ព័ត៌មានអន្ដរជាតិ
វិបត្តិប្រេងធ្វើឱ្យអាស៊ីអាគ្នេយ៍ប្រុងជើងការខ្ពស់៖បិទកន្លែងធ្វើការ កម្រិតការធ្វើដំណើរ
រដ្ឋាភិបាល និងអាជីវកម្មនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ កំពុងបង្កើនការប្រុងប្រយ័ត្នខ្ពស់ទៅនឹងលទ្ធភាពកង្វះខាតប្រេង ចំពេលចរាចរណ៍កាត់តាមច្រកសមុទ្រហ័រមូហ្ស បន្តបិទ ដោយសារតែសង្រ្គាមរវាងសម្ព័ន្ធមិត្តអ៊ីស្រាអែល-សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលធ្វើឱ្យប្រេងខ្វះការផ្កត់ផ្គង់ ហើយតម្លៃហក់ឡើងខ្ពស់។

ក្នុងអត្ថបទមួយដែលចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (១២ មីនា) បណ្ដាញព័ត៌មាន Al Jazeera បានសរសេររៀបរាប់ពីផលប៉ះពាល់ និងរបៀបដែលរដ្ឋាភិបាលនៃប្រទេសនីមួយៗនៅអាស៊ីអាគ្នេយ៍ប្រុងជើងការខ្ពស់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិប្រេងដែលបង្កឡើងពីជម្លោះមជ្ឈិមបូព៌ា ដែលនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រពីគ្នា។
រដ្ឋាភិបាលនៅហ្វីលីពីនបានកាត់បន្ថយថ្ងៃធ្វើការនៅការិយាល័យសម្រាប់បុគ្គលិករដ្ឋមកត្រឹម ៤ ថ្ងៃ/សប្ដាហ៍ ខណៈវៀតណាម និងថៃ បានជំរុញឱ្យមន្រ្តីរបស់ខ្លួនធ្វើការពីផ្ទះ និងកម្រិតការធ្វើដំណើរដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងសាំង ហើយមីយ៉ាន់ម៉ាឯណោះវិញ ចេញការកំណត់ថ្ងៃបើកបរឆ្លាស់គ្នា ដែលសំដៅលើការកំណត់ការប្រើប្រាស់យានយន្ត ដោយផ្អែកលើ «លេខផ្លាកលេខ» ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងសន្សំសំចៃប្រេងឥន្ធនៈ។
រដ្ឋាភិបាលនានាក៏កំពុងធ្វើអន្តរាគមន៍ដោយផ្ទាល់នៅក្នុងទីផ្សារផងដែរ ដើម្បីធ្វើឱ្យតម្លៃប្រេងឥន្ធនៈមានស្ថេរភាព។
នាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោក អានុទីន ឆានវីរៈគុណ បានប្រកាសពីការកំណត់តម្លៃប្រេងម៉ាស៊ូតជាបណ្តោះអាសន្ន ខណៈវៀតណាមចាប់ផ្តើមប្រើប្រាស់មូលនិធិស្ថិរភាពតម្លៃប្រេងឥន្ធនៈរបស់ខ្លួន។
លោកស្រី Priyanka Kishore នាយិកា និងជាប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Asia Decoded ក្នុងប្រទេសសិង្ហបុរី បានប្រាប់ Al Jazeera ថា វិធានការទាំងនេះបង្ហាញពីអ្វីដែលអាចកើតឡើងក្នុងតំបន់ ប្រសិនបើច្រកសមុទ្របន្តបិទ។ លោកស្រីនិយាយយ៉ាងដូច្នេះថា៖ «ពួកគេព្យាយាមគ្រប់គ្រងស្ថានភាពផ្គត់ផ្គង់ មុនពេលវាក្លាយជាបញ្ហាធ្ងន់ធ្ងរ»។
គួរគូសបញ្ជាក់ថា អាស៊ីអាគ្នេយ៍ពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រេង និងឧស្ម័នដែលនាំចូល ដែលភាគច្រើនឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស។
យោងតាមទិន្នន័យពីរដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក ប្រេងឆៅប្រហែល ៨៤% និងឧស្ម័នធម្មជាតិពង្រាវ (LNG) ៨៣% ដែលឆ្លងកាត់ច្រកសមុទ្រនេះក្នុងឆ្នាំ ២០២៤ ត្រូវបានដឹកជញ្ជូនទៅកាន់អាស៊ី។
អ្នកសេដ្ឋកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីខាងកើត (ERIA) នៅទីក្រុងហ្សាកាតា លោក Alloysius Joko Purwanto បាននិយាយថា ហ្វីលីពីន ថៃ ម៉ាឡេស៊ី និងប្រ៊ុយណេ ស្ថិតក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតចំពោះការរំខានប្រេងឆៅ។
លោកគូសបញ្ជាក់ដោយស្រង់ទិន្នន័យពីគំនិតផ្តួចផ្តើមទិន្នន័យអង្គការរួម (JODI) ថា ប្រទេសទាំង៤ ពឹងផ្អែកខ្លាំងលើការនាំចូល ដែលរួមចំណែកប្រមាណ ៦០-៩៥% នៃការផ្គត់ផ្គង់ប្រេងឆៅរបស់ពួកគេ។ លោកបន្តថា សូម្បីតែឥណ្ឌូណេស៊ីដែលផលិតប្រេង ក៏ពឹងផ្អែកលើការនាំចូលប្រេងជាង ១/៣ នៃប្រេងឆៅរបស់ខ្លួនផងដែរ។

វិបត្តិខ្សែច្រវ៉ាក់ផ្គត់ផ្គង់ បានទាក់ទាញចំណាប់អារម្មណ៍ទៅលើទុនបម្រុងថាមពលដែលមានកំណត់របស់អាស៊ីអាគ្នេយ៍ ដែលអាចផ្គត់ផ្គង់តែរយៈពេលខ្លីប៉ុណ្ណោះ ក្នុងលក្ខខណ្ឌដែលច្រកហ័រមូហ្សបន្តបិទ។
វៀតណាមបានប្រកាសពីផែនការទិញប្រេងឆៅប្រហែល ៤ លានបារ៉ែល ពីប្រទេសក្រៅមជ្ឈិមបូព៌ា ប៉ុន្តែអ្នកជំនាញនិយាយថា បរិមាណនេះអាចប្រើប្រាស់ក្នុងស្រុកត្រឹមតែ ៦ ថ្ងៃប៉ុណ្ណោះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក វៀតណាមមានប្រេងបម្រុងអាចប្រើប្រាស់បាន ២០ ថ្ងៃ ដែលធ្វើឱ្យប្រទេសនេះប្រឈមមុខនឹងកង្វះខាតប្រេង។
ឥណ្ឌូណេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍ មានស្តុកបម្រុងអាចប្រើប្រាស់បានសម្រាប់ ២១-២៣ ថ្ងៃ ខណៈថៃមានប្រហែល ៦០ ថ្ងៃ និងហ្វីលីពីនមានចន្លោះពី ៥០-៦០ ថ្ងៃ។ ក្រៅពីនេះ អ្នកជំនាញបានចង្អុលបង្ហាញថា ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា ខ្វះ ឬមានតិចតួចនៃប្រេងចម្រាញ់ ដែលបង្ខំឱ្យពួកគេត្រូវពឹងផ្អែកលើការនាំចូលពីប្រទេសក្នុងតំបន់រួមមានវៀតណាម ថៃ និងសិង្ហបុរី។
ជាផ្នែកមួយនៃការប្រុងប្រយ័ត្ន ថៃក៏រឹតបណ្ដឹងលើការនាំចេញប្រេង និងផលិតផលប្រេងរបស់ខ្លួនផងដែរ ដើម្បីរក្សាការផ្គត់ផ្គង់ក្នុងស្រុក។ ចិន ដែលជាប្រទេសផ្គត់ផ្គង់ប្រេងសំខាន់មួយទៀតសម្រាប់អាស៊ីអាគ្នេយ៍ បានបញ្ជាឱ្យក្រុមហ៊ុនរដ្ឋផ្អាកការនាំចេញប្រេងឥន្ធនៈ។
អ្នកជំនាញនិយាយថា ប្រសិនបើការរំខាននៅតែបន្ត អាស៊ីអាគ្នេយ៍ទំនងនឹងឃើញតម្លៃប្រេងកាន់តែខ្ពស់ ហើយការរឹតបន្តឹងលើការប្រើប្រាស់ប្រេង និងឧស្ម័ន នឹងមានកាន់តែច្រើន៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


