែមាសខុសច្បាប់ និងព្រៃឈើ បាន៣ករណី

បានផុស

នៅ

កងកម្លាំងសមត្ថកិច្ចម្រុះក្នុងខេត្តមណ្ឌលគិរី បានចុះឆ្មក់បង្ក្រាបបទល្មើសរុករករ៉ែមាសខុសច្បាប់ និងបទល្មើសព្រៃឈើ បានចំនួន ៣ ករណី ដកហូតវត្ថុតាងមួយចំនួន និងកំពុងបន្តស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌិន ប៊ុនថាច ប្រធានការិយាល័យស្តីទីដែនជម្រកសត្វព្រៃភ្នំព្រេច–លំផាត់ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ថា ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោក ហាស់ វីបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្ត្រីជំនាញបានចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច–លំផាត់។ លោកបានបញ្ជាក់ថា ការប្រតិបត្តិការនេះបានអនុវត្តរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមករា ដែលជាលទ្ធផល មន្ត្រីជំនាញបានបង្ក្រាបបទល្មើសចំនួន ៣ ករណី រួមមាន ករណីរុករករ៉ែមាសខុសច្បាប់ចំនួន ២ កន្លែង និងករណីកាប់ព្រៃឈើខុសច្បាប់ចំនួន ១ កន្លែង។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន ម៉ាស៊ីនសាំងសម្រាប់បូមមាស ឈើ និងម៉ូតូសណ្តោងរ៉ឺម៉កគ្មានស្លាកលេខ។ វត្ថុតាងទាំងអស់ត្រូវបានយកមករក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំព្រេច–លំផាត់ ហើយអាជ្ញាធរកំពុងបន្តស្រាវជ្រាវស្វែងរកជនសង្ស័យពាក់ព័ន្ធ ដើម្បីចាត់វិធានការផ្លូវច្បាប់បន្តទៀត។

ទោះបីជាអាជ្ញាធរបានបង្ក្រាបបទល្មើសធនធានធម្មជាតិជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីក៏ដោយ ក៏នៅតែមានជនខិលខូចមួយចំនួនតូច បន្តចូលទៅក្នុងតំបន់ព្រៃការពារ ធ្វើសកម្មភាពកាប់ឆ្ការ រុករានទន្ទ្រាន និងរុករករ៉ែមាសដោយអនាធិបតេយ្យ។ លោក ឌិន ប៊ុនថាច បានព្រមានដល់ជនទាំងអស់ដែលកំពុងប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ឱ្យបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់ ព្រោះជាអំពើប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានធម្មជាតិ នឹងប្រឈមមុខការផ្តន្ទាទោសតាមច្បាប់។

ទន្ទឹមនេះ លោកអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតំបន់ក្បែរដែនជម្រកសត្វព្រៃ សូមមេត្តាចូលរួមថែរក្សាសម្បត្តិធនធានធម្មជាតិដ៏សម្បូរបែប ដើម្បីរក្សាព្រៃឈើ សត្វព្រៃ ជាពិសេសផ្តល់អនុផលដល់សហគមន៍អាចរកចំណូលផ្គត់ផ្គង់គ្រួសារ៕

 ដោយ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម