Connect with us

ព័ត៌មានជាតិ

បទ​វិភាគ៖ ​ហេតុអ្វី​បានជា​កម្ពុជា​កំពុង​បង្កើន​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត​ជាមួយ​ពិភពឥស្លាម?

បានផុស

នៅ

​កម្ពុជា​កំពុង​បង្កើន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​បណ្ដា​រដ្ឋ​ឥស្លាម​សំខាន់ៗ​ រួមមាន​ អារ៉ាប៊ីសាអ៊ូឌីត ប៉ាគីស្ថាន និង​តួគី នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ចលនា​នេះ​កើតឡើង​ស្រប​ពេល​ដែល​ប៉ូល​នយោបាយ​ពិភពលោក​ថ្មី​កំពុង​លេច​ត្រដែត​ឡើង​នៅ​តំបន់​មជ្ឈិមបូព៌ា និង​អាស៊ីខាងត្បូង។

សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍​ទស្សនកិច្ច​របស់​ប្រធានសភាអារ៉ាប៊ីសាអូឌីតលោក អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ថ្ងៃ​ទី​១ កក្កដា ២០២៥
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ខែ​កុម្ភៈ​នេះ សកម្មភាព​ការ​ទូតរ​វាង​កម្ពុជា និង​ពិភព​ឥស្លាម​មាន​ភាព​មមាញឹក​គួរ​ឱ្យ​កត់​សម្គាល់ ​ដោយ​មាន​ដំណើរ​ទស្សនកិច្ច​របស់​​ប្រធាន​ព្រឹទ្ធសភា​ប៉ាគីស្ថាន​ លោក​ ស៊ីយ៉េដ យូសាហ្វ រ៉ាហ្ស៉ា ហ្គីឡានី ហើយ​ក្នុង​សប្ដាហ៍​នេះ​ប្រធាន​ក្រុម​ប្រឹក្សា​ធុរកិច្ច​អារ៉ាប៊ីសាអ៊ូឌីត​លោក Walleed Nasser Alshehri កំពុង​ទស្សនកិច្ច​នៅ​កម្ពុជា ខណៈ​ដែល​ឧបនាយករដ្ឋមន្ត្រី​ ស សុខា ក៏​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​តួគី​ផង​ដែរ​។ ​

អ្នក​ភូមិ​សាស្ត្រ​នយោបាយ​លោក​បណ្ឌិត ជ័យ តិច មើល​ឃើញ​ថា​ការ​ដែល​កម្ពុជា​កំពុង​បង្កើន​ទំនាក់ទំនង​ជាមួយ​បណ្ដា​ប្រទេស​ឥស្លាម​នេះ​ ជា​រឿង​ដែល​ស៊ីជម្រៅ​ដែល​លើស​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​ ខណៈ​ដែល​ប៉ូល​ថ្មី​នៃ​អំណាច​ពិភព​លោក​កំពុង​កើត​ឡើង​ចេញ​ពី​ពិភព​ឥស្លាម។

បណ្ឌិត ជ័យ តិច

លោក​ថា៖ «អារ៉ាប​ដែល​មាន​ជាង​៥០​ប្រទេស​នេះ​គឺ​ប៉ូល​ថ្មី​នៃ​ពិភព​លោក​ដែល​មាន​សក្ដានុពល​​។ បច្ចុប្បន្ន​នេះ​ក្រោម​ការ​ផ្ដួច​ផ្ដើម​របស់​អារ៉ាប៊ីសាអ៊ូឌីត​ដែល​មាន​សហប្រតិបត្តិការ​ជាមួយ​ប៉ាគីស្ថាន​បាន​បង្កើត​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​មួយ​ដែល​ហៅ​ថា​ Military Pact គឺ​កិច្ច​ព្រមព្រៀង​វិស័យ​យោធា​ដែល​មាន​ដូច​ណាតូ​អ៊ីចឹង​ គឺ​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​។ បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​២០២៥​កន្លង​ទៅ​នេះ​ដែល​មាន​ប៉ាគីស្ថាន​ដែល​មាន​មហាអំណាច​នុយក្លេអ៊ែរ​ឥស្លាម​តែ​មួយ​គត់​ក្នុង​ពិភព​លោក​ចុះ​ហត្ថលេខា​ជា​មួយ​អារ៉ាប៊ីសាអ៊ូឌីត​លើ​ Military Pact នេះ»

លោក​បណ្ឌិត ជ័យ តិច យល់​ថា​នេះ​ជា​ឱកាស​ល្អ​សម្រាប់​កម្ពុជា​ក្នុង​ការ​បង្កើត​ចំណង​មិត្ត​ភាព​កាន់​តែ​ល្អ​ជាមួយ​បណ្ដា​ប្រទេស​ឥស្លាម​ទាំង​នេះ​។ ដែល​នឹង​អាច​ទាញ​ប្រយោជន៍​ ជំនួយ ព្រម​ទាំង​ពាណិជ្ជកម្ម ទេសចរណ៍ និង​សន្តិសុខ​​ផង​ដែរ។ ​​

លោក​ថា៖ «មជ្ឈិមបូព៌ា​បង្កើត​សម្ព័ន្ធ​យោធា​ថ្មី​នេះ​បងធំ​គឺ​ប៉ាគីស្ថាន​ដែល​មាន​នុយ​ក្លេអ៊ែរ​ហើយ​ប៉ាគីស្ថាន​ ប្រធាន​ព្រឹទ្ធសភា​ប៉ាគីស្ថាន​ក៏​បាន​មក​ធ្វើ​​ទស្សនកិច្ច​នៅ​កម្ពុជា​ថ្មីៗ​នេះ​ដែរ​។ នេះ​ជា​ជំហាន​ដ៏​ត្រឹម​ត្រូវ​នៃ​បរិបទ​ភូមិ​សាស្ត្រ​នយោបាយ​ពិភព​លោក​ដែល​កម្ពុជា​បាន​ដើរ​​»

សម្ដេចតេជោ ហ៊ុន សែន និង​ប្រធានព្រឹទ្ធសភា​ប៉ាគីស្ថានលោក ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី ថ្ងៃទី៤ កុម្ភៈ ២០២៦

ប្រធាន​ព្រឹទ្ធសភា​ប៉ាគីស្ថាន​លោក ស៊ីយ៉េដ យូសាហ្វ រ៉ាហ្ស៉ា ហ្គីឡានី បាន​ធ្វើ​ទស្សនៈ​កិច្ច​នៅ​កម្ពុជា​កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២៦​នេះ​ ដោយ​បាន​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​រដ្ឋ​សភា​ សម្ដេច​សភាធិបតី ឃួន សុដារី និង​នាយករដ្ឋមន្ត្រី សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ដោយ​ក្នុង​នោះ​បាន​ពិភាក្សា​គ្នា​ពី​ការ​រឹត​ចំណង​មិត្ត​ភាព​ បង្កើត​ជើង​ហោះ​ហើរ​ត្រង់​ បង្កើន​កិច្ច​សហការ​សភា ជា​ពិសេស​គឺ​ការ​ស្វាគមន៍​កម្ពុជា​ចូល​ជា​សមាជិក​អង្គការ​សហប្រតិបត្តិការ​ឥស្លាម​ (OIC) ផង​ដែរ។

សម្ដេច​សភាធិបតី ឃួន សុដារី និងប្រធាន​ព្រឹទ្ធសភា​ប៉ាគីស្ថានលោក ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី ថ្ងៃ​ទី​៤ កុម្ភៈ ២០២៦

នាយក​ខុទ្ទកាល័យ​សម្ដេច​ប្រធាន​សភា លោក ​​ កែវ ពិសិដ្ឋ ធ្លាប់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ការ​ចូល​រួម​ជា​សមាជិក​​អង្គការ​ឥស្លាម​នេះ​បាន​បង្ហាញ​ពី​សុខដុមនីយកម្ម​នៃ​សាសនា​នៅ​កម្ពុជា​ និង​គាំទ្រ​ដល់​អ្នក​កាន់​សាសនា​ឥស្លាម​នៅ​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​អន្តរជាតិ និង​បណ្ដាញ​អន្តរជាតិ​ឥស្លាម​កាន់​តែ​ស៊ីជម្រៅ​ផង​ដែរ​មិន​ប៉ះពាល់​ដល់​ពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​ទេ​។

ដោយ​ឡែក​អ្នក​ជំនាញ​ភូមិសាស្ត្រ​នយោបាយ​លោក​បណ្ឌិត យង់ ពៅ មាន​ប្រសាសន៍​គាំទ្រ​ចំពោះ​ការ​បង្កើន​ទំនាក់ទំនង​របស់​កម្ពុជា​ជាមួយ​បណ្ដា​រដ្ឋ​ឥស្លាម​នេះ ដែល​លោក​វាយ​តម្លៃ​ថា​ជា​ពិពិធ​កម្ម​ការទូត​ថ្មី​មួយ​របស់​កម្ពុជា។

លោក​ថា៖​ «កាលណា​យើង​មាន​ថាមពល​ការទូត​ថ្មី​បើក​ល្វែង​ការទូត​បន្ថែម​ទៀត​នៅ​បណ្ដា​ទ្វីប​នៅ​បណ្ដា​ប្រទេស​ផ្សេង​ៗ​ជា​ច្រើន​ ដូច្នេះ​យើង​មាន​មិត្តភ័ក្រ​ច្រើន​យើង​មាន​ដៃ​គូរ​កិច្ចសហប្រតិបត្តិ​ការ​ច្រើន​ពេល​នោះ​ក៏​យើង​នឹង​មាន​ការ​ដោះដូរ​ពាណិជ្ជកម្ម​ទូ​លំទូលាយ ការ​ដោះដូរ​ទស្សនៈ​នយោបាយ​ទូលំទូលាយ និង​ការ​ដោះដូរ​កិច្ច​សហការ​ផ្សេង​ទៀត​ដែល​ធ្វើ​ឱ្យ​យើង​មាន​លំនឹង​កាន់​តែ​រឹង​មាំ​ និង​មាន​ឥទ្ធិពល​នយោបាយ​ការទូត​ក្នុង​ពិភព​លោក​»

បណ្ឌិត យង់ ពៅ

លោក​បណ្ឌិត​បន្ថែម​ថា​បច្ចុប្បន្ន​ពិភព​អំណាច និង​សេដ្ឋកិច្ច​ថ្មី​គឺ​កំពុង​កើត​ឡើង​​នៅ​ពិភព​ឥស្លាម​នេះ​ ហើយ​​ការ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​តំបន់​ឥស្លាម​​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ទាញ​យក​ប្រយោជន៍​កាន់​តែ​ច្រើន​បន្ថែម​ទៀត​សម្រាប់​ខ្លួន​។

លោក​ថា៖ «ថាមពល​ការទូត​ថ្មី​នេះ​នាំ​ឱ្យ​កម្ពុជា​ទទួល​បាន​អំណាច​ទន់​បន្ថែម​ទៀត​​ បើ​ទោះ​ជា​យើង​ប្រៀប​ធៀប​នឹង​ប្រទេស​ផ្សេង​នៅ​មាន​កម្រិត​តែ​យើង​ត្រូវ​តែ​ប្រឹង​ប្រែង​ដើម្បី​ឱ្យ​មាន​ថាមពល​ថ្មី​ហើយ​អំណាច​ទន់​របស់​យើង​កាន់​តែ​កើន​ឡើង​»

សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ទទួល​ស្វាគមន៍ប្រធានព្រឹទ្ធសភា​ប៉ាគីស្ថានលោក ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានីថ្ងៃទី៣ កុម្ភៈ ២០២៦ នៅ​វិមាន​សន្ដិភាព

សរុប​មក​វិញ​ ការ​បង្កើន​ទំនាក់​ទំនង​ជាមួយ​ពិភព​ឥស្លាម​នៅ​ពេល​នេះ មិនមែន​ជា​រឿង​ចៃដន្យ​ឡើយ​ ប៉ុន្តែ​វា​គឺជា​យុទ្ធសាស្ត្រ​ដែល​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​។ វា​ជាការ​បោះជំហាន​របស់​កម្ពុជា​ក្នុង​ការ​ស្វែង​រក​តុល្យភាព​នយោបាយ​ថ្មី​មួយ ដែល​លើស​ពី​ការ​រឹត​ចំណង​មិត្តភាព​ធម្មតា​ ពោល​គឺ​ដើម្បី​ពង្រឹង​សន្តិសុខ​ជាតិ​ និង​ស្វែង​រក​កម្លាំង​រុញ​ច្រាន​សេដ្ឋកិច្ច​ពី​ប៉ូល​អំណាច​ថ្មី​ដែល​ពិភពលោក​កំពុង​ចាប់​អារម្មណ៍៕


អត្ថបទ​ដោយ​ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម