Connect with us

សេដ្ឋកិច្ច

IFC កំពុងសិក្សាលទ្ធភាពវិនិយោគលើកម្មវិធីមួយចំនួននៅកម្ពុជា និងវិនិយោគផ្ទាល់ពីបរទេស

បានផុស

នៅ

លោកស្រី Towfiqua Hoque តំណាង​សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា បាន​គូស​បញ្ជាក់​ថា បច្ចុប្បន្ន IFC កំពុងសិក្សាលទ្ធភាពវិនិយោគលើកម្មវិធីមួយចំនួន ដូច​ជា តំបន់សេដ្ឋកិច្ចពិសេសបៃតង មជ្ឈមណ្ឌល​ភស្តុភារកម្ម និងយន្តការហិរញ្ញប្បទានសម្រាប់ទាំងសហគ្រាសធុនតូចនិងមធ្យម និង​គម្រោង​វិនិយោគផ្ទាល់ពីបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម លោក ហែម វណ្ណឌី នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២៦ នេះ​ លោក​ស្រី Hoque បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ក្រុមបេសកកម្មរបស់ IFC នៅកម្ពុជា ដែលរួមមានជំនាញការផ្នែកកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ មកពីប្រទេសបង់ក្លាដេស មានគោលបំណងគាំទ្រដល់បរិវត្តកម្មវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា ដោយចែករំលែកបទពិសោធន៍ពីក្នុងតំបន់។

លោកស្រីបានលើកឡើងពីការងារដ៏ទូលំទូលាយរបស់ IFC ជាមួយនឹងម៉ាកយីហោសាកល កម្មវិធីហិរញ្ញប្បទានខ្សែច្រវាក់ផ្គត់ផ្គង់ ការគាំទ្រគម្រោង ‘រោងចក្រកាន់តែប្រសើរនៅកម្ពុជា’ និង​កម្មវិធីនិរន្តរភាព ដោយក្នុងនោះ IFC បានផ្តល់ហិរញ្ញប្បទានខ្សែច្រវាក់ផ្គត់ផ្គង់រយៈពេលខ្លី ប្រមាណ ១៥០ ទៅ ២០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

លោក​ស្រី Hoque បាន​អះអាង​ថា «បច្ចុប្បន្ន IFC កំពុងសិក្សាលទ្ធភាពវិនិយោគលើកម្មវិធីមួយចំនួន ដូចជាតំបន់សេដ្ឋកិច្ចពិសេសបៃតង មជ្ឈមណ្ឌលភស្តុភារកម្ម និងយន្តការហិរញ្ញប្បទានសម្រាប់ទាំងសហគ្រាសធុនតូចនិងមធ្យម និងគម្រោងវិនិយោគផ្ទាល់ពីបរទេស»។

ជា​ការ​ឆ្លើយ​តប លោក​រដ្ឋមន្ត្រី ហែម វណ្ណឌី បានកោតសរសើរ IFC ចំពោះការគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងបានកត់​សម្គាល់​ថា ខណៈដែលកិច្ចសហប្រតិបត្តិការកន្លងមកផ្ដោតខ្លាំងលើវិស័យហិរញ្ញ​វត្ថុ ដំណាក់កាល​បន្ទាប់គួរផ្តល់​អាទិភាពដល់ការពង្រីកវិសាលភាព និងតម្លៃបន្ថែមនៃវិស័យឧស្សាហកម្ម។

លោក​រដ្ឋមន្ត្រី បានលើកឡើងថា កំណើនឧស្សាហកម្មកម្ពុជានឹងត្រូវជម្នះបញ្ហាប្រឈមថ្មីៗ ពិសេសក្រោយការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ដែលទាមទារការធ្វើពិពិធកម្ម ការបង្កើនផលិតភាព និងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។

ជា​មួយ​គ្នា​នោះ លោក​រដ្ឋមន្ត្រី​ក៏បានជម្រាបជូនគណៈប្រតិភូពីសារសំខាន់នៃការអភិវឌ្ឍឧស្សាហកម្មប្រតិគមន៍ ដោយ​លើកឡើងថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការជាង ៣.០០០ មូលដ្ឋាន និង​បាន​អនុម័ត​គម្រោង​វិនិយោគក្នុងទំហំទុនខ្ពស់បំផុតមិនធ្លាប់មាន សរុបជាង ១០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៥ ប៉ុន្តែការប្រើ​ប្រាស់វត្ថុធាតុដើម​ក្នុងស្រុកក្នុងឧស្សាហកម្មទាំងនេះនៅមានកម្រិតនៅឡើយ។

បន្ថែម​ពី​នេះ លោក​រដ្ឋមន្ត្រី ហែម​ វណ្ណឌី បានស្នើឱ្យ IFC ផ្តល់ការគាំទ្របន្ថែមលើការ “ភ្ជាប់តួអង្គនៃខ្សែច្រវាក់ផ្គង់ផ្គង់” តាម​រយៈ​ការ​បណ្តុះបណ្តាលសហគ្រាសធុនតូច និងមធ្យមសក្តានុពល ក្នុងអនុវិស័យ ដូចជាផលិតកម្មអំបោះ គ្រឿងភ្ជាប់និងលម្អ សារធាតុគីមី វត្ថុធាតុដើមជាស្បែក និងការវេចខ្ចប់ជាដើម ដោយសង្កត់ធ្ងន់ថា សហ​គ្រាសធុនតូច និងមធ្យមគឺជាតួអង្គគន្លឹះសម្រាប់តម្លៃបន្ថែមខ្ពស់ និងភាពប្រកួតប្រជែង​រយៈ​ពេល​វែង និង​ស្នើ​ឱ្យ IFC គាំទ្រកម្ពុជាកំណត់​កត្តាផ្លាស់ប្តូរធំ (game changers) និងឧស្សាហកម្មសក្តានុពលថ្មីៗដែលកម្ពុជាមានឧត្តមភាពប្រកួត​ប្រជែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម